AVIVoice Ep56: ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP

AVI Voice on AMS
AVI Voice on AMS
AVIVoice Ep56: ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP
/

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ទើបតែចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះគឺ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាក៏ជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ។ នេះគឺជាកាលានុវត្តភាពដ៏ធំមួយដែលកម្ពុជាអាចស្រូបយកនូវផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានបកស្រាយអំពីដំណើរដើមទងនៃកិច្ចព្រមព្រៀង RCEP និងផលប្រយោជន៍ដែលកម្ពុជាអាចនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។

សំណួរទី ១៖ តើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់មួយនេះ នឹងផ្លាស់ប្ដូរនូវស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាតាមបណ្ដាប្រទេសសមាជិកនីមួយៗយ៉ាងដូចម្ដេច?

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺចាប់ផ្ដើមឡើងដំបូងតាំងពីឆ្នាំ២០១២ ជាកិច្ចព្រមព្រៀងមួយដែលចរចាកាលពីតំបូងមាន១៦ប្រទេស ដែលមានប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៦ទៀត។ នៅក្នុងពេលចុងក្រោយ១ឆ្នាំមុននឹងកិច្ចព្រមព្រៀងនេះរៀបចូលជាធរមាន ប្រទេសឥណ្ឌាបានដកខ្លួនចេញពីការចរចាកិច្ចព្រមព្រៀងនេះ ដូច្នេះនៅសល់តែប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូ៥ទៀតគឺ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវ៉េលសេឡង់។

យើងឃើញថា RCEP នេះមានសេដ្ឋកិច្ចមួយធំ ដែលមានទីផ្សារប្រហាក់ប្រហែលនឹង ២,២ពាន់លាននាក់ ស្នើនឹង៣០ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក ហើយមានផលិតផលសរុបក្នុងស្រុករួមគ្នាប្រមាណជាង ២៦.២ទ្រីលានដុល្លា ស្មើនឹង៣០ភាគរយនៃផលិតផលសរុបពិភពលោក។ បើនិយាយអំពីទំហំពាណិជ្ជកម្មវិញ យើងសង្កេតឃើញថាមានប្រហែលជា ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក នេះបើផ្អែកទៅលើទិន្នន័យដែលយើងបានធ្វើនៅក្នុងឆ្នាំ២០១៩។

ថ្មីៗនេះ ប្រទេសចំនួន១១ ក្នុងចំណោមប្រទេសទាំង១៥ បានផ្ដល់នូវសច្ចាប័នរបស់ខ្លួនដើម្បីជម្រុញឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ដូច្នេះ កិច្ចព្រមព្រៀងនេះបានចូលជាធរមានរួចមកហើយតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងសេរីពហុភាគីតំបន់មួយដែលមានដៃគូដែលយើងធ្លាប់បានប្រតិបត្តិពាណិជ្ជកម្មជាមួយគ្នា ក្នុងភាពជាដៃគូអាស៊ានបូកមួយដូចជាអាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-ជប៉ុន។ល។ ប៉ុន្តែពេលនេះយើងចាប់ជាដៃគូរវាងប្រទេសអាស៊ានទាំង១០ និងប្រទេសទាំង៥ ដែលជាសមាជិកដៃគូនេះ បានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅជាទម្រង់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលមានលក្ខណៈហ្មត់ចត់ គ្រប់ជ្រុងជ្រោយ សម្លឹងអនាគតវែងឆ្ងាយជាងមុន ហើយមានការទំនុងបម្រុងនៃការគិតគូហ្មត់ចត់ក្នុងការជួយគ្នាទៅវិញទៅមក រួមទាំងផ្នែកបច្ចេកទេស។ល។ ជាពិសេសប្រទេសដែលស្ថិតនៅក្នុងស្ថានភាពជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចដូចជាប្រទេសកម្ពុជា ឡាវ និងភូមាសុទ្ធសឹងតែជាប្រទេសដែលនឹងទទួលបានអត្ថប្រយោជន៍ច្រើន អំពីការធ្វើសមាហរណកម្មទីផ្សារនេះ ពីព្រោះជាទីផ្សារធំមួយដែលយើងបានជ្រាបស្រាប់ហើយកាលពីខាងដើម។ ហើយក៏យើងសង្កេតឃើញដែលថា នេះជាកិច្ចព្រមព្រៀងដែលមានទំហំធំមែនទែន បើធៀបទៅនឹងកិច្ចព្រមព្រៀងពីមុនដែលសហរដ្ឋអាមេរិកប្រុងហ្នឹងធ្វើសច្ចាប័ននោះ ហើយប្រសិនបើមានប្រទេសឥណ្ឌាចូលរួម នោះទីផ្សារឥណ្ឌាចូលមួយនឹងមានលក្ខណៈធំមែនទែន។

នៅក្នុងការសិក្សារបស់យើង យើងសង្កេតឃើញថាកិច្ចព្រមព្រៀងនេះបានជម្រុញនូវសមាហរណកម្មសេដ្ឋកិច្ច ដោយសារវាមានភាពសព្វជ្រុងជ្រោយ ដែលសព្វជ្រុងជ្រោយនៅត្រង់ថាយើងមាន ២០ជំពូក និង ៣៦២មាត្រា ដែលជំពូកនីមួយៗនិយាយអំពីទំនិញផ្សេងៗ។ ឧទាហរណ៍ដូចជា ជំពូកដែលនិយាយអំពីពាណិជ្ជកម្មទំនិញមាន២១មាត្រា ដែលលម្អិតមែនទែន ជំពូកដែលនិយាយអំពីដើមកំណើតទំនិញដែលបម្រើឱ្យពាណិជ្ជកម្មទំនិញ អំពីនិតិវិធីគយ អំពីនិតិវិធីអនាម័យ អំពីស្ដង់ដាបច្ចេកទេសនិងការវាយតម្លៃអនុលោមភាព អំពីវិធីសាស្រ្តដោះស្រាយវិវាទពាណិជ្ជកម្មគឺរឿងឧបស្រ័យពាណិជ្ជកម្មដែលក្នុងនោះមាន១៦មាត្រា ពាណិជ្ជកម្មសេវាមាន២៥មាត្រា ហើយមានការជជែកពីការបន្លាស់ទីជាបណ្ដោះអាសន្នរបស់រូបវន្តបុគ្គលដែលធ្វើអាជីវកម្មមាន៩មាត្រា ជំពូកដែលស្ដីអំពីការវិនិយោគមាន១៨មាត្រា និងជំពូកអំពីកម្មសិទ្ធបញ្ញា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏មានច្រើន ហើយយើងមានជំពូកស្ដីពីសេវាហិរញ្ញវត្ថុ និងសេវាជំនាញ។ល។ ទាំងអស់នេះធ្វើឱ្យកិច្ចព្រមព្រៀងមានភាពគ្រប់ជ្រុងជ្រោយជាងមុន មានលក្ខណៈទំនើបជាងកិច្ចព្រមព្រៀងដទៃទៀត ហើយមានលក្ខណៈមួយទៀតគឺថា ការផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលធ្វើឱ្យការធ្វើសមាហរណកម្មរបស់ប្រទេស ឬក៏សេដ្ឋកិច្ចប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងនេះកាន់តែជិតស្និត និងមានលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម។

បើនិយាយអំពីអត្ថប្រយោជន៍ដែលយើងអាចនឹងទទួលបាន ហើយខ្ញុំនឹងលម្អឹងបន្តិចទៀត ក៏ប៉ុន្តែខ្ញុំសូមលើកឧទាហរណ៍ត្រួសៗថា ការធ្វើសមាហរណកម្មរបៀបនេះធ្វើឱ្យយើងចំណេញបាននូវលទ្ធភាពក្នុងការអភិវឌ្ឍន៍ខ្លួនយើង ដើម្បីឱ្យឆ្លងជាងឋានៈប្រទេសដែលអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងថ្ងៃអនាគតដូចដែលកម្មវិធីដែលរាជរដ្ឋាភិបាលបានគ្រោងទុកថា យើងនឹងអាចក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០។ ប្រសិនបើយើងលើកឧទាហរណ៍ជាក់ស្ដែងអំពីការធ្វើពាណិជ្ជកម្មជាមួយដៃគូដែលកម្ពុជាយើងអាចនឹងទទួលបានដូចជា៖

  • អូស្រ្តាលី យើងទទួលបានបន្ទាត់ពន្ធសូន្យចំនួន ៩៥.៧៤%
  • ចិន យើងទទួលបានបន្ទាត់ពន្ធសូន្យចំនួន ៨៥.៣០% (ប៉ុន្តែដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនដែលយើងទទួលបានលើសពីនេះ)
  • ជប៉ុន យើងទទួលបានបន្ទាត់ពន្ធសូន្យជាង ៩៩.៨៥%
  • កូរ៉េខាងត្បូង យើងទទួលបានបន្ទាត់ពន្ធសូន្យ ៨៧%
  • នូវ៉ែលសេឡង់ យើងទទួលបានបន្ទាត់ពន្ធសូន្យ ៩៤.៨៨%

ដូច្នេះអ្វីដែលយើងផ្ដល់ឱ្យគឺ យើងផ្ដល់ឱ្យតិចជាអ្វីដែលយើងបានទទួល ដែលគឺជាសញ្ញានៃការធ្វើសមាហរណកម្មមួយដែលផ្ដល់ប្រយោជន៍ដល់ប្រទេស ក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចដូចកម្ពុជាយើង។ នេះគឺជាការធ្វើសមាហរណកម្មមួយដែលមានលក្ខណៈទូលាយជាងមុន ហើយផ្ដល់អត្ថប្រយោជន៍នៅក្នុងតួនាទីដែលប្រទេសក្នុងតំបន់ដូចជាកម្ពុជា ប្រទេសដែលឧស្សាហកម្មទើបតែចាប់ផ្ដើមជឿនលឿន នឹងអាចប្រែក្លាយខ្លួនទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល (Global Supply Chain) ហើយនឹងអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្វាក់តម្លៃសកលដែលផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងនៅក្នុងថ្ងៃអនាគត។

សំណួរទី ២៖ យើងដឹងហើយថា កិច្ចព្រមព្រៀង RCEP មានបញ្ហាប្រឈមចម្បងទៅលើវិសមភាពនៃការទទួលបានប្រយោជន៍សម្រាប់ប្រទេសជាសមាជិកនីមួយៗ ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងការត្រៀមរៀបចំរបស់ប្រទេសនីមួយៗគឺមានលក្ខណៈដាច់ដោយឡែកពីគ្នា។ តើប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គួរតែអនុវត្តយន្តការ ឬធ្វើពិពិធកម្មសេដ្ឋកិច្ចយ៉ាងណា ដើម្បីជម្នះនូវបញ្ហាប្រឈមមួយនេះ?

យើងសង្កេតឃើញថាប្រទេសសមាជិកអាស៊ានទាំងអស់ ក៏មានស្ថានភាពសេដ្ឋកិច្ចខុសគ្នាដែរចំពោះប្រទេសកម្ពុជា ភូមា និងឡាវដែលមានស្ថានភាពសេដ្ឋកិច្ចអភិវឌ្ឍតិចតួច ដែលមានការរីកចម្រើនខុសពីប្រទេសអាស៊ានផ្សេងទៀតដែលជាអ្នកផ្ដួចផ្ដើមបង្កើតអាស៊ាននោះ។ នៅក្នុងចំណោមប្រទេសទាំង១៥ ដែលជាដៃគូសមាហរណកម្មសេដ្ឋកិច្ចរបស់ RCEP នេះយើងស្ថិតក្នុងស្ថានភាពបែបនេះដែរ ហើយរវាងប្រទេសសមាជិកអាស៊ាននិងប្រទេសជាដៃគូទាំងប្រាំទៀតក៏យើងឃើញមានលក្ខណៈខុសគ្នាដែរ។ ភាពខុសគ្នានេះបង្កើតនូវបញ្ហាប្រឈមមួយចំនួន ក៏ប៉ុន្តែវាក៏បង្កើតឱកាសមួយចំនួនផងដែរសម្រាប់ប្រទេសជាដៃគូ កាលណាដែរយើងធ្វើសមាហរណកម្មកាន់តែជិតស្និតទៅៗ។

ខ្ញុំបាទសូមជម្រាបថា នេះជាលើកទីមួយហើយដែលប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ចំនួនបីបានចាប់ដៃគូគ្នាគឺប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសទាំងបីនេះជាប្រទេសមានលក្ខណៈរីកចម្រើនដែលឈានមុខផ្ដាច់គេដោយសារកត្តាបច្ចេកវិទ្យារបស់ខ្លួន ទំហំទីផ្សារ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗ ដែលយើងតែសង្កេតឃើញមានកើតឡើងនៅក្នុងទំនាក់ទំនងរបស់ខ្លួនមុនពេលដែលចាប់ដៃគូនេះ។ ប៉ុន្តែនៅពេលដែលយើងឃើញថាប្រទេសទាំងបីនេះចាប់ដៃគូ ក្នុងនាមជាប្រទេសសមាហរណកម្ម ការច្របាច់ចូលសេដ្ឋកិច្ច និងការបើកជំហនូវអត្រាពន្ធគយ ផ្ដល់លទ្ធភាពនៃទីផ្សារសេវា និងធ្វើឱ្យមានការរីកចម្រើនរួមគ្នាមូយ។ ហើយឧបសគ្គប្រហែលជាយើងអាចជួបនឹងបញ្ហាខ្លះក្នុងការរៀបចំឱ្យមាននូវច្បាប់ ឬបញ្ញត្តិនៃប្រទេសនីមួយៗឱ្យស៊ីសង្វាក់ ឬក៏យើងហៅថាភាពសុខដុមនីយកម្មរវាងគ្នា ក៏ប៉ុន្តែបញ្ហានេះយើងអាចដោះស្រាយទៅបានទេ។

ចំនុចទីពីរទៀត យើងគួរកត់សម្គាល់ដែរថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក៏ប៉ុន្តែបច្ចុប្បន្ននេះថ្វីត្បិតតែប្រទេសខ្លះបានឈានទៅរកការរីកចម្រើនផ្នែកបច្ចេកវិទ្យាខ្ពស់ដាច់ពីប្រទេសសមាជិកដទៃទៀតក៏ដោយ ក៏ប៉ុន្តែប្រទេសនៅក្នុងកិច្ចព្រមព្រៀង RCEP មានជំពូកស្ដីអំពីសហប្រតិបត្តិសេដ្ឋកិច្ចជួយគ្នាទៅវិញទៅមកឱ្យអនុវត្តកាតព្វកិច្ចដែលចែងនៅក្នុងកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាព។ ដូច្នេះយើងរំពឹងថាប្រទេសជាដៃគូទាំងអស់នោះនឹងរៀបចំខ្លួន ហើយយើងដែលជាប្រទេសដែលមានការរីកចម្រើនទាបជាងគេបន្តិច ក៏ត្រៀបរៀបចំខ្លួនដើម្បីទទួលផល ហើយស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសទាំងអស់នោះដែរ។

នៅក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ប្រទេសនីមួយៗដែលជាសមាជិកដៃគូនៃកិច្ចព្រមព្រៀងនេះ មានឯកទេសនីយកម្មផ្សេងៗគ្នា ខ្ញុំលើកឧទាហរណ៍ដូចជាប្រទេសកម្ពុជាយើងដែលជាប្រទេសមួយពឹងផ្អែកទៅលើវិស័យកសិកម្ម ហើយយើងសង្កេតឃើញថាយើងមានផ្ទៃដីកសិកម្មទូលំទូលាយ ហើយផ្ទៃដីកសិកម្មនេះនៅមានលទ្ធភាព និងសក្ដានុភាពអាចនឹងពង្រីករីកចម្រើនទៅទៀតបាន ឱ្យស្របតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីថាយើងនឹងប្រែក្លាយប្រទេសកម្ពុជាយើងឱ្យទៅជាប្រភពនៃផ្គត់ផ្គង់ស្បៀងមួយ សម្រាប់តំបន់ផងនិងពិភពលោកផង។ ដូច្នេះ ឯកទេសនីយកម្មរបស់យើងអាចនឹងប្រែក្លាយប្រទេសយើងឱ្យក្លាយជាប្រទេសកសិកម្មទំនើប ដែលជាប្រទេសកសិឧស្សាហកម្ម និងជាជម្រុកស្បៀងសម្រាប់បំពេញឱ្យទីផ្សារចំណីអាហាររបស់តំបន់ និងពិភពលោក។ ទិសដៅយើងគឺការធ្វើសមាហរណកម្មតំបន់ផង ធ្វើសមាហរណកម្មពិភពលោកផង ដូច្នេះជាផ្លូវដែលយើងត្រូវដើរទៅមុខដោយឆ្លងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី បានន័យថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ ក៏ដូចជាទ្វេភាគីរវាងប្រទេយើងជាមួយនឹងប្រទេសផ្សេងទៀតដូចជាករណីចិន និងកូរ៉េដែលយើងបានចុះហត្ថលេខារួចហើយនេះ។

ចំណុចមួយដែលយើងសង្កេតឃើញដែរថា យើងអាចនឹងមានបញ្ហាប្រឈមខ្លះនៅពេលដែលបច្ចេកទេស ឬបច្ចេកវិទ្យានៃការផលិតរបស់យើង និងសហគ្រាសតូចនិងមធ្យមនៅមានកម្រិត។ ដូច្នេះ ការជម្រុញ ទទួលយក ឬក៏ស្រូបយកបច្ចេកវិទ្យាផ្សេងៗគឺ ចាំបាច់ត្រូវផ្ដល់ទំនុកចិត្តដល់ប្រទេសដែលជាដៃគូរ ដែលគេមកធ្វើវិនិយោគក្នុងប្រទេសយើងនេះ ឱ្យគេមានទំនុកចិត្តថាបច្ចេកវិទ្យារបស់គេត្រូវបានការពារ ហើយត្រូវបានស្រូបយកតាមលក្ខណៈត្រឹមត្រូវតាមច្បាប់។ ក្នុងករណីនេះប្រទេសយើងជាប្រទេសមួយដែលមានច្បាប់កម្មសិទ្ធបញ្ញា ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយយើងគិតថាយើងមានភាពងាយស្រួលមិនពិបាកទេក្នុងការស្រូបយកនូវបច្ចេកវិទ្យា ក៏ប៉ុន្តែយើងត្រូវត្រៀមខ្លួនផងដែរថា កម្មករជំនាញរបស់យើងត្រូវតែបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលបន្ថែម កម្លាំងពលកម្មរបស់យើងត្រូវតែប្រែក្លាយពីអតិពលកម្មទៅជាកម្មករជំនាញ ដែលអាចបម្រើដល់ឧស្សាហកម្មដែលគេមកធ្វើវិនិយោគនៅក្នុងប្រទេសយើង។

មានប្រទេសខ្លះដើរតួនាទីជាការផ្គត់ផ្គង់ចម្បងនៅក្នុងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយប្រទេសខ្លះទៀតក៏ចូលរួមចំនែកក្នុងខ្សែច្រវ៉ាក់តម្លៃសកល ក៏សុទ្ធតែត្រៀមលក្ខណៈផ្លូវច្បាប់ទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ ទាំងការទទួលយកជំនាញក្នុងការធ្វើយ៉ាងណាឱ្យវិនិយោគមានលក្ខណៈងាយស្រួល។ ខ្ញុំបាទសូមលើកឧទាហរណ៍ថា ដូចជាប្រទេសកម្ពុជាយើងថ្មីៗនេះបានអនុវត្ត និងអនុម័ងច្បាប់ស្ដីពីការធ្វើវិនិយោគដែលគាំទ្រផ្ដល់ Smart Incentives ដល់ការស្រាវជ្រាវ ការធ្វើនវានុវត្តន៍ ក៏ដូចជាការបង្ហាត់បង្រៀនបណ្ដុះបណ្ដាលជំនាញសម្រាប់វិនិយោគិន ដោយលើកទឹកចិត្តឱ្យវិនិយោគគិនទាំងអស់នោះអនុវត្តនូវវិស័យទាំងអស់នេះ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ អញ្ចឹងវាជាបច្ច័យមួយល្អក្នុងការបង្កើនកម្រិតជំនាញសម្រាប់ឧស្សាហកម្មរបស់យើង ក៏ដូចជាការធ្វើវិនិយោគក្នុងស្រុក។ ចំនុចទីពីរ យើងក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងខ្លះដូចជាការកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ការកសាងប្រលានយន្តហោះធំៗអន្តរជាតិ ការកសាងភូមិផែទឹកជ្រៅក្រុងព្រះសីហនុ ការរៀបចំឯទេសនីយកម្មកំពុងផែស្វ័យតភ្នំពេញដែលជាកំពុងផែដែលមានឯកទេសដឹកទំនិញកសិផល និងទំនិញត្រជាក់។ល។ ហើយក៏ដូចជាការជម្រុញរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីធ្វើការតភ្ជាប់ទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)ក៏ជាការតភ្ជាប់មួយដែលយើងត្រៀមសម្រាប់ទទួលយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះដែរ។ នេះជាអ្វីដែលយើងអាចឆ្លុះបញ្ចាំងបានថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជម្រុញស្រូបយកបច្ចេកវិទ្យា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង គឺជាអ្វីដែលយើងត្រូវតែជម្នះនៅក្នុងបញ្ហាជាឧបសគ្គក្នុងពេលបច្ចុប្បន្ននេះ។

សំណួរទី ៣៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់នេះ អាចនឹងផ្ដល់នូវផលប្រយោជន៍ដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាឱ្យមានការរីកចម្រើនដល់កម្រិតណា?

ខ្ញុំបាទសូមជម្រាបថា រាជរដ្ឋាភិបាលយើងមានគោលនយោបាយជាក់លាក់ក្នុងការឈានទៅមុខ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោកដូចខ្ញុំបានជម្រាបពីខាងដើម។ ចំពោះវិស័យពាណិជ្ជកម្មក៏គ្នា យើងមានជំហានក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម ឬសេដ្ឋកិច្ចរបស់យើងតាមរយៈការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។ ហើយដូចខ្ញុំបានជម្រាបពីខាងដើមថា ដោយសារប្រទេសយើងជាប្រទេសកសិកម្មរាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្ត ប្រែក្លាយកសិករម្នាក់ឱ្យទៅជាពាណិជ្ជករម្នាក់ មានន័យថាយើងប្រកាន់ជំហថាពាណិជ្ជកររបស់ត្រូវតែមានស្មារតីសហគ្រិនភាព ត្រូវតែមានការយល់ឃើញច្បាស់អំពីឱកាសទីផ្សារ និងត្រូវផលិតអ្វីដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ នេះជាអ្វីដែលរាជរដ្ឋាភិបាលយើងបានជម្រុញកន្លងមក។ ចំនុចនេះធ្វើឱ្យប្រទេសកម្ពុជាយើងចាប់បាននូវមុខព្រួញពីរ គឺការធ្វើពាណិជ្ជកម្មសេរីទ្វេភាគីផង និងការធ្វើពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ផង បានន័យថាយើងនៅក្នុងចំណោមអ្នកដែលមានស្នាដៃជាមួយប្រទេសសេដ្ឋកិច្ចធំៗផង និងយើងចាប់យកដៃគូដែលមានលក្ខណៈអាចផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដូចជាចិន កូរ៉េ និងប្រទេសផ្សេងៗទៀត។ ដូច្នេះ ប្រទេសកម្ពុជាយើងរំពឹងទុកថាការទទួលបានទីផ្សារបន្ថែមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP គឺជាការពង្រីកទីផ្សារបន្ថែមទៅលើអ្វីដែលយើងធ្លាប់ទទួលបានរួចហើយ ដូចជាការទទួលបានការអនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP និងក្រោមប្រព័ន្ធ EBA ។ល។ ដែលជាទីផ្សារចាស់ ហើយយើងក៏ត្រៀមផងដែរថា ដំណាលតទៅនៅពេលដែលយើងផុតចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច យើងត្រូវត្រៀមដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។ នេះគឺជាការបំពេញបន្ថែមទៅវិញទៅមកនៅក្នុងឱកាសទីផ្សារ (Market Access) ហើយក៏ជាឱកាសនៅក្នុងការចាប់យកនូវបច្ចេកវិទ្យាដូចខ្ញុំបានជម្រាបពីខាងដើម។ នេះជាផលប្រយោជន៍ពីផ្នែកពាណិជ្ជកម្ម ក្នុងនោះយើងឃើញថាពាណិជ្ជកម្មអាចនឹងមានភាពងាយស្រួលជាមុនអាស្រ័យដោយការសម្របសម្រួលនីតិវិធីផ្សេងៗ នីតិវិធីគយក្ដី នីតិវិធីវិធានប្រភពដើមទំនិញក្ដី ដូចជាការទទួលបាននូវកិច្ចសម្រួលផ្នែកអនាម័យ និងភោគភាពអនាម័យ។ល។ ចំពោះការរំពឹងទុកអំពីការទទួលផលបានពីវិនិយោគ យើងសង្កេតឃើញថាកាលណាយើងក្លាយជាសមាជិករបស់ RCEP យើងមានទីផ្សារធំ យើងជាប្រទេសដៃគូមួយហើយយើងមានទីផ្សារចិនមួយទៀតដែលជាទីផ្សារពាណិជ្ជកម្មសេរីទ្វេភាគី ក៏ដូចជាទីផ្សារកូរ៉េ ដែលអ្នកធ្វើវិនិយោគិននឹងមកធ្វើវិនិយោគនៅប្រទេសកម្ពុជាយើងដើម្បីផលិតហើយ នាំចេញទៅកាន់ទីផ្សារទាំងអស់នោះ។ គាត់រំពឹងទុកថា គាត់អាចនាំចេញទីផ្សារប្រទេស RCEP ដែលជាទីផ្សារធំមួយមានប្រជាពលរដ្ឋឬក៏កម្លាំងទិញរហូតដល់ជិត ២.២ពាន់លាន ហើយក៏គាត់អាចនឹងនាំចេញទៅកាន់ទីផ្សារចិន កូរ៉េ ឬទីផ្សារពាណិជ្ជកម្មសេរីផ្សេងៗទៀត។ អញ្ចឹងកម្រិតនៃការធ្វើវិនិយោគនឹងកើនឡើង ហើយគួបផ្សំនឹងច្បាប់វិនិយោគយើងដែលបង្កឡើងលក្ខណៈការធ្វើវិនិយោគកាន់តែងាយស្រួល យើងអាចរំពឹងថានឹងអាចទាក់ទាញវិនិយោគថែមទៀតមកធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ដែលចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់បូកផ្សំទៅនឹងអ្វីដែលជាឯកទេសនីយកម្ម ដូចជាការផលិតសម្លៀបបំពាក់ ស្បែកជើង កង់។ល។ ហើយថ្មីៗយើងឃើញថាមានការមករៀបចំឧស្សាហកម្មតម្លើងរតយន្ត គ្រឿងបន្លាស់ គ្រឿងបង្គំផ្សេងៗក៏មានច្រើននៅក្នុងប្រទេសកម្ពុជា។ ទាំងអស់នេះជាដើមចមអាចនឹងទាញមកថែមទៀតនូវការធ្វើវិនិយោគ នៅពេលដែលកិច្ចព្រមព្រៀងជាមួយប្រទេសទាំងពីរនេះចូលជាធរមាន ហើយមនុស្សនិងធុរជនអាចយល់ពីតម្លៃនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។ល។

សំណួរទី ៤៖ កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលភាគច្រើនពឹងផ្អែកទៅលើការនាំចូលផលិតផលពីក្រៅស្រុក និងមានលទ្ធភាពតិចទៅលើផលិតកម្ម និងទីផ្សារក្នុងស្រុក ដោយសារតែកង្វះខាតនៃធនធាន វត្ថុធាតុដើម និងបច្ចេកវិទ្យាទំនើបជាដើម។ តាមរយៈការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀង RCEP តើកម្ពុជានឹងទទួលបាននូវផលប្រយោជន៍អ្វីខ្លះ ដើម្បីឱ្យមានកំណើននៃ    អត្រាផលិតកម្មក្នុងស្រុកកើនឡើងជាងមុន? ហើយទទួលបានដោយរបៀបណា?

អ្វីដែលយើងសម្រឹងឃើញពីដើមទី ដែលហៅថាផលប្រយោជន៍ដែលយើងទទួលបានភ្លាមៗ (Low Hanging Fruit) គឺការធ្វើពាណិជ្ជកម្មទំនិញ។ ហើយនៅក្នុងដំណាក់កាលទីពីរនេះគឺ ការសម្លឹងឃើញនូវការទាក់ទាញវិនិយោគដែលអាចធ្វើវិនិយោគនៅក្នុងប្រទេសយើងហើយទន្ទឺមនឹងនេះនាំយកបច្ចេកវិទ្យារីកចម្រើន។ ក៏ប៉ុន្តែយើងក៏ត្រូវចាំផងដែរថា នៅក្នុងជំពូករបស់ RCEP នេះក៏មានចែងអំពីសហគ្រាសតូច និងមធ្យម ដែលក្នុងនោះសហគ្រាសតូច និងមធ្យមនឹងទទួលបាននូវផលប្រយោជន៍មួយចំនួនពីការផ្គត់ផ្គង់បច្ចេកទេស ក្រោមរូបភាពកិច្ចសហប្រតិបត្តិការ និងការបន្ធូរបន្ថយលើលក្ខណៈមួយចំនួនសម្រាប់ការរីកចម្រើនរបស់ខ្លួនទៅអនាគត។ ដូច្នេះនៅពេលដែលយើងជាប្រទេសដែលកំពុងតែអភិវឌ្ឍតិចតួច បានន័យថាយើងស្ថិតនៅក្នុងឋានៈជា LDC ឈានជើងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ឧស្សាហកម្មយើងនៅមានភាពទន់ខ្សោយមិនទាន់មានបច្ចេកវិទ្យាមិនទាន់មានកម្លាំងច្រើន យើងចាំបាច់ត្រូវស្រូបយកបច្ចេកវិទ្យាដែលរីកចម្រើនជាមួយគេឯង ហើយយើងមិននៅដូចនេះរហូតទេ ខ្ញុំលើកឧទាហរណ៍កាលពីឆ្នាំ១៩៩៧ នៅពេលដែលយើងទទួលបានរោងចក្រកាត់ដេរដំបូង យើងតែងតែគិតថាយើងមានលទ្ធភាពត្រឹមតែផលិតសម្លៀកបំពាក់នាំចេញការផ្គុំ ទាំងស្បែកជើងក៏ដូចគ្នាប្រហែលជាយើងមិនមានទទួលបានបច្ចេកវិទ្យាអ្វីលើសពីនេះទេ ក៏ប៉ុន្តែជាបណ្ដើរៗឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង កង់របស់យើងបានរីកចម្រើន យើងប្រែក្លាយពីការផ្គុំតម្លើងទៅជាការកែច្នៃ កាត់ ផលិត ទៅជាប្រទេសមួយដែលមានឯកទេសនីយកម្មរហូតដល់ទំនិញរបស់យើង ក្លាយជាទំនិញមានគុណភាពនៅលើទីផ្សារអន្តរជាតិ។ សព្វថ្ងៃនេះ Made in Cambodia ត្រូវបានគេទទួលស្គាល់ ហើយរោងចក្រកាត់ដេររបស់យើងជាបណ្ដើរៗ និងអ្នកបច្ចេកទេសខ្មែរត្រូវបានផ្លាស់ប្ដូរជំនួសទៅជាមេការបរទេសរួចទៅហើយ បានន័យថាយើងមានការរីកចម្រើន។

ឧស្សាហកម្មខ្នាតធំ និងមធ្យមរបស់យើងនឹងមានកំណើន បច្ចេកវិទ្យាដោយសារយើងចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ទន្ទឹមនឹងយើងបង្កើននៃកម្រិតសមត្ថភាពរបស់យើងបានខ្ពស់ នោះវានឹងនាំឱ្យកត្តារីកចម្រើននៃផលិតភាពផលិតកម្មវានឹងកើនឡើងរួមទាំងគុណភាពដែលយើងមានស្រាប់។ ឧទាហរណ៍ជាក់ស្ដែងដែលយើងសម្លឹងឃើញខ្លួនឯងនូវភាពវិជ្ជមាន គឺយើងសង្កេតឃើញថាប្រទេសយើងបច្ចុប្បន្នកំពុងតែទទួលបាននូវការទទួលស្គាល់ ហើយកំពុងតែទាក់ទាញបាននូវការទុកចិត្តអាស្រ័យដោយយើងមានបាននូវច្បាប់ទម្លាប់ក្នុងស្រុក អាស្រ័យដោយសមត្ថភាពជំនាញរបស់កម្មករយើង ដែលថ្មីៗនេះយើងឃើញមានវិនិយោគឧស្សាហកម្មដំឡើងរថយន្តដែលមានរថយន្ត Ford ធ្វើនៅខេត្តពោធិ៍សាត់ រថយន្ត Hyundai ធ្វើនៅកោះកុង រថយន្ត SsanYong ធ្វើនៅប៉ាវិត។ល។ ហើយគ្រឿងបន្លាស់គ្រឿងបង្គំមួយចំនួនដែលក្រោមរូមភាពជាឧស្សាហកម្មចង្កោម (Cluster Industry) ដែលបម្រើឱ្យឧស្សាហកម្មធំៗ ចាប់ផ្ដើមផលិតនៅស្រុកខ្មែរ ហើយនាំចេញត្រឡប់ទៅបរទេសវិញ។ ទាំងអស់នេះវាធ្វើឱ្យសមត្ថភាពជំនាញឧស្សាហកម្មតូច និងមធ្យមរបស់យើងកើនឡើង ហើយក៏ជម្រុញឱ្យសហគ្រាសធុនតូច និងមធ្យមរបស់យើងដែលជាចង្កោមសេដ្ឋកិច្ចមានផលិតភាពផលិតកម្ម និងគុណភាពផលិតផលរបស់ខ្លួនកាន់តែរីកចម្រើនផងដែរ ដែលនេះជាចំនុចវិជ្ជមាន។

ហើយបើយើងគិតទៅដល់ចំនុចអវិជ្ជមានដែលយើងបាននិយាយអំពីពីមុនខាងដើមរួចមកហើយ ដូចជាខ្វះបច្ចេកវិទ្យា វត្ថុធាតុដើម។ល។ យើងអាចទទួលបានទៅវិញទៅមកតាមរយៈការផ្សារភ្ជាប់ និងធ្វើសមាហរណកម្មទីផ្សារ RCEP ប្រទេសទាំង១៥នេះ ដែលបើកចំហឱ្យមានលំហូរទំនិញ បង្កជាភាពងាយស្រួលជាងមុន ឬក៏បើកចំហរឱ្យមានលំហូរនៃបច្ចេកទេសដែលមានភាពងាយស្រួលជាងមុន។ អញ្ចឹងហើយនេះជាអត្ថប្រយោជន៍ដែលយើងទទួលបានបន្ដើរៗ ជម្នះនូវរាលបញ្ហាប្រឈមទាំងសមត្ថភាពជំនាញ លំហូរវត្ថុធាតុដើម និងកង្វះខាតសមត្ថភាពនិងគុណភាពទំនិញជាដើម។

សំណួរទី ៥៖ តើកិច្ចព្រមព្រៀង RCEP នឹងកៀរគរលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ដូចជានាំយកបច្ចេកវិទ្យាបរទេសមកកម្ពុជាយ៉ាងដូចម្ដេចខ្លះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជួយស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សក្រោយវិបត្តិកូវីដ-១៩?

ដូចយើងបានជ្រាបស្រាប់ហើយថា ជំងឺកូវីដ-១៩បានប៉ះពាល់មិនត្រឹមតែកម្ពុជាទេតែបានប៉ះពាល់ទៅដល់ប្រទេសទាំងអស់នៅលើពិភពលោក មិនមានប្រទេសណាមួយអាចឆ្លងផុតពីការប៉ះពាល់ពីវិបត្តិនេះបានទេ។ ដូច្នេះហើយបានជាពិភពលោកទាំងមូលបានកំណត់នូវវិធានតាមគន្លងតាមប្រក្រតីភាពថ្មី ហើយប្រទេសកម្ពុជាយើងក៏ដូចគ្នារាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាត់បានចេញវិធានការនៅក្នុងការរស់ នៅក្នុងគន្លងនៃប្រក្រតីភាពថ្មីនេះដែរ។ ការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីនេះ ជាសញ្ញាមួយនៃការបើកចំហរនៃការធ្វើសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានការរីករាលដាលនៃជំងឺនេះធ្វើឱ្យប៉ះពាល់ទៅដល់កម្លាំងពលកម្ម ប៉ះពាល់ទៅដល់ការអនុវត្តសេដ្ឋកិច្ច ប៉ះពាល់ទៅដល់ស្ថានភាពទីផ្សារ។ល។

នៅក្នុងកិច្ចព្រមព្រៀង RCEP ឃើញថាយើងមានជំពូកស្ដីអំពីវិនិយោគ ជំពូកស្ដីអំពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជំពូកស្ដីអំពីការធ្វើសហប្រតិបត្តិការនិងបច្ចេកវិទ្យា ជាពិសេសសហប្រតិបត្តិការសេដ្ឋកិច្ច។ ចំពោះករណីពាណិជ្ជកម្មយើងបានរំពឹងទុកខ្លាំងទៅលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលរាជរដ្ឋាភិបាលយើងក៏ជម្រុញផងដែរនូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការចាប់យលនូវឧស្សាហកម្ម៤.០ ដែលត្រូវជាឧស្សាហកម្មទំនើបថ្មីដែលប្រើប្រើប្រាស់សញ្ញានិមិត្ត Artificial Intelligence (AI) ឬក៏ប្រើប្រាស់ទិន្នន័យធំៗដែលយើងហៅថា Big Data វិភាគដើម្បីសិក្សាតម្រូវការទីផ្សារ ក៏ដូចការពិនិត្យទៅលើសន្ទសន៍សេដ្ឋកិច្ចផ្សេងៗ។ ដូច្នេះនៅក្នុងជំពូកដែលមានទំនាក់ទំនងគ្នារវាងពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា យើងរំពឹងទុកថាការគារគរវិនិយោគដោយផ្ទាល់ ធ្វើវិនិយោគនៅប្រទេសកម្ពុជាយើងដូចដែលខ្ញុំបាទបានជម្រាបពីខាងដើម គឺយើងនឹងប្រើប្រាស់បរិយាកាសវិនិយោគប្រកបទៅដោយភាពកក់ក្ដៅ ឬក៏មានលក្ខណៈទាក់ទាញ ដែលច្បាប់វិនិយោគថ្មីរបស់យើងបានជម្រុញឬក៏សម្រួលរួចហើយ នៅក្នុងការអនុម័តក្នុងការលើកទឹកចិត្តដែលការលើកទឹកចិត្ត (Smart Incentive) ឱ្យតម្លៃទៅលើការអភិវឌ្ឍន៍ ការសិក្សាស្រាវជ្រាវ ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញសម្រាប់សមាជិកកម្មករ ហើយយើងនឹងប្រើប្រាស់សក្ដានុពលដែលយើងមានដូចជា

  • ទីមួយ ផ្ទៃដីកសិកម្មដើម្បីជម្រុញការធ្វើវិនិយោគផ្ទាល់លើកសិឧស្សាហកម្ម។
  • ទីពីរ យើងនឹងប្រើប្រាស់កត្តាសក្ដានុពលរបស់យើងដែលទាក់ទងនឹងពលកម្មជំនាញ ពលកម្មដែលនៅមានតម្លៃទាបនៅឡើយ ហើយនៅមានការគោរពច្បាប់ការងារ ដែលគេបានឱ្យតម្លៃយើងដែលយើងភ្ជាប់ពលកម្មទៅនឹងពាណិជ្ជកម្ម ដែលយើងហៅថាជាការផ្ដល់នូវកិត្តិយសមួយពីអង្គការពលកម្មអន្តរជាតិ (ILO) ដែលយើងមានគម្រោងរោងចក្រកាន់តែប្រសើរឡើង។ល។ ហើយពលកម្មយើងនៅមនាកម្លាំងពលកម្មក្មេង។
  • ទីបី យើងកំពុងតែកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំៗនៅតាមព្រំដែន តំបន់ដែរមានផ្ទីដីទូលំទូលាយសម្រាប់ការធ្វើបណ្ដុំ ឬចង្កោមឧស្សាហកម្ម ហើយយើងមានគោលនយោបាយអភិវឌ្ឍន៍ IDP (Industrial Development Policy)​ ច្បាស់លាស់ ហើយថ្មីៗនេះយើងគោលការណ៍អនុម័តគោលនយោបាយឌីជីថលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការមួយចំនួនចម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការរៀនរស់នៅក្នុងប្រក្រតីភាពថ្មី។

ដូច្នេះការទាញយកការវិនិយោគពីបរទេស ក្រោមការជម្រុញឱ្យមានបរិយាកាសនៃការវិនិយោគល្អ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរឹងដូចជាផ្លូវថ្នល់ កំពុងផែរទឹកជ្រៅ ប្រលានយន្តហោះ ការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទន់ ដូចច្បាប់ការពារកម្មសិទ្ធសញ្ញា ច្បាប់អំពីការប្រកួតប្រជែង ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិច។ល។ ទាំងអស់នេះគឺជាការផ្ដល់នូវទំនុកចិត្តមួយសម្រាប់វិនិយោគិន ដែលវិនិយោគិនគេមកធ្វើវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាយើង គេរំពឹងទុកថាគេនឹងទទួលបានការការពារ ហើយទន្ទឹមនឹងនេះប្រទេសកម្ពុជាយើងក៏បានចុះកិច្ចព្រមព្រៀងការពារវិនិយោគជាលក្ខណៈទ្វេភាគីជាមួយប្រទេសជាច្រើន ដែលធ្វើឱ្យការនាំយកមកនូវការធ្វើវិនិយោគិននឹងអាចធ្វើឡើងប្រកបដោយទំនុងចិត្ត។ ចំពោះការនាំយកមកនូវបច្ចេកវិទ្យាវិញ ពេលដែលយើងមានច្បាប់កម្មសិទ្ធបញ្ញា គេយល់ច្បាស់ថាបច្ចេកវិទ្យាបរទេស ឬក៏យើងហៅថាអ្វីៗដែលគេផលិតនៅស្រុកយើង ហើយយើងអាចស្រូបយកបច្ចេកវិទ្យាពីគេត្រូវបានការការពារ ដើម្បីប្រើប្រាស់ និងអនុវត្តនៅក្នុងប្រទេសរបស់យើង។

************

វាគ្មិនកិត្តិយស៖ ឯកឧត្ដម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម

អ្នកសម្របសម្រួល និងរៀបចំឯកសារ៖ លោក ទន់ លីណាសុផាឬទ្ធិ

- Advertisement -spot_img
- Advertisement -spot_img
AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ព័ត៌មានថ្មី

spot_img
- Advertisement -spot_img

ព័ត៌មានជាប់ទាក់ទង

spot_img

របាយការណ៍វិភាគ