ក្រសួងមហាផ្ទៃស្នើសុំរាជរដ្ឋាភិបាលដើម្បីឱ្យក្រសួងការបរទេសកម្ពុជា ប្រាប់ទៅកុងស៊ុលកម្ពុជាទាំងអស់កុំឱ្យឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើសុំរាជរដ្ឋាភិបាលដើម្បីឱ្យក្រសួងការបរទេសកម្ពុជាប្រាប់ទៅកុងស៊ុលកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ កុំឱ្យជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជាជារៀងរហូត។ ជននេះបានបន្លំខ្លួនធ្វើជាមេធាវីអន្តរជាតិការពារឱ្យជនជាប់ចោទឈ្មោះ សេង ធារី និងបានចូលមកជ្រៀតជ្រែកយុត្តាធិការកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀល ថ្ងៃទី២០ ខែមករានេះថា ឈ្មោះ GENSER JARED MATTHEW កាន់លិខិតឆ្លងដែនទេសចរចូលមកកម្ពុជា ហើយបានប្រើប្រាស់តួនាទីរបស់ខ្លួនជាមេធាវីអន្តរជាតិ និងបានគំរាមកំហែងលើតុលាការកម្ពុជាថែមទៀតផង។ បន្ទាប់មក សមត្ថកិច្ចកម្ពុជា ក៏បានធ្វើការស្រាវជ្រាវទៅឃើញថា ឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជា ​គឺជាទេសចរធម្មតាទេ ហើយមកចូលជ្រៀតជ្រែកចូលយុត្តាធិការកម្ពុជាថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា “គាត់កាន់លិខិតឆ្លងដែនទេសចរសុំមកកម្ពុជាហើយ ពេលមកគាត់ទៅការពារក្តី ប្រើប្រាស់តួនាទីរបស់ខ្លួនជាមេធាវីអន្តរជាតិ ហើយមិនត្រឹមតែការពារក្តីទេ ចេញមកសំញ៉ែងថា ខ្លួនជាមេធាវីអន្តរជាតិមានសិទ្ធិមានអី…។ បន្ទាប់មកយើងក៏ធ្វើការស្រាវជ្រាវទៅឃើញថា គាត់ចូលមកធ្វើជាទេសចរធម្មតា ហើយមកជ្រៀតជ្រែកចូលយុត្តាធិការរបស់យើងទៀត។ ជាធម្មតាមេធាវីអន្តរជាតិ ប៉ុន្តែវាត្រូវតែមានការអនុញ្ញាតមិនមែន មេធាវីចេះតែបានទាំងអស់ឯណា? វាទាល់តែមានការយល់ព្រមពីតុលាការដែរ។ គាត់ធ្វើខុសពីតួនាទីភារកិច្ចរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមមិនឱ្យមកកម្ពុជា”។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បន្តថា ក្រសួងមហាផ្ទៃបានស្នើសុំរដ្ឋាភិបាលដើម្បីឱ្យក្រសួងការបរទេសកម្ពុជាប្រាប់ទៅកុងស៊ុលកម្ពុជានៅក្រៅប្រទេសទាំងអស់កុំឱ្យឈ្មោះ GENSER JARED MATTHEWចូលមក កម្ពុជាទៀត ដោយដាក់នៅក្នុងបញ្ជីខ្មៅតែម្តង។ ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជាក្នុងគោលដៅ គំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជាឈ្មោះ GENSER JARED MATTHEW ក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត។

សូមជម្រាបថា លោក GENSER JARED MATTHEW បានធ្វើដំណើរចូលមកកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីកម្ពុជានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា បន្ទាប់ពីមកដល់កម្ពុជា លោក GENSER JARED MATTHEW បានតាំងខ្លួនជាមេធាវីអន្តរជាតិដោយចូលរួមឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខ តុលាការដោយបានហៅសវនាការនោះថាជា សវនាការឆាកល្ខោន។ លើសពីនេះ បុគ្គលខាងលើបានព្រមានរាជរដ្ឋាភិបាលថា នឹងមានបញ្ហា បើហ៊ានឱ្យកញ្ញា សេង ធាវី ជាប់ទោសជាដើម។ល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner