លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិង សន្តិសុខគោលនយោបាយនិងជាអនុប្រធាន គណៈកម្មការអឺរ៉ុប
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមចូសេព បូរ៉េល វុនតេលេស(Josep BorrellFONTELLES)តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខគោលនយោបាយនិងជាអនុប្រធានគណៈកម្មការអឺរ៉ុប។
ឯកឧត្តម ចូសេព បូរ៉េល វុនតេលេសបានអបអរសាទរកម្ពុជាដែលបានចូលកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះនិងការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តមតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ ឯកឧត្តម ក៏បានសម្តែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែង រកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នំា២០២២ កន្លងមក ដែលជាការបោះមួយជំហានទៅមុខក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលជាវិជ្ជមាន ជាច្រើន រួមមាន ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេសដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយគ្រប់ភាគី ពាក់ព័ន្ធទាំងអស់សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងសម្រាប់អ្នកដែលត្រូវការជំនួយជាចាំបាច់ និងពិចារណាឡើងវិញលើរឿងក្តីរបស់សាស្រ្តាចារ្យ សន ធូនែល (Sean Turnell) នៅពេលដែលដំណើរការតុលាការបានបញ្ចប់។ សម្រាប់ជំហានបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមតំណាងជាន់ខ្ពស់អំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពី អាស៊ាន Troika និងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេដារូស្សាឡាមដោយផ្តោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា៕