ក្រោយរដ្ឋប្រហារយោធា ពលរដ្ឋប៊ួគីណាហ្វាសូងាកទៅរកជំនួយពីរុស្ស៊ី

អៅហ្គាឌូហ្គូ៖ ​នៅ​ព្រឹក​បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​ប៊ួគីណាហ្វាសូ​ ​​ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​​អបអរ​​ការ​ចូល​កាន់​កាប់​របស់​ក្រុម​យោធា​នៅ​ក្នុង​​​រដ្ឋធានីអៅហ្គាឌូហ្គូ​ ដោយ​មាន​សារ​ពីរ​ទៅ​ពិភព​លោក​ខាង​ក្រៅ៖ ​«​ទេ​ចំពោះ​​បារាំង​ និង​ស្វាគមន៍​ចំពោះ​រុស្ស៊ី​»​។​

លោក​ Bertrand Yoda ​វិស្វករ​​សំណង់​​ស៊ីវិល​​ដែល​ជាព​លរដ្ឋ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​ប្រមូលគ្នា​​សម្ដែង​ការ​គាំទ្រ​ចំពោះ​របប​យោធា​ថ្មី​​និយាយ​ថា​៖​ «​យើង​ចង់​បាន​ភាព​ជាដៃ​គូ​ជាមួយ​ប្រទេស​​រុស្ស៊ី​។​ សូម​ឱ្យ​​រុស្ស៊ី​​នៅ​យូរ​អង្វែង​»​។​

ក្រុម​យោធារ​បានធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច​ដោយ​ជោគ​ជ័យ​នៅ​ប៊ួគីណាហ្វាសូ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​លើក​ហេតុ​ផល​ថា​​ខ្លួន​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​និយម​ ​ដែល​ធ្វើឱ្យ​​មនុស្សជា​ង ​១,៤ ​លាន​នាក់​ភៀស​ខ្លួន​ និង​សម្លាប់​​ជាង​  ២ ០០០ ​នាក់​រាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​។​

នា​ពេល​នេះ​ ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​​ Roch Marc Christian Kaboré ​ត្រូវ​​ដក​ចេញ​ពី​មុខ​ដំណែង និ​ង​កំពុង​ជាប់​ឃុំ​ខ្លួន​ ​​ក្រុម​អ្នក​គាំទ្រ​រដ្ឋ​ប្រហារ​បាន​ងាក​ទៅ​រក​សម្ព័ន្ធភាព​បរទេស​របស់​ប៊ួគីណាហ្វាសូ ​គឺ​រុស្ស៊ី​ឡើង​វិញ​​ ដោយ​បង្ហាញ​ការ​គាំទ្រ​លើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ ហើយ​​​ងាក​ចេញ​ពី​អតីត​អ្នក​ដាក់​អនានិគម​លើ​ខ្លួន​ គឺ​បារាំង​​​។

ការ​អំពាវ​នាវ​ភ្លាម​ៗ​រួម​ទាំងសុំ​ជំនួយ​ពី​ក្រុង​ម៉ូស្គូ ​គឺ​ជា​សញ្ញា​មួយ​បន្ថែម​ទៀត​អំពី​របៀប​ដែល​អំពើ​ហិង្សា​របស់​រដ្ឋ​អ៊ិស្លាម​នៅ​ទូទាំង​តំបន់​សាហែល​អាហ្វ្រិក​ កំពុង​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​ចាស់​ឡើង​វិញ​ និង​លុប​បំបាត់​ពួក​និយម​លោក​ខាង​លិច​​​។​ មនុស្ស​ជា​ច្រើន​ក្នុង​ការ​តវ៉ា​និយាយ​ថា​ ​ការ​ងាក​ទៅ​រក​រុស្ស៊ី​នេះ​ដោយ​សារ​ខ្លួន​មើល​ឃើញ​ពី​អ្វី​ដែល​ប្រទេស​នេះ​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ដូ​ច​ជា​​យាម​កាម​ប្រធានា​ធិបតី​ ​ជីក​រ៉ែ​ពេជ្រ​ និង​​​វាយ​​ប្រហារ​ពួក​អ៊ិស្លាម​ជ្រុល​និយម​កាល​ពី​ឆ្នាំ​មុន​ជា​ដើម​។

លោក ​Yoda ​​និយាយ​ថា​៖​ «​​រុ​ស្ស៊ី​ធ្វើ​ឱ្យ​មាន​លទ្ធផល​ល្អ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត​។​ យើង​សង្ឃឹម​ថា​ ពួក​គេ​អាច​ធ្វើ​ដូច​គ្នា​នៅ​ទីនេះ​»​។​

នា​ពេល​នេះ​ មិន​មាន​កង​ទ័ព​រុស្ស៊ី​ណា​​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៊ួគីណាហ្វាសូ​នោះ​ទេ​ ​ហើយ​គេក៏​​មិន​ច្បាស់​ថាតើ​មេ​ដឹក​នាំយោ​ធា​ថ្មី​​គឺ​លោក​ ​Paul-Henri Sandaogo Damiba ​ចង់​ឱ្យពួ​ក​គេ[​រុស្ស៊ី]​ចូល​មក​ដែរ​ឬ​ទេ។​ កាល​ពីថ្ងៃ​​អង្គារ​ កាសែត ​The Daily Beast ​​រាយការណ៍​ថា​ លោក​ Damiba ​​បាន​អង្វរ​ប្រធានាធិបតី​ Kaboré ​ឱ្យជួ​លក្រុ​ម​ Wagner Group ​ដែល​ជា​ក្រុម​ទាហាន​ស៊ីឈ្នួល​​​មាន​​ទំនាក់​ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង​កាល​ពី​ដើម​ខែ​នេះ​។​ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែមស៍​។​

​​ស្ថានទូត​រុស្ស៊ី​​នៅ​​ប៊ួគីណាហ្វាសូមិ​ន​ធ្វើ​ការ​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ​ចំពោះ​ករណី​នេះ​ ប៉ុន្តែ​​ការ​​ប្រមូល​ផ្ដុំ​​​​គ្នា​​របស់​ពលរដ្ឋ​ដែលគាំ​ទ្រ​រដ្ឋ​ប្រហារ​ គឺ​​​ជា​​ការ​​បង្ហាញ​​ពី​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ត្រួស​​ត្រាយ​​ផ្លូវ​​សម្រាប់​ការ​​អន្តរាគមន៍​​របស់​​រុស្ស៊ី​​នៅ​​ក្នុង​​ប្រទេស​​អាហ្វ្រិក​​មួយ​​ទៀត​។​

លោក​ Andrew Lebovich ​អ្នក​ជំនាញ​ខាង​គោល​នយោបាយ​នៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​​និយាយ​ថា​៖​ «​ការ​លំបាក​ដែល​អឺរ៉ុប​ និង​ជា​ពិសេស​​បារាំង​​ជួប​ប្រទះ​ក្នុង​ការ​បង្រួប​បង្រួម​ក្រុម​ជីហាដ​នៅ​តំបន់​សាហែល​របស់​អាហ្វ្រិក​ ​បាន​ផ្តល់​ឱកាស​មួយ​សម្រាប់​រុស្ស៊ី​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ខ្លួន​ ជា​ពិសេស​នៅក្នុ​ង​ប្រទេស​ម៉ាលី​»​។​

អ្នក​វិភាគ​រូបនេះ​ចង្អុល​បង្ហាញ​ថា​ ការ​អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​ទ្វីប​អាហ្រ្វិក​ជា​រឿយ​ៗផ្តោ​ត​លើ​ប្រទេស​ដែល​សម្បូរធនធាន​ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​យោធា​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ឥទ្ធិពល​របស់​លោក​ខាង​លិច​កំពុង​ធ្លាក់​ចុះ​ ឬ​អវត្តមាន​។​ ជំនួយ​របស់​រុស្ស៊ី​មាន​ក្នុង​ទម្រង់​ជា​ទីប្រឹក្សា​យោធា ​សព្វាវុធ ​ឬ​ទាហាន​ស៊ី​ឈ្នួល​ ដោយ​គេ​អាច​បង់​ជាសា​ច់​ប្រាក់​ ឬ​សម្បទាន​រ៉ែស​ម្រាប់​មាស​ ពេជ្រ ​និង​ធន​ធាន​ផ្សេង​ទៀត​។​

វត្តមាន​របស់​រុស្ស៊ី​​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​សាធារណៈ​រដ្ឋ​អាហ្រ្វិក​កណ្តាល​ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​ក៏​ត្រូវ​បាន​គេ​ដឹ​ង​ថា​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​ ដូច​ជា​នៅ​ប្រទេសម៉ូហ្សំប៊ិក​​ លីប៊ី ​និង​ស៊ូដង់​ ក្នុង​ចំណោម​ប្រទេសដទៃ​ទៀត។​ លោក​ Lebovich ​​និយាយ​ថា​ នា​ពេល​ថ្មី​ៗ​នេះ​ គោលដៅ​របស់​រុស្ស៊ី​បាន​ងាក​ទៅរ​ក​តំបន់​សាហែល​ ជា​កន្លែង​ដែល​ខ្លួន​កំពុង​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​កើន​ឡើង​គំនិត​ប្រឆាំង​បារាំង​ និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ចំពោះ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រយុទ្ធ​។​ ​

​ពលរដ្ឋ​ប៊ួគីណាហ្វាសូម្នាក់​ អ្នក​ស្រី ​Aminata Cissé ដែល​​ចូល​រួម​ហ្វូង​មនុស្ស​អបអរសាទរ​ការ​គ្រប់​គ្រង​យោធា​​និយាយ​ថា​៖ ​«​យើង​គាំទ្រ​​រុស្ស៊ី​។​ គ្រួសារ​​របស់​​យើង​​កំពុង​​តែ​​ស្លាប់​ ហើយ​​ភាព​​អត់​​ការងារ​​ធ្វើ​​កំពុង​​កើន​​ឡើង​ ប៉ុន្តែ​​បារាំង​​មិន​​បាន​​ជួយ​​​អ្វី​​ច្រើន​​​ទេ​។ ​យ៉ាង​​ហោច​​ណាស់​​យើង​​អាច​​សាកល្បង​​​អ្វី​​ដែល​​ថ្មី​»​។​

​គោល​នយោបាយ​របស់​បារាំង​នៅ​ក្នុង​តំបន់​សាហែល​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ គឺ​​ធ្វើ​ឱ្យ​កង​កម្លាំង​ក្នុង​តំបន់​ទទួល​ខុស​ត្រូវ​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​រយៈ​ពេល​វែង​។​ ដើម្បី​ធ្វើ​ដូច្នេះ​បាន​ ទាហាន​បារាំង​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ ហើយ​ប្រទេស​នេះ​ក៏​ចំណាយ​ប្រាក់​ ១ ​ប៊ីលាន​អឺរ៉ូ​​​ជា​រៀង​រាល់​ឆ្នាំលើ​ប្រតិបត្តិការ​ Barkhane ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៤ ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​។​​

ប៊ួគីណាហ្វាសូ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ ៥ ​នៃ​​តំបន់​សាហែល​ ដែល​កង​ទ័ព​បារាំង​​ឈរ​ជើង​ក្រោម​ប្រតិបត្តិការ​ Barkhane ​ទោះ​បី​ជា​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​​ប្រកាស​ផែនការ​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ចាប់​ផ្តើម​ដក​កង​កម្លាំង​បារាំង​ក្ដី​។​

ផ្ទុយ​ពី​ពលរដ្ឋ​ប៊ួគីណាហ្វាសូ​ដែល​ងាក​ទៅ​រក​រុស្ស៊ី​ ​លោក​ ​Macron ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្កោល​ទោស​អ្វី​ដែល​លោក​ហៅ​ថា​ ​«​រដ្ឋ​ប្រហារ​យោធា​»​។​ ​លោក​ Macron ​​និយាយ​ថា​ ​បារាំង​ច្បាស់​ជា​និច្ច​ក្នុង​ការ​ព្រម​ព្រៀង​ជាមួយ​អង្គការ​តំបន់​អាហ្វ្រិក​ខាង​លិច​ ECOWAS ​«​ក្នុង​ការ​ថ្កោល​ទោស​រដ្ឋ​ប្រហារ​យោធានេះ​»​។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner