លោកជំទាវ ម៉ែន សំអន៖ អំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចជោគជ័យការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

អត្ថបទដោយ៖
ធី ដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតគណបក្សឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួម ១២០នាក់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ ។

អង្គសន្និបាតបានដំណើរការរយៈពេលពេញមួយព្រឹក ដើម្បីពិភាក្សា និងអនុម័ត ៖
១. លើរបាយការណ៍ បូកសរុបវាយតម្លៃអំពីសមិទ្ធិផល បញ្ហាប្រឈម សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណបក្ស២០១៧-២០២២
២. កំណត់គោលនយោបាយអភិវឌ្ឍន៍ឃុំរបស់គណបក្សឆ្នាំ ២០២២-២០២៧
៣. បញ្ហាផ្សេងៗ

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឈើទាល អាណត្តិទី៥ ឆ្នាំ២០២២នេះ ឃុំឈើទាល មានបេក្ខភាពឈរឈ្មោះ រួមមានបេក្ខជនពេញសិទ្ធិ ៩រូប ស្រី ៤រូប និង បេក្ខជនបម្រុង ១១រូបស្រី ១រូប ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានវាយតម្លៃចំពោះលទ្ធផលការងារដែលគណបក្សឃុំរួមគ្នាសម្រេចបាននាពេលកន្លងមក និងបានធ្វើការណែនាំទៅលើផែនការសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍សំដៅឈានទៅទទួលបានជោគជ័យ ក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានក្រើនរំលឹកដល់សមាជិកបក្សតាំងពីថ្នាក់ស្រុករហូតដល់ក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមឲ្យបានច្បាស់លាស់ និងបន្តរក្សាឲ្យបាន នូវចលនារបស់បក្សក្នុងមូលដ្ឋានដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងរួមគ្នាសម្រេចឲ្យបាននូវគោលដៅរបស់គណបក្ស សមាជិកគណបក្សម្នាក់ បោះឆ្នោតមួយសន្លឹកគាំទ្រគណបក្សមួយសម្លេង គឺផ្តើមចេញពីអំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន ជាពិសេស គឺការបម្រើសេវាសាធារណៈ រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជម្រុញឲ្យមូលដ្ឋានជម្រុញក្នុងការចលនាប្រជាជនទូទៅ ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬអ្នកបានចាក់ដូសទី១ ទី២រួចហើយត្រូវទៅចាក់ដូសទី៣ ឲ្យបានគ្រប់ៗគ្នា និងឲ្យរស់នៅតាមបរិបទគន្លងថ្មីរបស់រាជរដ្ឋាភិបាល ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ និងបានសំណូមពរឲ្យសមាជិក សមាជិការទាំងអស់គ្នា ត្រូវគោរពតាម សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល រការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ ឱកាសរៀបចំ សែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាម និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner