អភិបាលស្រុកថ្មគោលនិងក្រុមការងារបាននាំយកថវិកា និង អំណោយ អភិបាលខេត្តបាត់ដំបង និងសប្បុរសជនមួយចំនួន ដើម្បីជួយដល់ក្មេងស្រីកំព្រា រស់នៅជាមួយជីដូនក្រីក្រ ហើយបានបោះបង់ការសិក្សា ឲ្យវិលត្រឡប់ចូលរៀនវិញ (មានវីដេអូ)

       លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលនិងវត្តមានអស់លោក ក្រុមការងាររក្នុងខេត្ត ព្រមទាំងលោកមេឃុំនិងមន្ត្រីអប់រំស្រុក បានពាំនាំនូវអំណោយមនុស្សធម៌និងសប្បុរសធម៌មួយចំនួន ដើម្បីប្រគល់ដល់កុមារីឈ្មោះ ណូ ស្រីធី អាយុ១៤ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបានបោះបង់ការរៀនសូត្រត្រឹមថ្នាក់ទី៦ ដែលរស់នៅជាមួយជីដូន ឈ្មោះ អុ៊ន អ៊ាន អាយុ៧១ឆ្នាំ រស់នៅក្នុងក្រុមទី៥ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្តី្រមេម៉ាយមានជម្ងឺប្រចាំកាយនិងចិញ្ចឹមចៅកំព្រា មានជីវភាពក្រីក្រយ៉ាងកម្សត់តោកយ៉ាក គ្មានស្រែចម្ការនិងមិនមានមុខរបរពិតប្រាកដ គឺបានត្រឹមតែដើរស៊ីឈ្នួលមើលកូនចៅចាំផ្ទះឲ្យគេឬក៏ទៅបេះបន្លែយកប្រាក់កម្រៃបន្តិចបន្តួច ដើម្បីចិញ្ចឹមចៅស្រីដែលកំព្រា ឲ្យបានរៀនសូត្រ រហូតដល់ថ្នាក់ទី៦ ក្នុងសាលាមួយ ដែលស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

        នេះបើតាមការរៀបរាប់របស់លោកយាយជាស្ត្រីម៉េម៉ាយ ដែលបានចិញ្ចឹមបីបាច់ថែទាំមើលចៅកម្សត់ និងដោយសារតែជីវភាពក្រជួបការលំបាកខ្លាំង បានបង្ខំឲ្យចៅស្រី បោះបង់នូវការសិក្សារៀនសូត្រមួយរយៈ ត្រឹមថ្នាក់ទី៦។

       លោក ថន ផន ជាមន្ត្រីនគរបាលខេត្តបាត់ដំបង ដែលត្រៀមចូលនិវត្តន៍ និងជាអ្នកចូលក្នុងការធ្វើសប្បុសទាន ជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាកខ្លាំង បានរៀបរាប់ឲ្យដឹងថា៖ ដោយសារតែហេតុផលឃើញក្មេងស្រីកំព្រារស់នៅជាមួយជីដូន ជួបការលំបាកខ្លាំងក្នុងជីវិតនិងជីវភាពប្រចាំថ្ងៃ និងមានចិត្តចង់ជួយក្មេងម្នាក់នេះ ដើម្បីបានរៀនសូត្រឡើងវិញ ទើបលោកបានថតរូបភាពក្មេងស្រីនិងជីដូនបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងអំពាវនាវស្វះស្វែងរកជំនួយ និងអ្នកមានសប្បុរសចង់ជួយដល់ក្មេងស្រីម្នាក់នេះ ដើម្បីបានចូលសាលារៀនឡើងវិញ។លោកក៏បានបញ្ជាក់ថា៖ក្មេងស្រីម្នាក់នេះ រៀនសូត្រពូកែក្នុងថ្នាក់ និងទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាបន្តបន្ទាប់ផងដែរ។

       ដោយទទួលបានព័ត៌មានខាងលើ និងមើលឃើញពីការលំបាករបស់ក្មួយស្រីកំព្រានិងជីដូនជាស្ត្រីមេម៉ាយក្រីក្រជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនេះ និងតាមរយៈ លោក អ៊ុក សំអាន ជាមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តបាត់ដំបងនិងក្រោយពីមានការកៀរគរស្វែងរកជំនួយសប្បុរសជនដើម្បីជួយដល់ក្មេងស្រីនិងជីដូន ក្នុងនោះឯកឧត្តមសុខលូ អភិបាលខេត្តបាត់ដំបង បានផ្តល់ថវិកា ចំនួន២០០ដុល្លារ និងអង្ករ ចំនួន៥០គក្រ រួមនិងគ្រឿងបរិភោគមួយចំនួន, ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម បានផ្តល់នូវកង់មួយគ្រឿងដើម្បីជាមធ្យោបាយសម្រាប់ទៅសាលារៀន។ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម បានផ្តល់ថវិកា២០ម៉ឺន ដើម្បីទិញសម្ភារៈសិក្សាមួយចំនួន។

លោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្មខេត្ត ថវិកា ១០ម៉ឺនរៀល។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកខេត្ត ផ្តល់ថវិកា២០ម៉ឺនរៀល និងអង្ករ១០០គ.ក្រ។ក្នុងនោះផងដែរ ក្រុមគ្រួសារ កូនក្មួយលោក អ៊ុក សំអាន បានផ្តល់នូវសម្ភារៈសិក្សានិងសម្រាប់ប្រើប្រាស់ដូចជា៖ មី ត្រី ប្រេងឆា មុង ភួយ កន្ទេល សំពត់ខោអាវ សៀវភៅ ប៊ិច កាបូបស្ពាយ ដបទឹក ស្បែកជើង ខោអាវហាត់កីឡា និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

       ក្នុងការនាំយកអំណោយទៅប្រគល់ជូនដល់លោកយាយ និងក្មេងស្រីបោះបង់ការរៀនសូត្រខាងលើ និងតាមរយៈការនាំយកអំណោយរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងសប្បុរសជនមួយចំនួនផងដែរនោះ។និងក្នុងនាមអាជ្ញាធរស្រុកថ្មគោល និងតំណាងគ្រួសារក្រីក្រផ្ទាល់ លោកបានសំដែងនូវការដឹងគុណនិងអរគុណនូវទឹកចិត្តសប្បុរសធម៌មួយនេះ ដើម្បីជួយដល់គ្រួសារ ដែលកំពុងតែជួបការលំបាកខ្លាំងនេះ។

      ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានធ្វើការណែនាំនិងបានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានឃុំនិងមន្រ្តីអប់រំស្រុក បន្តជួយតាមដានការរៀនសូត្រនិងជីវភាពប្រចាំថ្ងៃរបស់ក្មួយស្រីឲ្យបានរៀនសូត្រឡើងវិញនិងលើកទឹកចិត្តបង្កលក្ខណៈក្នុងការជួយទំន្កបំរុងក្មួយស្រីឲ្យបានរៀនសូត្រជាប់លាប់ឡើងវិញ។ក្នុងនោះផងដែរ លោកអភិបាលស្រុក ក៏បានឧបត្ថម្ភនូវថវិកា ចំនួន៤០ម៉ឺនរៀលបន្ថែម និងលោកមេឃុំ ឧបត្ថម្ភអង្ករ និងមី១កេសផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner