អាល្លឺម៉ង់ខ្វែងគំនិតជាមួយសម្ព័ន្ធមិត្តណាតូ ខណៈពួកគេបដិសេធមិនផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន

ប្រទេស​អាល្លឺម៉ង់​បាន​ច្រានចោល​ការ​អំពាវនាវ​ឱ្យ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ នៅ​ក្នុង​សប្ដាហ៍​មួយ​ដែល​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​ធ្វើ​ការ​បញ្ជាក់​ម្ដង​ទៀត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ជួយ​យោធា​អ៊ុយក្រែន​ដើម្បី​ប្រឈម​នឹង​ភាព​តាន​តឹង​កើន​ឡើង​ជុំវិញ​ការ​បង្កើន​កង​ទ័ព​រុស្សី​នៅ​តាម​ព្រំដែន​របស់​ខ្លួន​។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី​គ្រីស្ទីន លាមប៊្រីក​បាន​ប្រាប់​កាសែត Welt am Sonntag ថា​មាន «ការ​មូលមតិ​នៅ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ» ដែល​ថា​ការ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន «បច្ចុប្បន្ន​មិន​ជួយ​ដោះស្រាយ​បញ្ហា​ទេ»​។

កាល​ពី​សប្ដាហ៍​មុន​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​ប៊ែរឡាំង​លោក​អង់ឌ្រី ម៉ែលនីក​បាន​និយាយ​ថា​ប្រទេស​លោក​ត្រូវ​ការ​នាវា​ចម្បាំង​ដើម្បី​ការពារ​ឆ្នេរ​សមុទ្រ​ខ្មៅ​ និង​សមុទ្រ​អាហ្សូវ​ពី​ការ​វាយ​ប្រហារ​របស់​រុស្សី​ ហើយ​លើ​ឡើង​ថា​នាវា​របស់​អាល្លឺម៉ង់​គឺ​«ស្ថិត​ក្នុង​ចំណោម​នាវា​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក»​។

ខណៈ​ពេល​ដែល​លោកស្រី​លាមប៊្រីក​លើកឡើង​ថា​ប្រទេស​លោក​ស្រី​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ លោកស្រី​បាន​និយាយ​ក្រុង​ប៊ែរឡាំង​នឹង​បដិសេធ​ផ្ដល់​ជំនួយ​អាវុធ​ទេ ហើយ​បាន​កត់​សម្គាល់​ថា​ប្រទេស​របស់​លោកស្រី​នឹង​ផ្ដល់​ជំនួយ​ដទៃ​ទៀត​ដូចជា​ការ​សាងសង់​មន្ទីរពេទ្យ​នៅ​សមរភូមិ​ និង​ការ​ជួយ​ព្យាបាល​របួស​ទាហាន​អ៊ុយក្រែន​ជា​ដើម​។ លោកស្រី​និយាយ​ថា​៖ «យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង»​។

ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បង្ហាញ​ភាព​ខឹង​សម្បារ​ចំពោះ​ការ​ប្រកាស​របស់​លោក​ស្រី​លាមប៊្រីក​ ហើយ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ដើម្បី​មក​ពិភាក្សា​បញ្ហា​នេះ​។

«មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​លើ​ការ​មិន​ផ្តល់​អាវុធ​ការពារ​ដល់​អ៊ុយក្រែន​» រដ្ឋាភិបាល​អ៊ុយក្រែន​បាន​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «សព្វ​ថ្ងៃ​នេះ ភាព​រឹង​មាំ និង​សាមគ្គីភាព​របស់​អ៊ុយក្រែន និង​ដៃគូ មាន​សារៈសំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់ ដើម្បី​ទប់​ស្កាត់​ចេតនា​បំផ្លិច​បំផ្លាញ​របស់​រុស្ស៊ី​»​។

អធិការបតី​អាល្លឺម៉ង់​លោក​អូឡាហ្វ សូល​ និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោកស្រី​អាណាលេណា ប៊ែរប៊ូក​ក៏​បាន​ច្រាន​ចោល​សំណើ​របស់​អ៊ុយក្រែន​ផង​ដែរ​។ រីឯ​សមាជិក​ណាតូ​ផ្សេង​ទៀត​ដូចជា​អាមេរិក អង់គ្លេស ឡាតវី លីទុយអានី និង​អេស្តូនី​បាន​ធ្វើ​ការ​ប្ដេជ្ញា​ជួយ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​៕

ប្រភព៖ News Week

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner