អធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែមករា និងដាក់ទិសដៅពង្រឹងការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖
អធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែមករា និងការដាក់ចេញលើកទិសដៅការងារប្រចាំខែកម្ភៈ ដោយដាក់ចេញនូវការអនុវត្តវិធានការពង្រឹងលើការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាពខណៈដែលរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឱ្យដឹងថា រយៈពេល០១ខែកន្លងមកនេះខណ្ឌ៧មករា បានកើតឡើងនូវបទល្មើសព្រហ្មទណ្ឌចំនួន០៣ករណី បើប្រៀបធៀប០១ខែមុនគឺខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌកើតឡើង០១លើក នាំឱ្យបទល្មើសព្រហ្មទណ្ឌកើន០២ករណី។ប៉ុន្តែបទល្មើសព្រហ្មទណ្ឌកើតឡើង០៣ករណីក្នុងខែមករា គឺកម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវបង្រ្កាបបានជនសង្ស័យដែលប្រព្រឹត្តបទល្មើសទាំង០៣ករណីដោយបានឃាត់ខ្លួនចំនួន០៥នាក់ យកទៅចាត់ការតាមផ្លូវច្បាប់។កិច្ចប្រជុំ ប្រព្រឹត្តទៅក្រោមវត្តមានលោកស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌ៧មករា គឺលោកឧត្តម សេនីយ៍ទោ លី ពុធដារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យជំនាញចំណុះផែនការងារសេនាធិការ លោកអធិការ អធិការរង លោកនាយផ្នែកជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ សង្កាត់ក្នុងខណ្ឌមករា។
លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ានិងលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងស្នងការរង ក៏បានលើកឡើងផ្សព្វផ្សាយសេចក្តីណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ស្តីពីការកំណត់របបប្រជុំ តាមផែនការងារ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ លើការគ្រប់គ្រងកម្លាំង និងការតាមដានការងារជំនាញ ជូនលោកអធិការ អធិការរង លោកនាយផ្នែកជំនាញ លោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង០៨សង្កាត់ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ដើម្បីសំដៅលើការងារគ្រប់គ្រងដឹកនាំធានាបាននូវប្រសិទ្ធភាព គុណភាព ឆ្លើយតបទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។
លោកឧត្តមសេនីយ៍ស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានលើកឡើងណែនាំដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាក្នុងកិច្ចការងារអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព លើការងារបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសព្រហ្មទណ្ឌ
ត្រូវសហការផ្តល់ព័ត៌មានគ្នាឱ្យបានល្អបើក្នុងករណីបទល្មើសព្រហ្មទណ្ឌកើតឡើងក្នុងមូលដ្ឋានណាមួយនោះ ត្រូវនាំគ្នាស្រាវជ្រាវកំណត់ឱ្យបានមុខសញ្ញានិងចារឹកនៃបទល្មើសដើម្បីយកមកវិភាគឈានទៅបង្រ្កាបឱ្យទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងដោយបានរំលឹកឡើងវិញជំរុញដល់កម្លាំងនគរបាលខណ្ឌមករា ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសលើការងារទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងន័យនេះបើមានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងអ្វីមួយត្រូវទទួលបណ្តឹងពីប្រជាពលរដ្ឋ ហើយចេញដោះស្រាយជាបន្ទាន់មិនត្រូវព្រងើយកន្តើយនោះទេ។ក្នុងនោះក៏ពង្រឹងលើការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទាំងនៅអធិការដ្ឋានខណ្ឌនិងនៅតាមបណ្តាប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង០៨សង្កាត់ដើម្បីត្រៀមដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ដែលកើតឡើងជាយថាហេតុណាមួយ។ក្នុងនោះក៏បានជំរុញពង្រឹងយកចិត្តដាក់ការងារ ការពារប្រតិភូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ធានាឱ្យបានសុខសុវត្ថិភាព និងជំរុញពង្រឹងការងារ សេនាធិការ ពីព្រោះការងារនេះមានសារៈសំខាន់ណាស់សម្រាប់អង្គភាព ហើយកន្លងមកគឺបានពិនិត្យឃើញថាការងារសេនាធិការហាក់បីដូចជាមិនទាន់អនុវត្តឱ្យបានត្រឹមត្រូវនៅឡើយនោះទេ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner