អង្គភាពប្រឆាំងអំពើពុករលួយព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រីចំនួន៩រូប ដែលមិនចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានធ្វើការព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រីចំនួន៩រូប នៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន ដែលមិនបានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ និងបានឱ្យមន្ត្រីទាំង៩រូបនោះ ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានរួសរាន់។ 

យោងតាមសេចក្តីជួនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មានបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៩រូប មិនទាន់មកបំពេញកាតព្វកិច្ច ទោះបីជាក្រុមបង្គោល និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយព្យាយាមទំនាក់ទំនងច្រើនលើកច្រើនសារ ប៉ុន្តែនៅមិនទាន់អាចទំនាក់ទំនងបាន។

ប្រការខាងលើនេះ បង្ខុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងអញ្ជើញបុគ្គលចំនួន ៩រូបនេះ ឱ្យចូលខ្លួនមកប្រកាសចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួសរាន់ ដែលរួមមាន៖ 

១.លោក ទឹម សន ទីប្រឹក្សាក្រសួងព័ត៌មាន

២.លោកវរសេនីយ៍ឯក ណយ ណុន នាយរងប៉ុស្តិ៍នគរបាល អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

៣. លោកស្រី យិន រស្មី ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន នៃក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់

៤. លោក លឹម ឡោកពិសិដ្ឋ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម

៥. លោក សោម សាបាន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

៦. លោក សេរី ម៉ាណុប ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច 

៧. លោកស្រី ទិត្យរ៉ា ឬទ្ធិនី ជំនួយការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច 

៨.លោក សំ សេរីរ័ត្ន អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច 

៩.លោក ហេង ពិសាល នាយករងខុទ្ទកាល័យ នៃក្រសួងក្រសួងមុខងារសាធារណៈ។

អង្គភាពប្រឆាំងអំពើពុករលួយ បានរម្លឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner