ក្រសួងការបរទេស​ប​ង្ហា​ញ​លទ្ធផល​នៃ​ជំនួប​សន្ទនា​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​​ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង

ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល ជាការ​បន្ត​តាមដាន​ការងារ​ក្រោយ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ​២០២២​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ពិភាក្សាយ៉ាង​ទូលំទូលាយ​អំពី​ការវិវត្ត​នានា​នៅក្នុង​អាស៊ាន ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ទីក្រុង​ណៃ​ពី​ដោ នាពេល​ថ្មីៗ​នេះ និង​អំពី​មធ្យោបាយ​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ច ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន (5PC) ដោយ​ផ្អែកលើ​ធម្មនុញ្ញ​អាស៊ាន​។ ថ្នាក់ដឹកនាំ ទាំង​ពីរបាន​ចែករំលែក​ទស្សនៈ​លើ​តម្រូវការ​ចាំបាច់​ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ ប្រសើរឡើង​នូវ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង សម្រាប់​ការអះអាង​ជាថ្មី​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ឯកឧត្តម ចំពោះ ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ថា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​មានការ​បារម្ភ​យ៉ាងខ្លាំង ជុំវិញ​អំពើហិង្សា​ដែល​បន្ត​កើតមាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​បានលើកឡើង​នូវ​សំណើ​៤​ចំណុច ទៅកាន់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ដូចខាងក្រោម​៖
១. កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ដែល​បាន​ឯកភាព​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ អាស៊ាន កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០២១ តំណាងឱ្យ​ដំណោះស្រាយ​រួម​របស់ អាស៊ាន ក្នុងការ​នាំមក​នូ​វប្រ​ក្រ​តី​ភាព​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ដូច្នេះ កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​ជា​បន្ត​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​នេះ គួរតែ​នៅ​ជា​អាទិភាព​។​
២. ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មី​យ៉ាន់​ម៉ា​ជួយ​សម្របសម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​លើកដំបូង ទៅកាន់​មី​យ៉ាន់​ម៉ា​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ឱ្យបាន​ឆាប់​តាម​អាច​ធ្វើបាន​។​
៣. គ្រប់ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ គួរតែ​អនុវត្ត​ការអត់ធ្មត់ ឱ្យបាន​ខ្ពស់បំផុត បញ្ឈប់​អំពើហិង្សា និង​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យបាន​នូវ​បទ​ឈប់​បាញ់ មួយ សំដៅ​បង្កើតឱ្យមាន​ដំណើរការ​នៃ​កិច្ចសន្ទនា​មួយ សម្រាប់​ដំណោះស្រាយ​ប្រកប ដោយ​សន្តិវិធី​។​
៤. ស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាស៊ាន ដើម្បី​នាំយក​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងអស់​ដែល កំពុង​ត្រូវការ​ជំនួយ​ចាំបាច់​បំផុត​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​អះអាង​ជាថ្មី​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ថា មី​យ៉ាន់​ម៉ា​ប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយ​កម្ពុជា ជា​ប្រធាន​អាស៊ាន ដើម្បី​ធានាបាន​នូវ​ឆ្នាំ​ប្រកបដោយ ជោគជ័យ​មួយ​។ សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ឯកភាព​បន្ត​ការពិភាក្សា​ដោយស្មោះ​ត្រង់​លើ​បញ្ហា​នានា​ដែលជា​ប្រយោជន៍​ទៅវិញទៅមក​៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner