គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយនូវសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្ស

     ប្រធានគណបក្សប្រជាជនខេត្តបាត់ដំបង បាន ជំរុញឲ្យប្រធានបក្សស្រុកត្រូវពង្រឹងកម្លាំងបក្សនៅថ្នាក់មូលដ្ឋានរបស់ខ្លួនឡើងវិញ ខណៈការកសាងកម្លាំងស្នូលរបស់បក្សនៅមូលដ្ឋានឃុំទាំង៥ ដែលមិនទាន់ឆ្លើយតបទៅនិងអ្វីដែលគណបក្សថ្នាក់លើចង់បាននិងដើម្បីណ្តើមនូវប្រៀបឈ្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ខាងមុខនេះ។ ហើយដែលប្រការនេះ ប្រធានគណបក្សស្រុកនីមួយៗត្រូវធ្វើការត្រួតពិនិត្យនិងខិតខំជម្រុញក្នុងការកសាងកម្លាំងបក្សនិងសមាជិកបក្សក្នុងមូលដ្ឋានទាំងនោះឲ្យបានប្រសើរឆ្លើយតបបាននិងផែនការនិងគោលការណ៍របស់គណបក្ស ដែលបានផ្សព្វផ្សាយ នូវសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។

     ការថ្លែងគូសបញ្ជាក់ក្រើនរំលឹករបស់ ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ទៅកាន់សមាជិក សមាជិកា នៃកិច្ចប្រជុំបែបនេះ គឺធ្វើឡើងក្នុងឱកាសបានអញ្ជើញជាអធិបតីដឹកនាំនូវកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២២នេះ។

      ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកសមាជិកាគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត គណបក្សមូលដ្ឋានមន្ទីរ អង្គភាព គណៈកម្មាធិការគណបក្សក្រុងស្រុកទាំង១៤ និងគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ផងដែរ ។

      ក្នុងស្មារតីនៃកិច្ចប្រជុំនេះ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបំពេញបន្ថែមនូវអនុប្រធានគណបក្សប្រជាជនកម្ពុជាចំនួន០២រូបបន្ថែម និងបានបន្តជ្រើសរើស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគតផងដែរ។

       កិច្ចប្រជុំផ្សព្វផ្សាយនេះគឺសំដៅពង្រឹងដល់ថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់នៅមូលដ្ឋានក្នុងការពង្រឹងនូវកម្លាំងសមត្ថភាពសមាជិកបក្សរបស់ខ្លួនឲ្យមានជំនឿជឿជាក់មកលើការដឹកនាំ របស់គណបក្ស និងគោលនយោបាយគណបក្ស ក្នុងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និង ការបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខ។

     កិច្ចប្រជុំនេះក៏បានបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស។ក្នុងស្មារតីដែលបានដាក់ចេញនេះ ក៏ជាការបង្ហាញឲ្យឃើញផងដែរ អំពីផែនការជាក់លាក់ច្បាស់លាស់របស់គណបក្សក្នុងការធានាបាននូវនិរន្តរភាពសង្គមកន្លងមក និងដើម្បីចៀសផុតពីវិបត្តិនៃការដឹកនាំ សម្រាប់ថ្ងៃអនាគតផងដែរ។

       ជាការដាស់តឿនបន្ថែម និងក្រើនរំលឹក ដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននិមួយៗ ត្រូវបន្តនូវជំនឿជឿជាក់គាំទ្រលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារបស់យើង ដោយត្រូវបន្តខិតខំពង្រឹង និងពង្រីកនូវសាមគ្គីនិងការឯកភាពផ្ទៃក្នុងបក្ស និង ចូលរួមឲ្យកាន់តែសកម្មទាំងអស់គ្នាដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហាប្រឈមនានាដើម្បីឆ្លើយតបបានទាន់ពេលវេលា និងដែលពួកគាត់កំពុងជួបប្រទះ និងដើម្បីចូលរួមដោះស្រា

យ។

        ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត និងនៅមូលដ្ឋានគ្រប់ថ្នាក់ត្រូវបន្តក្តាប់ឲ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ខាងមុខឆាប់ៗនេះ។ ហើយការដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺពិតជាផ្តល់នូវសារៈសំខាន់ នៅក្មុងការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះផងដែរ ។

     ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា៖ការបន្តរក្សាស្មារតីផ្ទៃក្នុង ជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្ស និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិកា គ្រប់ៗរូប គឺជា «កត្តាស្មារតីភាព ឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់ និងជាអាទិភាពខ្ពស់របស់សមាជិកគណៈបក្សយើងគ្រប់ៗរូប។ជាមួយគ្នានេះ កត្តាកំណត់ភាពជោគជ័យរបស់បក្ស គឺ៖ការអនុវត្តជាក់ស្តែងនូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាល់ ដើម្បីបម្រីនិងបំពេញតម្រូវការជាក់ស្តែងជូនដល់បងប្អូនប្រជាពលរដ្ឋ»។

     កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏បានផ្តោតនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត សម្រេចបាននាពេលកន្លងមកនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្គាត់ពីការរាតត្បាត និងការឆ្លងរីករាលដាល នៃ ជំងឺកូវីដ-19ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner