ក្រុមការងារតាមដានហ្វេសប៊ុក សម្តេច ស ខេងក្នុងឆ្នាំ២០២១ ទទូលបណ្តឹងពីពលរដ្ឋជាង១.៥០០ករណី ក្នុងនោះដោះស្រាយបានជាង៥០០ករណី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៥៩២ករណី ក្នុងនោះដោះស្រាយរួចចំនួន ៥៣៦ករណី ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ មករានេះ សម្ដេច ស ខេង បានជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច ។

សម្ដេចបញ្ជាក់ថា «ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារតាមដានអំពីការ ដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃចំនួន ១.៥៩២គណនី។ ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៣៦គណនី និង៦៥៥គណនីទៀតកំពុងស្ថិតក្នុង ដំណាក់កាលដោះស្រាយ» ។

សម្ដេចបន្តថា ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពី សមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរ ទៅស្ថាប័នមានសមត្ថកិច្ច។ សម្ដេចថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner