នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ

អត្ថបទដោយ៖
AMS OneMinute

🇹🇭 🇸🇦

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរល្អក់កករជាមួយគ្នាអស់ជាង ៣០ឆ្នាំមកហើយ។

ថៃ និងអារ៉ាប៊ីសាអ៊ូឌីតបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៧មក ភាគច្រើនតាមរយៈសកម្មភាពពាណិជ្ជកម្ម ការនាំចេញកម្លាំងពលកម្មពីថៃ និងសាសនា។

យ៉ាងណាមិញ កាលពីឆ្នាំ១៩៨៩ មានអ្នកថែសួនជនជាតិថៃម្នាក់ ដែលបម្រើការនៅវាំងអារ៉ាប៊ីសាអ៊ូឌីត បានលួចគ្រឿងពេជ្ររបស់ព្រះអង្គម្ចាស់ប្រទេសនេះ ដែលមានតម្លៃសរុប ២០លានដុល្លារ។ បុរសរូបនេះបានធ្វើដំណើរទៅថៃជាមួយនឹងគ្រឿងពេជ្រទាំងនោះ។

ប៉ូលិសថៃបានចាប់ខ្លួនបុរសនេះ ហើយបានដកហូតដល់គ្រឿងអលង្ការបានមួយចំនួនមកវិញ ហើយឡើងយន្តហោះប្រគល់ឱ្យខាងអារ៉ាប៊ីសាអ៊ូឌីតវិញ។ យ៉ាងណាមិញ ខាងអារ៉ាប់រកឃើញថា ត្បូងដែលជញ្ជូនមកវិញ មិនត្រឹមតែមិនគ្រប់ចំនួនទេ ថែមទាំងជាត្បូងក្លែងក្លាយទៀតផង។

ដោយសារតែមិនអស់ចិត្តនឹងខាងថៃ នៅឆ្នាំ១៩៩០ អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនអ្នកធុរកិច្ចរបស់ខ្លួនមួយរូបមកស៊ើបអង្កេតដោយខ្លួនឯង តែក្រោយមកអ្នកធុរកិច្ចត្រូវបានបាត់ខ្លួន ហើយក្រោយមករកឃើញថា អ្នកការទូតអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣រូប ត្រូវបានសម្លាប់នៅកន្លែងខុសៗគ្នា ក្នុងយប់តែមួយ។

ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានទម្លាក់កម្រិតការទូតជាមួយថៃ ហើយទិដ្ឋាការសម្រាប់ពលករថៃក៏បានកាត់បន្ថយ។ រីឯរដ្ឋាភិបាលថៃក៏ព្យាយាមទទូចក្នុងការធ្វើប្រក្រតីភាពប្រទេសទាំងពីរជាច្រើនលើកផងដែរ៕

ប្រភព៖ Aljazeera

ads banner