សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាអំណោយរបស់ប្រទេសប៉ូឡូញ នៅយប់ស្អែកនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង១៨ និង ៣០នាទី ។

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុង បន្តយ៉ាង យក ចិត្តទុកដាក់ និងដំណើរការបានយ៉ាងល្អ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ហើយ ការ ចាក់វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាពតាមរយៈការមិនមានករណីមរណភាពថ្មីរយៈពេល៣សប្តាហ៍មកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

សម្រាប់ដំណើរការនៃការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រជា ពលរដ្ឋចំនួន ១០ ១៩០ ៦២៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៨ ៨៨៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៦ ៧២៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៧ ៤៦៣ នាក់ ដែលស្មើនឹង ៩៩.៤២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ជាមួយគ្នាដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៧ ១៣៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៦ ៩៩០ នាក់ ដែលស្មើនឹង ១០៥.៧៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៩ ៦៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤២ ០៤២ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.០៥%។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៩% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner