អ្នកការទូតអាមេរិកមួយចំនួនចង់ចាកចេញពីប្រទេសចិន ដោយសារតែបម្រាមកូវីដ-១៩តឹងរឹងពេក

ស្ថានទូត​អាមេរិក​ប្រចាំ​​នៅ​ទីក្រុង​ប៉េកាំង​បាន​ស្នើ​សុំ​ក្រសួង​ការបរទេស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ការទូត និង​គ្រួសារ​របស់​ពួក​គេ​ត្រលប់​ទៅ​ស្រុក​វិញ​ជា​ផ្លូវការ ដោយសារ​តែ​ចិន​ដាក់​បម្រាម​កូវីដ-១៩​តឹងតែង​ពេក​ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​នឹង​ឈាន​មក​ដល់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ។

បម្រាម​ទាំង​នោះ​រួម​មាន​ការ​បង្ខំ​ឱ្យ​ចូល​ព្យាបាល​ទៅ​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ ក៏​ដូច​ជា​ការ​ពង្រាត់​ចេញ​ពី​កូន​ៗ​របស់​អ្នក​ការទូត​នោះ​ នៅ​ពេល​ព្យាបាល​ជំងឺ។

ប្រភព​ខាង​លើ​បាន​ដក​ស្រង់​ពី​ប្រភព​អនាមិក​មួយ​ថា ស្ថានទូត​បាន​ធ្វើ​ប្រជាមតិ​ផ្ទៃ​ក្នុង​មួយ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា ប្រមាណ ២៥% នៃ​បុគ្គលិក​ និង​សមាជិក​គ្រួសារ​ស្ថានទូត​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ​ឱ្យ​កាន់​តែ​ឆាប់។ បន្ថែម​ពី​នេះ​ទៅ​ទៀត ការ​អនុវត្ត​តាម​វិន័យ​របស់​ចិន​គួរ​តែ​ជា​ការ​ស្ម័គ្រ​ចិត្ត ហើយ​ជំរុញ​ឱ្យ​អាមេរិក​ដាក់​វិធានការ​ឆ្លើយតប​ទៅ​កាន់​អ្នក​ការទូត​ចិន​នៅ​អាមេរិក​វិញ។

លើសពីនេះទៅទៀត ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អាមេរិក​ប្រហែល​ជា​មិនមាន​ទឹកចិត្ត ឬ មិន​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​មន្ត្រី​អាមេរិក​ពី​វិធានការ​តឹងរ៉ឹង​របស់​ចិន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រាប់​រ៉យទ័រ​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​វិធានការ​ណា​មួយ​សម្រាប់​អ្នក​ការទូត​អាមេរិក​ធ្វើ​ការ​នៅ​ស្ថានទូត​ ឬ ស្ថាន​កុងស៊ុលណាមួយ​នៅឡើយ​ទេ។

ចំណែក​ឯ​ក្រសួង​ការបរទេស​ចិន​ក៏​មិន​ទាន់​មាន​ការ​ឆ្លើយតប​ភ្លាមៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner