សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជាថា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរ ដែលមានជាយូរមកហើយនេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរចំពោះ ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរនៅឆ្នាំនេះ។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានសម្តែងការអបអរសាទរនិងក្តីរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនសម្តេចពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ។ នៅក្នុងនោះឯកឧត្តម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាផងដែរ។

ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។

ឯកឧត្តមក៏បានស្នើសូមសម្តេច ជួយសម្រួលនិងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពស្នើសូមសម្តេច ជំរុញនិងលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរនៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។

ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានASEAN និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។ ជាចុងបញ្ចប់ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner