ក្រសួងបរិស្ថាន និងដៃគូរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅខេត្តកំពង់ស្ពឺ និងកោះកុងរយៈពេល ៤ថ្ងៃ

ខេត្តកំពង់ស្ពឺ៖ ក្រសួងបរិស្ថានរួមជាមួយដៃគូបានបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផលនិងសេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តកោះកុងរយៈពេល៤ថ្ងៃពោលគឺចាប់ថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ ២០២២។ គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះមានកិច្ចសហការរវាងក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ធនគាពិភពលោក វិស័យឯកជន សារព័ត៌មាននិងអង្គការក្រៅរដ្ឋាភិបាល។

ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះមានមនុស្សប្រមាណ ៥៥ នាក់ចូលរួមក្នុងដំណើរជាមួយគ្នា រួមមានប្រតិបត្តិករទេសចរណ៍ឈានមុខ ២៥នាក់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក១០នាក់ បុគ្គលិកមកពីក្រសួងបរិស្ថាន និងក្រសួងផ្សេងទៀត១៥នាក់ និង មន្ត្រីមកពីធនាគារពិភពលោក០៥នាក់។
សម្រាប់គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចនេះដែរគឺ ទី១ផ្សព្វផ្សាយអំពីសកម្មភាពរបស់គម្រោង”និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ទី២ ស្វែងយល់ពីគុណភាពសេវាកម្មទេសចរណ៍ធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនសហគមន៍តំបន់ទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថាក្រសួងបរិស្ថានកំពុងខិតខំលើកកម្ពស់រដ្ឋាភិបាលបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយចីរភាពនៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត ការទទួលខុសត្រូវ និងគណនេយ្យភាព, ក្នុងក្របខណ្ឌកែលំអស្ថាប័ន, និងកិច្ចសហការសម្របសម្រួល រវាងភាគីពាក់ព័ន្ធផ្សេងៗ។ ដោយយល់ពីភាពចាំបាច់នេះគម្រោង”និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នឹងត្រូវការពេលអនុវត្តចំនួន០៦(ពីឆ្នាំ២០១៩ដល់២០២៥)ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជានិងក្រោមក្របខ័ណ្ឌនៃប្រាក់កម្ចីឥណទានពីធានាគារពិភពលោក។

គោលបំណងនៃការអភិវឌ្ឍគម្រោងគឺដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងតំបន់ការពារ លើកតម្លៃឱកាសអេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅ ក្នុងតំបន់ទេសភាពភ្នំក្រវ៉ាញ និងទន្លេសាប។ គម្រោងនេះគ្រប់គ្រងដោយក្រសួងបរិស្ថាន និងសហការអនុវត្ត ដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងការលើកទឹកចិត្តដើម្បីជួយដល់រាជរដ្ឋាភិបាល កម្ពុជា សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងទេសភាពនិងអេកូទេសចរណ៍ប្រកបដោយ និរន្តរភាពរបស់ប្រទេសកម្ពុជានឹងយកអេកូទេសចរណ៍ជាកត្តាជំរុញដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចរបស់សហគមន៍ជនបទ និងពង្រឹងការគ្រប់គ្រងភាពសម្បូរបែបនៃធម្មជាតិធម្មជាតិនៃជួរភ្នំក្រវាញ និងបឹងទន្លេសាប រួមទាំងជម្រកសត្វព្រៃ, ឧទ្យានជាតិក្រវាញខាងត្បូង, កណ្តាល, ជម្រកសត្វព្រៃឱរ៉ាល់, ភ្នំសំកុស និងច្រករបៀងអភិរក្សជីវចម្រុះក្រវាញ។ តំបន់ភ្នំក្រវាញ និងទន្លេសាប មានទំហំជាង ៣.៨ លានហិកតាហើយក៏ជាកន្លែងដែលមានជលផលទឹកសាបច្រើនបំផុតមួយនៅលើពិភពលោក និងមានព្រៃ ការពារធំជាងគេនៅឥណ្ឌូចិនផងដែរ។

គម្រោងនេះក៏នឹងពង្រឹងខ្សែសង្វាក់តម្លៃនៃអនុផលព្រៃឈើ (NTFP) ដើម្បីបន្ថែមនូវប្រាក់ចំណូលនៅតាមទីជនបទ។ ការធ្វើឱ្យប្រសើរឡើងនូវសក្តានុពលអេកូទេសចរណ៍ និងអនុផលព្រៃឈើរបស់ប្រទេសកម្ពុជានៅក្នុងតំបន់ភ្នំក្រវាញ់ និងទន្លេសាប គឺស្ថិតនៅក្នុងការដោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធដែលមានកម្រិត និងការតភ្ជាប់ក្នុងតំបន់។ ការវិនិយោគជាក់លាក់ក្នុងការកែលម្អការតភ្ជាប់ និងការកសាងជំនាញសហគ្រិនអំពីអនុផលព្រៃឈើ និងអេកូទេសចរណ៍នឹងត្រូវបានគេយកមកអនុវត្ត។ គោលដៅវិនិយោគបន្ថែមនឹងត្រូវបានធ្វើឡើងតាមរយៈការពង្រឹងប្រព័ន្ធការពារតំបន់អភិរក្ស (PA) នៃតំបន់ ទេសភាពភ្នំក្រវាញ និងទន្លេសាប ដែលជាផ្នែកដ៏សំខាន់នៃធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារ៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner