បរទេស៖ នៅក្នុងការវាយតម្លៃលើការស៊ើបការណ៍សម្ងាត់ថ្មីមួយ ទីភ្នាក់ងារ CIA បានសន្និដ្ឋានថា អ្នកការទូតអាមេរិកដែលមានរោគសញ្ញាឈឺក្បាល និងចង្អោរដ៏អាថ៌កំបាំងដែលគេហៅថា «រោគសញ្ញា Havana»នោះ មិនមែនជាគោលដៅនៃយុទ្ធនាការសកលដោយមហាអំណាចបរទេសទេ។

ការរកឃើញនេះ បានធ្វើឱ្យអ្នកដែលបានធ្លាក់ខ្លួនឈឺមួយចំនួនខកចិត្ត ហើយអ្នកខ្លះនិយាយថា ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) មិនអាចជាការសន្និដ្ឋានចុងក្រោយអំពីបញ្ហានេះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ដកស្រង់ដោយកាសែត The Times។ យ៉ាងណាមិញញ នាយក CIA លោក William J. Burns បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយកាសែត The New York Times ថា ខណៈយើងឈានដល់ការរកឃើញបណ្តោះអាសន្នដ៏សំខាន់មួយចំនួន យើងមិនទាន់បញ្ចប់ទេ… យើងនឹងបន្តបេសកកម្មដើម្បីស៊ើបអង្កេតឧបទ្ទវហេតុទាំងនេះ និងផ្តល់ការថែទាំសុខភាពលំដាប់ពិភពលោកសម្រាប់អ្នកដែលត្រូវការ។ បណ្តាញទូរទស្សន៍ NBC News កាសែត The New York Times និង Politico បានដកស្រង់សម្តីមន្ត្រីជាច្រើនដែលបានធ្វើបទបង្ហាញសង្ខេបក្នុងការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់ CIA អំពីឧបទ្ទវហេតុដែលបានកើតឡើងជាលើកដំបូងក្នុងចំណោមអ្នកការទូតក្នុងឆ្នាំ២០១៦ ក្នុងរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា ដែលមន្ត្រីអាមេរិក និងកាណាដា បានត្អូញត្អែរថា ឈឺក្បាលខ្លាំង ចង្អោរ និងការប៉ះពាល់ខួរក្បាល បន្ទាប់ពីឮសំឡេងខ្លាំងៗ។

ចាប់តាំងពីពេលនោះមក មន្ត្រីការទូត និងចារកម្មបានរាយការណ៍ឧបទ្ទវហេតុស្រដៀងគ្នានេះនៅក្នុងប្រទេសនានា រួមមាន អូស្ត្រាលី អូទ្រីស ចិន កូឡុំប៊ី អាល្លឺម៉ង់ និងរុស្ស៊ី។ របាយការណ៍បាននិយាយថា CIA មិនបានបដិសេធថា ករណីប្រហែល២០ ដែលមិនទាន់អាចពន្យល់បាន ហើយដែលកំពុងបន្តស៊ើបអង្កេតនោះ មិនជាប់ពាក់ព័ន្ធរដ្ឋបរទេសទេ៕ ប្រភព៖ AFP និងCNBC
