ក្រុងចំនួន៣នៃប្រទេសកម្ពុជាស្ថិតក្នុងជ័យលាភីទីក្រុងស្អាតអាស៊ាន (Video Inside)
ទីក្រុងធំចំនួន៣របស់កម្ពុជាបានស្ថិតក្នុងការទទួលពានរង្វាន់ជ័យលាភីនៃទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន ។ គួរបញ្ជាក់ថាក្នុងចំណោមទីក្រុង២១នៃពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ឆ្នាំ ២០២២-២០២៤, ក្រុងព្រះសីហនុ, ក្រុងសៀមរាប និងក្រុងបាត់ដំបងរបស់កម្ពុជា គឺជាក្រុងដែលបានទទួលពាន រង្វាន់ជាជ៏យលាភី។ ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋា គារឆ្នេរសុខា នៃខេត្តព្រះសីហនុ ដែលជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។
ទីក្រុងដទៃទៀត ដែលទទួលបានជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ដែរនោះ រួមមាន៖ ទីក្រុងទូតុង នៃប្រ ទេសប្រុយណេ, ទីក្រុងហ្លួងព្រះបាង, ទីក្រុងប៉ាកសេនិងទីក្រុងវៀងជ័យនៃប្រទេសឡាវ, ទីក្រុង George Town និងកោះលង្កាវី នៃប្រទេសម៉ាឡេស៊ី, ក្រុងម៉ង់ដាឡេ, ក្រុងណៃពិដោរនិងក្រុងមីយីក នៃប្រទេសមីយ៉ាន់ម៉ា, ទីក្រុង ខនខេន, ទីក្រុងប៉ាថាយ៉ានិងកោះម៉ាក នៃប្រទេសថៃ, ក្រុងហាឡុង, ក្រុងដាឡាត់និងវង់តាវ នៃប្រទេសវៀត ណាម។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជានិង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតចាប់តាំងពីឆ្នាំ២០១១ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះ ត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕