អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការដាក់ចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធនឹងអំពើពុករលួយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធអំពើពុករលួយពីសំណាក់អង្គការតម្លាភាពអន្តរជាតិ និងបានហៅអង្គការនេះថា មានភាពទុច្ចរិត និងជាអាយ៉ងរបស់បរទេសដែលមិនបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីពេលថ្មីៗនេះ បានដាក់ចំណាត់ថ្នាក់ផ្នែកអំពើពុករលួយសម្រាប់ឆ្នាំ២០២១ ឱ្យកម្ពុជាល្អជាងឆ្នាំ២០២០បន្តិច ដោយកម្ពុជាទទួលបានពិន្ទុ២៣លើពិន្ទុអតិបរមា១០០ពិន្ទុ ខណៈដែលកាលពីឆ្នាំ២០២២ គឺកម្ពុជាត្រូវបានអង្គការនេះដាក់ចំណាត់ថ្នាក់ឱ្យ២១ពិន្ទុ។ តាមរយៈការដាក់ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជាឈរនៅលេខរៀងទី១៥៧ ក្នុងចំណាត់ថ្នាក់ជាសកលដែលមានប្រទេសចំនួន១៨០ ដែលត្រូវបានយកមកសិក្សានៅឆ្នាំ២០២២នេះ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២៧ ខែមករានេះថា ចំពោះការដាក់ចំណាត់ថ្នាក់នេះកម្ពុជាមិនដែលទទួលយកទេ។ ហេតុអ្វីដែលកម្ពុជាមិនដែលទទួលយក គឺកម្ពុជាគោរពរគោលការណ៍របស់អង្គការសហប្រជាជាតិដែលរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាព្រមព្រៀងជាមួយអង្គការសហប្រជាជាតិស្តីអំពីបទប្រឆាំងជាមួយនឹងអំពើពុករលួយ។ មិនដឹងថា តើវិធីសាស្ត្រនៃការដាក់ពិន្ទុនេះធ្វើទៅតាមវិធីសាស្ត្រអ្វី? និងធ្វើតាមរូបមន្តរបៀបម៉េច?។ យើងមិនដែលបានដឹងពីការពន្យល់ពីវិធីសាស្ត្រនៃការដាក់ចំណាត់ថ្នាក់នេះទេ។ ជារួមគឺកម្ពុជាមិនដែលទទួលយកអ្វីដែលជាការប្រកាសរបស់អង្គការតម្លាភាពស្តីអំពីចំណាត់ថ្នាក់នៃអំពើពុករលួយរបស់កម្ពុជា។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “អង្គការតម្លាភាពមានភាពកំសាក ហើយទុច្ចរិតនៅក្នុងការដែលគ្រាន់តែយករបាយការណ៍របស់អ្នកនៅខាងក្រៅប្រទេសដែលជារបាយការណ៍ភរភូត ដែលមាននិន្នាការមកបំផ្លាញកិត្តិយសរបស់កកម្ពុជា។ អង្គការតម្លាភាពនៅកម្ពុជាគ្រាន់តែជាអាយ៉ងរបស់បរទេស។ គេអត់ដឹងថា តើវិធាន និងយុទ្ធសាស្ត្រនៅក្នុងការប្រឆាំងអំពើពុករលួយនៅកម្ពុជាធ្វើ។ គឺគេអត់ដឹង គេអត់យល់។ ដូច្នេះអង្គការតម្លាភាពជាកន្លែងមួយក្នុងការផ្សព្វផ្សាយដែលជាអាយ៉ងសម្រាប់បន្តសំឡេងពីខាងក្រៅ ដែលអត់ដឹងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល”។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា អ្វីដែលកម្ពុជាមានវិធានក្នុងការប្រឆាំងជាមួយអំពើពុករលួយ គឺធ្វើការតាំងពីថ្នាក់ក្រោមជាតិ។ គឺវិធាននៃគណនេយ្យភាពសង្គម។ គឺមានរាល់មធ្យោបាយទាំងអស់ដើម្បីរក្សាតម្លាភាព និងរក្សាគណនេយ្យភាព នៅក្នុងពេលដែលប្រកបការងារក្នុងការប្រើប្រាស់មូលនិធិដែលរាជរដ្ឋាភិបាលទម្លាក់ឱ្យទៅ។ មានទាំងការិយាល័យច្រកចេញចូលតែមួយ នៃការបិទផ្សាយអំពីលុយសម្រាប់ត្រូវបង់ជូនសេវា។ មិនត្រឹមតែប៉ុណ្ណោះកម្ពុជា គឺបានដើរហួសពីឆន្ទៈនយោបាយ មិនដូចអ្វីដែលអង្គការអាយ៉ងបាននិយាយនោះទេ។ កម្ពុជាបានដើរហួសពីឆន្ទៈនយោបាយរួចទៅហើយ គឺចូលទៅដល់ផែនការសកម្មភាពប្រឆាំងនឹងអំពើពុករលួយ រួមទាំងការប្រឹងប្រែងដ៏សកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner