សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ដែលជាអំណោយរបស់ប្រទេសប៉ូឡូញ នៅល្ងាចនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលប៉ូឡូញ ផ្តល់ជូនរាជដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងនេះ នឹងត្រូវដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

សូមរំលឹកថា ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា កន្លងទៅរួមមាន៖ ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។ វត្តមានវ៉ាក់សាំងដ៏ច្រើននៅកម្ពុជា បានមកពីការបញ្ជាទិញផង និងជំនួយផង ដែលបានធ្វើឱ្យកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សមុនផែនការកំណត់។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឧបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ”។

ជាមួយគ្នានេះ ការសម្រេចបាន នូវវឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ គឺដោយសាររាជរដ្ឋាភិបាលបានដាក់ចេញ និងបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវដ-១៩ ដែលជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ ដែលគិតមកទល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ បានប្រមាណជិត ៩០% ធៀបនឹងគោលដៅប្រមាណ ១៦លាននាក់ ក្នុងនោះ មានប្រជាជនប្រមាណ ៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner