វ៉ារ៉្យង់បំលែងរងអូមីក្រុង បង្កជាមន្ទិលដល់វិស័យវេជ្ជសាស្ត្រ
អ្នកវិទ្យាសាស្ត្រ កំពុងតាមដានយ៉ាងដិតដល់លើបំលែងវ៉ារ៉្យង់រង ដែលបានរកឃើញថ្មីៗចេញពីវ៉ារ្យ៉ង់ អូមីក្រុង ដើម្បីកំណត់ពីរបៀបនៃការកកើតនៃវ៉ារ៉្យង់នេះ ហើយចង់ដឹងថាតើការកើតរបស់វា អាចប៉ះពាល់ដល់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលអនាគតឬយ៉ាងណា។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera។
វ៉ារ្យ៉ង់អូមីក្រុង បានក្លាយទៅជាប្រភេទមេរោគលេចធ្លោក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែអាជ្ញាធរសុខាភិបាលអង់គ្លេស បានកំណត់អត្តសញ្ញាណបំលែងវ៉ារ៉្យង់រងដទៃទៀតរាប់រយករណី ដែលមានឈ្មោះថា BA.2 ខណៈដែល ទិន្នន័យអន្តរជាតិបង្ហាញថា វាអាចរីករាលដាលយ៉ាងឆាប់រហ័ស។
ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានកំណត់ករណីច្រើនជាង ៤០០ ករណីនៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែនេះ ហើយបានបង្ហាញពីវ៉ារ្យ៉ង់ចុងក្រោយបំផុត ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៤០ ផ្សេងទៀត ដែលគិតជាករណីភាគច្រើននៃករណីថ្មីៗបំផុតនៅក្នុងប្រទេសមួយចំនួន រួមទាំង ឥណ្ឌា ដាណឺម៉ាក និងស៊ុយអែត។
ភ្នាក់ងារ UKHSA បានបង្ហាញកាលពីថ្ងៃ សុក្រ ថា ខ្លួនបានកំណត់អំបូរ BA.2 ជាវ៉ារ្យ៉ង់នៅក្រោមការស៊ើបអង្កេត (VUI) ដោយសារករណីរបស់វាកំពុងកើនឡើង ទោះបីជានៅក្នុងប្រទេសអង់គ្លេស អំបូរ BA.1 បច្ចុប្បន្នកំពុងតែលេចធ្លោក៏ដោយ។
អាជ្ញាធរ ក៏បានគូសបញ្ជាក់ថា៖ «នៅតែមានភាពមិនច្បាស់លាស់ជុំវិញសារៈសំខាន់នៃការផ្លាស់ប្តូរហ្សែនមេរោគ ដែលតម្រូវឱ្យមានការឃ្លាំមើល ខណៈដែលករណីនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃឧប្បត្តិហេតុអំបូរ BA.2 ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងដាណឺម៉ាក»។
លោក Antoine Flahault អ្នកជំនាញខាងរោគរាតត្បាតជនជាតិបារាំង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «អ្វីដែលធ្វើឱ្យយើងភ្ញាក់ផ្អើលគឺភាពរហ័ស ដែលបំរែបំរួលរងនេះកំពុងចរាចរក្នុងកម្រិតដ៏ធំធេងក្នុងទ្វីបអាស៊ី ហើយបានកាន់កាប់ដល់ប្រទេសដាណឺម៉ាក»។
អ្នកវិទ្យាសាស្ត្រត្រូវតែវាយតម្លៃពីរបៀប ដែលមេរោគបន្តវិវត្ត និងផ្លាស់ប្តូរ។ ការចាប់កំណើតចុងក្រោយបំផុតរបស់វា មិនមានការផ្លាស់ប្តូរជាក់លាក់ណាមួយ ដើម្បីប្រើសម្រាប់ការតាមដាន និងប្រៀបធៀបអំបូរ BA.1 ជាមួយវ៉ារ៉្យង់ដែលតា ដែលជាប្រភេទដែលលេចធ្លោពីមុននោះទេ។
អំបូរ BA.2 មិនទាន់ត្រូវបានកំណត់ថាជាការប្រែប្រួលនៃការព្រួយបារម្ភនៅឡើយទេ ប៉ុន្តែលោក Flahault និយាយថា ប្រទេសនានា ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះការវិវឌ្ឍន៍ចុងក្រោយបំផុត ខណៈដែលអ្នកវិទ្យាសាស្ត្របង្កើនការឃ្លាំមើល។
លោកបានឱ្យដឹងថា៖ «ប្រទេសបារាំង រំពឹងថានឹងមានការកើនឡើងនៃការចម្លងរោគនៅពាក់កណ្តាលខែមករា។ វាមិនបានកើតឡើងទេ ហើយប្រហែលជា ដោយសារតែបំរែបំរួលរងនេះ ដែលហាក់ដូចជាអាចឆ្លងបាន ប៉ុន្តែមិនមានមេរោគខ្លាំងជាងអំបូរ BA.1 នេះទេ»។
ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃ សុក្រ ថា ៖ «អ្វី ដែលយើងចាប់អារម្មណ៍គឺ ប្រសិនបើ [បំរែបំរួលរង] មានលក្ខណៈខុសៗគ្នាពីអំបូរ BA.1 ទាក់ទងនឹងការឆ្លងនិងភាពធ្ងន់ធ្ងរ»។
មកទល់នឹងពេលនេះ ករណី BA.2 មួយក្តាប់តូច បានលេចឡើងនៅក្នុងប្រទេសបារាំង ប៉ុន្តែប្រទេសនេះ កំពុងតាមដានការវិវត្តន៍នៅពេល ដែលពួកគេបានរីករាលដាលពាសពេញតំបន់។
លោក Flahault នាយកវិទ្យាស្ថានសុខភាពសកលនៃសាកលវិទ្យាល័យហ្សឺណែវ និយាយថា ពាក្យឃ្លាំមើលមិនភ័យស្លន់ស្លោទេ ប៉ុន្តែយើងត្រូវមានភាបប្រុងប្រយ័ត្ន ព្រោះថា សម្រាប់ពេលនេះ យើងកំពុងឃ្លាំមើលករណី BA.2 ធ្ងន់ធ្ងរ ដើម្បីធ្វើការប្រៀបធៀបទៅនឹងករណីអូមីក្រុងដើម។ យ៉ាងណាមិញ យើងនូវមានមន្ទិលច្រើនទាក់ទិននឹងវ៉ារ៉្យង់រងទាំងនេះ។
លោក Tom Peacock អ្នកជំនាញខាងមេរោគនៅមហាវិទ្យាល័យ Imperial College ទីក្រុងឡុងដ៍ បានសរសេរថា៖ «ការសង្កេតដំបូងបំផុតពីប្រទេសឥណ្ឌា និងដាណឺម៉ាក បង្ហាញថា មិនមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងភាពធ្ងន់ធ្ងររបស់វាទេ បើប្រៀបធៀបទៅនឹងអំបូរ BA.1»។
លោកPeacock បានបន្តថា៖ «ទំនងជាមានភាពខុសប្លែកគ្នាតិចតួចក្នុងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹង BA.1 និង BA.2។ ខ្ញុំមិនប្រាកដថា អំបូរ BA.2 នឹងមានឥទ្ធិពលខ្លាំងលើរលកអូមីក្រុង បច្ចុប្បន្ននៃជំងឺរាតត្បាតនេះទេ»។

ប្រភព៖ Aljazeera