រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុញ្ញាតិអោយឯកអគ្គរាជទូតថ្មីប្រទេសអារ៉ាប៊ីសាអូឌីតចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Saud F.M Al Suwelim ឯកអគ្គរាជទូតថ្មីនៃប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ និងស្វាគមន៍ឯកឧត្តម សម្រាប់ការចូលកាន់មុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពអារ៉ាប៊ីសាអូឌីតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានមានប្រសាសន៍ថាទោះបីជាមកដល់ពេលនេះ ពុំទាន់មានស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ពោលគឺមានតែនិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមក៏ដោយ ក៏សម្ដេចជឿជាក់ថាតាមរយៈអាណត្តិការទូតរបស់ឯកឧត្តមនឹងបន្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែមានការរីកចំរើនលូតលាស់ទៅមុខថែមទៀត។

ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណជូនសម្ដេច និងបានសម្ដែងការចូលរួមអបអរសាទរជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងបន្តថាជោគជ័យនេះបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍកម្ពុជាផងដែរ។ ឯកឧត្តមក៏បានជម្រាបសម្ដេចដែរថាឯកឧត្តមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានគិតថាលទ្ធផលនេះគឺជាជោគជ័យដ៏ធំធេងមួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានជូនពររាជរដ្ឋាភិបាលកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២សូមទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោមដែរថាតាមពិតនៅឆ្នាំកន្លងទៅ គណៈប្រតិភូជាថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត មានបំណងផ្លាស់ប្ដូរទស្សនកិច្ចមកកាន់កម្ពុជាដែរ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យគម្រោងនៃការផ្លាស់ប្ដូរប្រតិភូថ្នាក់ដឹកនាំនោះត្រូវលើកពេល។ យ៉ាងងណាក៏ដោយ ឯកឧត្តមបន្តថាបច្ចុប្ប អារ៉ាប៊ីសាអូឌីត ក៏កំពុងតែពិនិត្យឡើងវិញពេលវេលាសមសម្រប ដើម្បីរៀបចំគម្រោងផ្លាស់ប្ដូរទស្សនកិច្ចនោះឡើងវិញ ដោយឯកឧត្តមជឿជាក់ថាប្រសិនបើគម្រោងផ្លាស់ប្ដូរទស្សនកិច្ចនេះអាចកើតឡើង គឺពិតជាមានសារៈសខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសពីរ ទាំងលើទំនាក់ទំនងវិស័យពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែលស្ថិតក្រោមសត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងសង្ឃឹមជឿជាក់ដែរថានឹងមានការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដោយសម្ដេចបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រោះការងារនេះសម្ដេចចាត់ទុកថាពិតជាមានសារៈសំខាន់ ពិសេសប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយមានការរីកចំរើន ដែលកម្ពុជាជាប្រទេសកំពុងភិវឌ្ឍន៍ និងបានរួចផុតពីសង្គ្រាម ពិតជាត្រូវការចាំបាច់នូវដៃគូដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនផងដែរ។

នាឱកាសនោះដែរ សម្ដេចក៏បានជម្រាបជូនឯកឧត្តមថានៅព្រះរាជាណាចក្រកម្ពុជា មានប្រជាពលរដ្ឋដែលកាន់សាសនាម៉ូស្លីមស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ និងថាទាំងប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា និងសាសនាឥស្លាម សុទ្ធតែមានទំនាក់ទំនងក្នុងសង្គមប្រកបដោយសុខដុមរមនា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋទាំងកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម ដើម្បីទទួលបាននូវឱកាសក្នុងសង្គមស្មើៗគ្នា ដោយមិនមានការបែងចែកណាមួយនោះទេ គឺជាពលរដ្ឋខ្មែរតែមួយ។

ចំពោះគម្រោងនៃការពិនិត្យលទ្ធភាពរៀបចំឱ្យមានដំណើរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរនោះ ជាថ្មីម្ដងទៀតសម្ដេចបានសម្ដែងការគាំទ្រ និងអបអរសាទរ ដោយសម្ដេចជឿជាក់ថាតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់នេះ នឹងបង្កើត ព្រមទាំងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ទាំងលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ រួមទាំងវិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធការលើកឡើងរបស់សម្ដេចអំពីប្រជាពលរដ្ឋកម្ពុជាដែលកាន់សាសនាឥស្លាម ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ក៏បានជម្រាបជូនសម្ដេចដែរថាប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីតដែលគោរពប្រតិបត្តិសាសនាឥស្លាមនោះ សុទ្ធតែជាអ្នកស្រលាញ់គាំទ្រសុខសន្តិភាព និងប្រឆាំងអំពើជ្រុលនិយមទាំងឡាយដែលបង្កអសន្តិសុខដល់ពិភពលោក ហើយឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋកម្ពុជាដែលគោរពប្រតិបត្តិសាសនាឥស្លាម។ ឯកឧត្តមចាត់ទុកថានេះជាការអនុវត្តគោលការប្រជាធិបតេយ្យមួយយ៉ាងសំខាន់ដែលអនុញ្ញាតដល់ការផ្ដល់សិទ្ធិសេរីភាព គោរពប្រតិបត្តិជំនឿសាសនារបស់ប្រជាពលរដ្ឋ។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner