ចំនួនការកក់បន្ទប់ក្នុងអំឡុងពេលកម្សាន្តបុណ្យចូលឆ្នាំចិនកើនឡើងនៅតាមបណ្តាខេត្តគោលដៅ ទេសចរណ៍

មន្រ្តីអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនការកក់បន្ទប់សណ្ឋាគារ រីស៊ត និងផ្ទះសំណាក់ជាដើមនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ មានជាបណ្តើរៗហើយនៅទូទាំងប្រទេស។

មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្រ បានឲ្យដឹងថា ក្រសួងមិនទាន់ទទួលទទួលព័ត៌មានគ្រប់គោលដៅទេសចរណ៍នៅឡើយទេ ប៉ុន្តែគោលដៅទេសចរណ៍មួយចំនួន គឺមានការកក់បន្ទប់ខ្លះៗហើយ។

លោក បានឲ្យដឹងទៀតថា ទាក់ទងនឹងតម្លៃស្នាក់នៅវិញ មិនថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនាពេលកន្លងមក ក៏ដូចជាបុណ្យចូលឆ្នាំចិននេះ ក្រសួងបានធ្វើផ្សព្វផ្សាយដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តចុះណែនាំឱ្យអ្នកប្រកបរបរក្នុងវិស័យទាំងអស់ សុំកុំឱ្យដំឡើងថ្លៃ ទោះបីជាការងើបឡើងវិញនៃចំនួនទេសចរណ៍មានភាពល្អប្រសើរក៏ដោយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យ ក៏បានអំពាវនាវទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងភោជនីយដ្ឋាន ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ សូមកុំភ្លេចខ្លួន ក្នុងការការពារពីវីរុសកូវីដ១៩ ដោយកុំទៅកន្លែងប្រមូលផ្តុំដោយមនុស្សច្រើនកុះករ ឬជាក្រុមៗ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវប្រកាន់ខ្ជាប់អនាម័យបរិស្ថាន ខ្លួនប្រាណឱ្យបានស្អាតជានិច្ចចៀសវាងការចម្លងមេរោគ។សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន ឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈ និងថ្ងៃសែនចិន គឺនៅថ្ងៃទី៣១ខែមករានេះ៕

។។។។

ads banner