AVIVoice Ep57: ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា

AVI Voice on AMS
AVI Voice on AMS
AVIVoice Ep57: ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា
/

បញ្ហាចំពោះមុខសម្រាប់អង្គការតំបន់អាស៊ាន គឺការសម្របសម្រួលការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលអាទិភាពចម្បងមួយនៅក្នុងរបៀបវីរៈរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំនៃប្រធានអាស៊ានគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីជាស្ពានមួយក្នុងការឆ្នោះទៅរកកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងដើម្បីសម្រេចបាននូវការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងកិច្ចសម្ភាហន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលក្រោយពីដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងលម្អិតទៅលើអភិក្រមដែលកម្ពុជាប្រកាន់ភ្ជាប់ក្នុងការសម្របសម្រួលដល់យន្តការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

សំណួរទី ១៖ តើអ្វីទៅជាអាទិភាព និងហេតុផលយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាតំណាងឱ្យអាស៊ានទាំងមូលចំពោះការសម្រេចចិត្តទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា? ហើយដំណើរទស្សនៈកិច្ចនេះបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលអ្វីខ្លះដែរ?

ខ្ញុំសូមបញ្ជាក់ថាការបរាជ័យរបស់ប្រ៊ុយណេក្នុងការជំរុញអោយមីយ៉ាន់ម៉ាទទួលយកចំនុចឯកច្ឆ័ន្ទទាំង ៥របស់អាស៊ានបានឆ្លុះបញ្ចាំងអំពីភាពរឹងទទឹងរបស់រដ្ឋាភិបាលយោធាដែលបានកាន់អំណាចតាំងពីខែកុម្ភៈមក។ ជំនួបរវាងប្រមុខដឹកនាំកម្ពុជាជាមួយនឹងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាកាលពីចុងឆ្នាំ ២០២១ នឹងជំរុញនិងពង្រឹងបន្ថែមទៀតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្អែកលើបទពិសោធន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ កម្ពុជាសង្ឃឹមថាខ្លួននឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន និងជំរុញអោយភាគីពាក់ព័ន្ធបញ្ឈប់ការបាញ់គ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានទទួលផ្លែផ្កាជាទីមោទនដោយភាគីមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយពីបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ ២០២២។ 

លើសពីនេះទៅទៀត នៅក្រោមក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងស្វះស្វែងជំនួយជួយមនុស្សធម៌ សេដ្ឋកិច្ច-សង្គម និងប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៏មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៏ប្រជាជាតិអាស៊ានទាំង ១០ ប្រទេស។ កម្ពុជាមិនចង់អោយមានការបែកបាក់ផ្ទៃក្នុងឬអាស៊ាន ៩ ឡើយ ដោយសម្តេចតេជោចង់អោយមានអាស៊ានទាំង ១០ ចូលរួមប្រជុំទាំងអស់គ្នា ដែលនេះក៏ជាសមិទ្ធិផលដ៏ធំមួយរបស់កម្ពុជាផងដែរ បើទោះជាបញ្ហាទាំងអស់នេះមិនទាន់ដោះស្រាយចប់នៅកំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានក្តី។

សំណួរទី ២៖ ថ្នាក់ដឹកនាំកម្ពុជា រួមទាំងអ្នកវិភាគតាមដានបញ្ហានៅមីយ៉ាន់ម៉ាបានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ាលើកនេះគឺ ជាចំណុចចាប់ផ្ដើមមួយ និងជាសកម្មភាពដ៏វិជ្ជមានក្នុងការឆ្ពោះ ទៅរកការអនុវត្តនូវចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យនៅក្នុងអាណត្តរបស់ប្រធានអាស៊ានកម្ពុជា។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើលោកយល់ឃើញយ៉ាងដូចម្ដេច?

ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចគឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានធ្វើទស្សនកិច្ចចាប់តាំងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើងកាន់តំណែងកាលពីឆ្នាំមុន។ មានប្រទេសខ្លះក៏បានគាំទ្រដល់ដំណើរទស្សនកិច្ចនេះ ដូចជាហ្វីលីពីន ជប៉ុន ចិន ឥណ្ឌា ថៃ វៀតណាម និងឡាវបានបង្ហាញការគាំទ្រនឹងដំណើរទស្សនកិច្ចនេះ និងចាត់ទុកដំណើរនេះជាជំហានជោគជ័យដំបូងក្នុងការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដោយឡែកក៏មានសមាជិកអាស៊ានដទៃដូចជាសឹង្ហបុរី ម៉ាឡេស៊ី ហាក់បីដូចជាមិនពេញចិត្តនឹងការធ្វើទស្សនកិច្ចនេះឡើយដោយសារតែកម្ពុជាជាប្រធានអាស៊ាន និងចាត់ទុកទង្វើនេះគឺអាស៊ានគាំទ្រដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទៅវិញ។ ស្របជាមួយគ្នានេះដែរក្រុមអង្គការប្រធាធិបតេយ្យនិងសិទ្ធិមនុស្ស ក៏ដូចជាប្រជាជនមីយ៉ាន់ម៉ាមួយចំនួនដែលមានទិន្នាការប្រឆាំងនឹងរដ្ឋាភិបាលយោធាបានបង្ហាញក៏មិនពេញចិត្តក៏ដូចជាធ្វើសកម្មភាពប្រឆាំងដូចជាដុតរូបសម្តេច និងការបំផ្ទុះគ្រាប់បែកនៅជិតស្ថានទូត និងគេហដ្ឋានរបស់មន្រ្តីស្ថានទូតកម្ពុជានៅមីយ៉ាន់ម៉ាជាដើម។ គួរបញ្ជាក់ដែរថា នៅមុនពេលដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីដើម្បីត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ដំណឹង និងពិភាក្សាជាមួយសហការីអាស៊ានចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាការពិតណាស់ក្នុងការដោះស្រាយបញ្ហាណាមួយជាពិសេសបញ្ហានយោបាយនៅមីយ៉ាន់ម៉ាត្រូវទាមទារពេលវេលា និងការដឹងច្បាស់អំពីមូលហេតុនៃបញ្ហា និងការទាមទាររបស់ភាគីម្ខាងៗនៃជំលោះ។

សំណួរទី ៣៖ តើកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ សម្រេចប្រកាន់នូវអភិក្រមបែបណា ក្នុងការសម្របសម្រួលដល់ដំណើរការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន? ហើយសមាជិកអាស៊ានដទៃទៀត និងតួអង្គផ្សេងៗនៅក្នុងសហគមន៍អន្តរជាតិបានបង្ហាញនូវការគាំទ្រយ៉ាងដូចម្ដេចខ្លះចំពោះអភិក្រមរបស់កម្ពុជាទៅលើបញ្ហានេះ?

យើងអាចកត់សម្គាល់ឃើញថា អាស៊ានត្រូវបានបែងចែកជាពីរក្រុម ពោលគឺ អាស៊ានដីគោក (រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម) និងអាស៊ានដីកោះ (រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និងសិង្ហបុរី)។ ប្រទេសមេគង្គទាំង ៤ ដឹងច្បាស់ថា ការផ្សះផ្សាមួយដែលអាចសម្រេចបាននូវសន្តិភាព និងស្ថិរភាពជាតិក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវចំណាយពេលវេលា ហើយត្រូវតែមានបរិយាប័ន្នភាព។ ការយល់ឃើញរួមគ្នារបស់អាស៊ានដីគោកលើបញ្ហានេះ កើតចេញពីផលប៉ះពាល់នៃកិច្ចពិភាក្សាស្តីពីការទទួលស្គាល់តំណាងរបស់មីយ៉ាន់ម៉ា ដែលអាចបង្កើតឱ្យមានគំរូមិនល្អដល់ដំណើររបស់អាស៊ាននាពេលអនាគត។ ក្រុមទីពីរដែលជាអាស៊ានដីកោះបានគាំទ្រឱ្យមានការអនុវត្តពេញលេញនៃកុងសង់ស៊ីស ៥ ចំណុច ដែលមានន័យថា ប្រេសិតពិសេសត្រូវតែមានសិទ្ធិពេញលេញចូលទៅជួបគ្រប់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាទាំងអស់ បើមិនដូច្នេះទេ ការទទួលស្គាល់តំណាងរបស់មីយ៉ាន់ម៉ានឹងត្រូវលើកយកមកពិភាក្សា។ ដើម្បីជំរុញឱ្យបេសកកម្មនេះទទួលបានជោគជ័យ កម្ពុជាត្រូវការលក្ខខណ្ឌអំណោយផលមួយចំនួនដូចជា៖ (១) ភាគីជម្លោះបង្ហាញពីឆន្ទៈនយោបាយច្បាស់លាស់នៅក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការចរចា (២) កម្ពុជាត្រូវតែទទួលបានការស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ និង (៣) កម្ពុជាត្រូវតែទទួលបាននូវទំនុកចិត្តពីគ្រប់ភាគីទាំងអស់ និងធានាបាននូវលទ្ធផលឈ្នះ-ឈ្នះ។ដើម្បីធានានូវការចូលរួមប្រកបដោយការស្ថាបនា កម្ពុជាគួរតែ៖

  • ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសសមាជិក និងកុងសង់ស៊ីសអាស៊ាន ព្រមទាំងត្រូវជៀសវាងសកម្មភាពណាមួយដែលអាចនាំទៅរករូបមន្ត «អាស៊ាន ដក» (ASEAN-X)។
  • បង្ហាញខ្លួនយើងថាជាមិត្តដ៏គួរឱ្យទុកចិត្ត និងស្មោះត្រង់របស់មីយ៉ាន់ម៉ា រួមទាំងក្រុមយោធា និងជាស្ពានមួយដើម្បីបង្រួមគម្លាតរវាងប្រទេសនៅតាមដងទន្លេមេគង្គ និងរដ្ឋអាស៊ីអាគ្នេយ៍ដីកោះព្រមទាំងប្រទេសផ្សេងៗទៀត។
  • ប្រកាន់ខ្ជាប់នូវជំហរដែលអាចបត់បែនបាន ប៉ុន្តែត្រូវមានការស៊ើបអង្កេត និងការតាមដានយ៉ាងគ្រប់ជ្រុងជ្រោយ នូវរាល់ប្រតិកម្មរបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ឬក៏ដាក់ចេញនូវគោលនយោបាយការបរទេស ។

សំណួរទី ៤៖ យើងឃើញថាចំពោះដំណើរទស្សៈកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែកន្លងទៅនេះ មានការបង្ហាញពីប្រតិកម្មអវិជ្ជមានមួយចំនួនភាគីប្រជាជនមីយ៉ាន់ម៉ាផ្ទាល់តែម្ដង។ ពាក់ព័ន្ធទៅនឹងជំហរ និងទស្សនៈរបស់កម្ពុជា ហេតុអ្វីបានជាកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ យកចិត្តទុកដាក់ខ្លាំង និងផ្ដល់អាទិភាពខ្ពស់ទៅលើការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា?

ដូចដែលយើងបានដឹងហើយថា ស្ថានការណ៍នៅមីយ៉ាន់កាន់តែអាក្រក់ ខណៈគ្រាប់ភាគីទាំងរបបយោធា និងរដ្ឋាភិបាលស្រមោល ឬហៅថារដ្ឋាភិបាលឯកភាពជាតិ National Unity Government-NUG ដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តាជនជាតិដទៃទៀតនៅមីយ៉ាម៉ា  ហើយក៏បានខិតខំស្វែងរកការទទួលស្គាល់ជាអន្តរជាតិ តាមរយៈសមរភូមិការទូត និងយោធា។ របបយោធាបានសម្លាប់ជនស៊ីវិលប្រមាណ ១៤០០នាក់ និងឃុំខ្លួនមនុស្សជាង ១០០០០នាក់រួមទាំងមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ២០២១ មក​ ។ ដោយកាលពីខែកញ្ញាកន្លងទៅនេះ រដ្ឋាភិបាលស្រមោលបានប្រកាសសង្រ្គាមប្រជាជនដើម្បីផ្ដួលរំលំរបបយោធាដែលកំពុងដឹកនាំប្រទេស។ រដ្ឋាភិបាលឯកភាពជាតិក៏បានបង្កើតក្រុមប្រយុទ្ធមួយដែលហៅថា “ក្រុមកំលាំងការពាររប្រជាជន” (People’s Defence Force) ដែលបានផ្តល់ទីស្នាក់នៅ ការហ្វឹកហ្វឺន និងសព្វាវុធដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗ និងបានប្រកាស “សង្រ្គាមការពារ” (Defensive War) កាលពីខែ ឧសភា ឆ្នាំ ២០២១។ ការប៉ះទង្គិចទាំងរវាងរដ្ឋាភិបាលយោធា និងក្រុមកំលាំងការពារប្រជាជន បានបង្កទៅជាវិបត្តិមនុស្សធម៍ និងការជម្លៀសចេញពីតំបន់មានជម្លោះ​ ហើយក៏បានស្នើឱ្យប្រជាជនទូទាំងប្រទេស និងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងដើម្បីធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាលសឹកដែលធ្វើទុក្ខបុកម្នេញប្រជាជន ហើយក៏ប្រាប់សហគមន៍អន្តរជាតិឱ្យយោគយល់ការសម្រេចចិត្តនេះដែរ។ 

រដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានអូសបន្លាយអស់រយៈជាច្រើនខែ និងការប៉ះទង្គិចរវាងកងទ័ពរបបយោធា និងកងកម្លាំងការពារប្រជាជន (PDFs)បង្កជាអស្ថិភាពក្នុងប្រទេស និងការចោទប្រកាន់គ្នាទៅវិញទៅមកជាបើកការប្រយុទ្ធ។ ជាមួយគ្នានោះបាតុកម្មនៅតែបន្តមាន ស្របពេលមានការបង្រ្កាបពីសំណាក់របបយោធា សង្រ្គាមបែបទ័ពព្រៃ (វាយឆ្មក់) ទំនងនៅតែយុទ្ធវិធីរបស់លកងកម្លាំងការពារប្រជាជន (PDFs) របស់រដ្ឋាភិបាលប្រមោល និងការវាយប្រហារលើទីតាំងក្រុមហ៊ុនគ្រប់គ្រងដោយរបបយោធា។ ខណៈពេលដែលភាគីរបបយោធា និងរដ្ឋាភិបាលឯកភាពជាតិ ពុំទាន់បានការទទួលស្គាល់ពីអន្តរជាតិ ថាជារដ្ឋាភិបាលស្របច្បាប់នៅឡើយទេ ស្ថានការណ៍មីយ៉ាន់បង្កការឈឺក្បាលដល់កម្ពុជាដែលជាប្រធានអាស៊ាន ឆ្នាំ២០២២

នៅក្រោមក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ កម្ពុជានឹងដើ​រតួនាទីសំខាន់ក្នុងស្វះស្វែងជំនួយជួយមនុស្សធម៌ និងសន្តិភាពជូនប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៏មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៏ប្រជាជាតិអាស៊ានទាំង ១០ ប្រទេស។ កម្ពុជាមិនចង់អោយមានការបែកបាក់ផ្ទៃក្នុងឬអាស៊ាន ៩ឡើយ ដោយសម្តេចតេជោចង់អោយមានអាស៊ានទាំង ១០ ចូលរួមប្រជុំនៅឆ្នាំនេះ និងអាចអោយប្រេសិតពិសេសរបស់អាស៊ានអាចចូលជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ ផ្អែកលើបទពិសោធន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ ដោយសង្ឃឹមថាកម្ពុជានឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន តែប្រជាជនមីយ៉ាន់ម៉ា និងក្រុមប្រឆាំងមួយចំនួនបានគិតខុស និងយល់ច្រឡំអំពីសន្តានចិត្តល្អរបស់កម្ពុជាក្នុងការជួយប្រជាជនរបស់ខ្លួនទៅវិញ។

************

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

- Advertisement -spot_img
- Advertisement -spot_img
AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ព័ត៌មានថ្មី

spot_img
- Advertisement -spot_img

ព័ត៌មានជាប់ទាក់ទង

spot_img

របាយការណ៍វិភាគ