សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានអំពាវនាវ ៤ចំណុចទៅឯកឧត្តម មីន អោងឡាំង ដើម្បីជាគន្លឹះដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅក្នុងជំនួបសន្ទនាការងារជាមួយឯកឧត្តម មីន អោងឡាំង តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងគោលដៅចង់ដឹងបន្ថែមអំពីការវិវឌ្ឍន៍នៃការងារ ដែលមេដឹកនាំទាំង២ បានពិភាក្សា និងព្រមព្រៀងគ្នាក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានាំចក្រកម្ពុជា បានអំពាវនាវ ៤ចំណុចទៅឯកឧត្តម មីន អោងឡាំង ដើម្បីជាគន្លឹះដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។

ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការពិភាក្សានៅក្នុងជំនួបនេះ ភាគីទាំង២ មានការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ហើយអ្វីដែលសំខាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់អំពីការអំពាវនាវទៅឯកឧត្តម មីន អោងឡាំង ៤ចំណុច ក្នុងនោះរួមមាន៖

ទី១- សម្ដេចតេជោ អំពាវនាវឲ្យឯកឧត្តម មីន អោងឡាំង ខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។

ទី២-សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកឧត្តម មីន អោងឡាំង បង្កលក្ខណៈធ្វើយ៉ាងណា អាចឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូង នៅពេលខាងមុខនេះ។

ទី៣-សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវសុំឲ្យភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើម៉េច ឲ្យមានបទឈប់បាញ់នៅពេលខាងមុខនេះ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានសម្ដែងនូវការបារម្ភចំពោះអំពើហិង្សាក្រោយពីការទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ មកនេះ ហើយសម្ដេចតេជោ ក៏បានស្នើសុំធ្វើយ៉ាងណា ឱ្យភាគីទាំងអស់បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណា ឱ្យឈានទៅដល់មានបទឈប់បាញ់នេះ។

ទី៤ ការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺអញ្ជើញឯកឧត្តម មីន អោងឡាំង ចូលរួម ជាមួយបណ្ដាប្រទេសអាស៊ាន និងភាគីផ្សេងទៀត ក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់បំផុត ដូចអ្វីដែលសម្ដេចតេជោ បានលើកជាមួយឯកឧត្តម មីន អោងឡាំង កន្លងមកនេះ ក្នុងជំនួបនៅថ្ងៃទី ៧ និងទី៨ នៅរដ្ឋធានីណៃពីដោ ។ អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នេះ គឺសម្តេចតេជោ ស្នើសុំអំពាវនាវ ធ្វើយ៉ាងណា ឯកឧត្តម មីន អោងឡាំង យកចិត្តទុកដាក់ទៅលើចំណុចនេះ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner