រដ្ឋមន្ត្រីការបរទេសវៀតណាម ចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើន ហើយពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងថែរក្សាឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើន ហើយពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងថែរក្សាឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន មានប្រសាសន៍កោតសរសើរចំពោះការប្រែប្រួល ក៏ដូចជាការអភិវឌ្ឍន៍ ក្នុងរយៈពេលខ្លីនៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តម បញ្ជាក់ផងដែរថា រយៈពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះកម្ពុជានៅតែបន្តពង្រីកពង្រឹងកិត្តនាម ក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ផងដែរ។ ឯកឧត្តម ថា ពេលនេះអ្វីដែលសំខាន់ កម្ពុជា បានបើកប្រទេសទៅដល់ពិភពលោក ហើយដោយសារការដឹកនាំយុទ្ធសាស្ត្រ និងការគ្រប់គ្រងកូវីត19 បានទទួលជោគជ័យ ។ ឯកឧត្តមក៏បានស្នើថា វៀតណាម និងកម្ពុជា បន្តរឹតបន្តឹងនូវកិច្ចសហប្រតិបត្តិការ និងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ ហើយនឹងបន្តបង្កើននូវទស្សនកិច្ច នៃថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសយើងសព្វថ្ងៃ ជាពិសេសឆ្នាំកន្លងទៅ គឺកំណើនពាណិជ្ជកម្មកើនឡើងយ៉ាងខ្ពស់រហូតទៅដល់ ជិត ១០ពាន់លាន ដូច្នេះហើយឯកឧត្តមស្នើសុំថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនូវការតភ្ជាប់សេដ្ឋកិច្ច ដែលមានសារៈសំខាន់រវាងប្រទេសទាំងពីរ ហើយនឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណា ឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការកើនឡើងថែមទៀត។

ឯកឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន គឺនៅតែជំរុញបន្ថែមទៀត ជាពិសេស ជាការចូលរួមដល់ការអភិវឌ្ឍដោយចីរភាពនៃប្រទេសទាំងពីរ ហើយឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមពិតជាថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញឲ្យបើកឡើងវិញ នូវជើងយន្តហោះពាណិជ្ជកម្មដាយផ្ទាល់រវាងកម្ពុជា និងវៀតណាម ដែលបានដំណើរការទៅថ្មីៗនេះ ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀត ការជំរុញឱ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែនវ៉ាក់សាំង ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែទទួលបានកាន់តែប្រសើរឡើងប្រសើរឡើង ហើយអ្វីដែលសំខាន់នេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះការងារដែលសម្ដេចនាយករដ្ឋមន្ត្រីបានធ្វើ ជាមួយនឹងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ដែលបច្ចុប្បន្នជាប្រធានរដ្ឋនេះ បានជំរុញពាណិជ្ជកម្មទ្វេភាគីដល់កម្រិតខ្ពស់ហួសពីផែនការនេះ គឺថា ជិតបានរហូតដល់ ១០ពាន់លានឯណោះ ដូច្នេះហើយការងារនេះជាការងារជោគជ័យ ដោយសារកម្ពុជា មានមូលដ្ឋាននៃការផលិត រីឯវៀតណាម មានមូលដ្ឋាននៃការកែច្នៃ យើងសហការគ្នារវាងប្រទេសទាំងពីរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា អ្វីដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនវៀតណាម បានទទួលផលប្រយោជន៍ទៅវិញទៅមក ដោយសារយើងមានព្រំដែនមួយ ប្រកបដោយសន្តិភាពកិច្ចសហប្រតិបត្តិការ និងមិត្តភាពនេះ។ ដូច្នេះ ការដែលយើងបន្តថែរក្សាព្រំដែនមួយឱ្យមានសន្តិភាព កិច្ចសហការ និងមិត្តភាពនេះ ដែលជាការងារសម្រាប់ឲ្យប្រជាពលរដ្ឋអាចបន្តធ្វើពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីការបន្តចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងបណ្ដាប្រទេសអាស៊ានផងដែរ ដែលអាចឱ្យប្រទេសកម្ពុជា បានបើកឡើងវិញ ក៏ដូចជានៅក្នុងតំបន់អាស៊ាន អាចបើកឡើងវិញ ដើម្បីជំរុញក្នុងការតភ្ជាប់សេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញផងដែរ ។ សម្ដេច បានលើកឡើងអំពីយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងកន្លងមកនៅក្នុងប្រទេសកម្ពុជាថា កម្ពុជា មានយុទ្ធសាស្ត្រផ្ការីក ក្នុងការជំរុញនៃការចាក់វ៉ាក់សាំងតាមគោលដៅច្បាស់លាស់ ដែលនាំឲ្យមានជោគជ័យនៃការចាក់វ៉ាក់សាំងបានច្រើន ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំង ជាពិសេស ការចាក់វ៉ាក់សាំងដុសជំរុញ ក៏ដូចជាការយកចិត្តទុកដាក់លើផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋផងដែរ ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ដែរថា សម្ដេចពិតជាមិនជឿទេថា យើងអាចឲ្យមាន ហ្សេរ៉ូ កូវីដ-១៩ នេះ តែអ្វីដែលសំខាន់ សម្ដេច ថា យើងត្រូវតែរៀនរស់ជាមួយកូវិតនេះ ហើយចាត់ទុកថា នេះជាជំងឺផ្ដាសាយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាម ដើម្បីជាគំនិតមួយក្នុងការសិក្សា ធ្វើយ៉ាងណា តភ្ជាប់លើវិស័យផ្លូវដែកនេះ ហើយកន្លងមក យើងឃើញមានគំនិតមួយក្នុងក្របខ័ណ្ឌការតភ្ជាប់ផ្លូវដែករវាងសិង្ហបុរីទៅកាន់ប្រទេសចិន ប៉ុន្តែច្រើនឆ្នាំមកហើយ ដែលយើងមិនទាន់មានការរីកចម្រើន ប៉ុន្តែអ្វីដែលសំខាន់នេះ គឺសម្ដេចចង់ឃើញគំនិតផ្ដួចផ្ដើមថ្មី ក្នុងការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាម ដែលអាចជួយសម្រួលដល់ការតភ្ជាប់សេដ្ឋកិច្ចផងដែរនៅពេលខាងមុខ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបផងដែរចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដោយសម្ដេច បានអរគុណចំពោះការអញ្ជើញនេះ តែសម្ដេចបានមានប្រសាសន៍ថា សម្ដេច ក៏អញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ដោយសារសម្ដេច ក៏បានអញ្ជើញទៅទស្សនកិច្ចនៅវៀតណាមញឹកញាប់ហើយដែរ ដូច្នេះ ជាការប្រសើរបើសិនជាឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម មកទស្សនកិច្ចនៅកម្ពុជាវិញនោះ ។

លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកផងដែរពាក់ព័ន្ធនឹងអាស៊ានថា ក្នុងនាមជាប្រធានអាស៊ាន យើងបានខិតខំជម្រុញការងារជាច្រើន ហើយជាពិសេសទៀត សម្ដេចបានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា ក្នុងការខិតខំធ្វើយ៉ាងណា ជំរុញស្ថានភាពមីយ៉ាន់ម៉ា ឲ្យប្រសើរឡើងវិញ។ សម្ដេច ថា បច្ចុប្បន្ន អាស៊ាន មានការងារធ្វើច្រើន ដូច្នេះមិនមែនតែការងារពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាទេ ហើយសម្ដេចតេជោ បានលើកឡើងសារជាថ្មីម្ដងទៀតថា អាស៊ាន មិនមែនជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាទេ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា ។

ចំពោះកិច្ចការពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងជាពិសេស ការជម្រុញ ស៊ីអូស៊ី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន, ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានផ្ដល់មន្ទីរអគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការចរចា និងការប្រជុំ ដើម្បីជម្រុញការងា ស៊ីអូស៊ី ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កន្លងមក សម្ដេច ក៏បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់ នៅភ្នំពេញនេះ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ ដោយសារឆ្នាំនេះជាខួបលើកទី២០ នៃ ឌីអូស៊ី ហើយសំខាន់ យើងខិតខំធ្វើការងារនេះ ឲ្យបានជោគជ័យផងដែរនៅពេលខាងមុខ។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយរាល់ការលើកឡើងរបស់សម្ដេចតេជោ ពិតជាល្អប្រសើរ ហើយសូមគាំទ្រ។ ចំពោះការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម នឹងរាយការណ៍ជូនទៅឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ដោយនឹងស្វែងរកពេលវេលាសមស្រប ដែលអាចអនុញ្ញាតឲ្យឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម មកទស្សនកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ានេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើន និងមានវឌ្ឍនៈភាពផងដែរនៅក្នុងអាស៊ានហើយលទ្ធផលនេះ គឺបានគាំទ្រ ទៅដល់អាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលសម្ដេចតេជោបានខិតខំនេះ គឺរក្សានូវសាមគ្គីភាព និងការឯកភាពរបស់អាស៊ាន ដែលមានសារៈសំខាន់សម្រាប់អាស៊ានទាំងមូល ដូច្នេះហើយ នេះជាអ្វីដែលឯកឧត្តម សូមគាំទ្រ ហើយការរក្សាសាមគ្គីភាព និងឯកភាពដោយឯកច្ឆន្ទ ជាការងារសំខាន់ៗរបស់អាស៊ានផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា មីយ៉ាន់ម៉ា មានតួនាទី និងកាតព្វកិច្ចក្នុងការទទួលខុសត្រូវ ចំពោះអាស៊ានផងដែរ ជាពិសេស ក្នុងការគាំទ្រដល់ប្រធានអាស៊ានសម្រាប់ឆ្នាំនេះ ។ ឯកឧត្តម ក៏បានបញ្ជាក់សារជាថ្មីថា ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ កន្លងទៅនេះ ក្នុងការទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ គឺពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ជាពិសេស ក្នុងការជំរុញ និងថែរក្សាឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម បានគូសបញ្ជាក់ថា វៀតណាម គាំទ្រធ្វើយ៉ាងណាឱ្យកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ ទទួលបានជោគជ័យ ហើយក៏ជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner