Cambodia2050 Ep33: តើបញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande ជះឥទ្ធិពលអ្វីខ្លះ ដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា

សំនួរ៖ យើងឃើញថា ក្រុមហ៊ុនយក្សចិនដ៏ធំមួយទាក់ទងទៅនឹងអចលនទ្រព្យគឺក្រុមហ៊ុន Evergrande ដែលពិសេស អ្នកនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតាមបណ្ដាលសារព័ត៌មានតែងតែតាមដាន ទាក់ទងទៅនឹងព័ត៌មានរបស់ក្រុមហ៊ុនមួយនេះ យើងឃើញហើយថា ក្រុមហ៊ុនមួយនេះមានបំណុលរហូតទៅដល់ 300ពាន់លាន ឯណោះហើយនៅក្នុងនោះផងដែរ អ្នកដែលជាភាគីពាក់ព័ន្ធ ឬ អ្នកដែលមានភាគហ៊ុនគាត់បានបញ្ចេញទឹកប្រាក់រហូតទៅដល់ពីទី្រលានផងដែរ តែហាក់បីដូចជាមិនមានស្ថានការណ៍ល្អប្រសើរនោះទេ។ ហើយថ្មីៗនេះយើងឃើញថា ក្រុមហ៊ុនកាន់តែមានស្ថានភាពដុនដាបទៅហើយ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាក្រុមហ៊ុនដ៏ធំមួយនេះ តើវាអាចជះឥទ្ធិពល សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារបស់យើងដែរ ឬ ទេ ប្រសិនបើករណីដែលជះឥទ្ធិពល ឬក៏អត់ជះឥទ្ធិពលដោយសារតែកត្តាអ្វីដែរ?

ជាធម្មតាទេក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន ហើយក៏អាចហៅបានថាជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភពលោក ដែលមានបំណុលច្រើនជាងគេ ហើយយើងទាំងអស់គ្នាក៏ឃើញថា យើងក៏ជះឥទ្ធិពលមួយចំនួនពីអ្នកវិនិយោគនៅប្រទេសចិនក៏ច្រើនដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា បើសិនជាក្រុមហ៊ុននោះ មានការដួលរលំមែនយើងក៏អាចប៉ះពាល់មួយចំនួនដែរ។ តែការប៉ះពាល់នេះ ខ្ញុំមើលទៅគឺជាការប៉ះពាល់ជាប្រយោជន៍នោះទេ ពីព្រោះកន្លងមកតាមជំនាញរបស់ខ្ញុំផ្ទាល់ ក្រុមហ៊ុនដែលធំៗលំដាប់ Evergrande នេះ មិនទាន់បានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ មានតែអ្នកវិនិយោគដែលមានលុយខ្លួនឯងផ្ទាល់ ឬ មួយក៏អាចមានក្រុមហ៊ុនល្មមៗដែលបានមកវិនិយោគ។ អញ្ចឹងទោះបីជាក្រុមហ៊ុននេះបានដួលរលំមែន នៅពេលខាងមុខក៏វាមិនប៉ះពាល់ទៅលើវិស័យអចលនវត្ថុខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងនោះដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ យើងឃើញថា ភាពយ៉ាប់យ៉ឺនរបស់ក្រុមហ៊ុនយក្សមួយនេះ បើសិនជារដ្ឋាភិបាលចិនមិនលូកដៃចូលជួយ ខាងហិរញ្ញវត្ថុ មិនលើកស្ទួយដល់ក្រុមហ៊ុននោះទេ ក្រុមហ៊ុននេះមិនអាចងើបបានមកវិញនោះទេ ព្រោះគាត់មានផលលំបាករួចហើយ អញ្ចឹងកន្លងមកយើងឃើញថា មានក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសចិន នៅពេលដែលក្រុមហ៊ុននោះជួបបញ្ហា រដ្ឋាភិបាលតែងតែលូកដៃចូលជួយដើម្បីសង្គ្រោះ ពីព្រោះវាមិនមែនប៉ះពាល់ចំពោះតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះនោះទេ តែពាក់ព័ន្ធទៅដល់មនុស្សរាប់ពាន់រាប់សែននាក់ ដែលបានបម្រើការនៅក្នុងក្រុមហ៊ុននោះ ដូច្នេះរដ្ឋាភិបាលត្រូវតែមានការទទួលខុសត្រូវក្នុងការជួយ ដែលធ្វើឲ្យក្រុមហ៊ុននេះ អាចបន្តដំណើរការរបស់ខ្លួនបន្តទៅមុខទៀតតែបើសិនជារដ្ឋាភិបាលមិនជួយទេគឺមិនអាចឈរជើងទៅមុខទៀតបាននោះទេ។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងបញ្ហាក្រុមហ៊ុននេះ ថាតើបញ្ហាចម្បងអ្វី ដែលធ្វើឲ្យក្រុមហ៊ុនយក្សនៅក្នុងប្រទេសចិនធ្លាក់ខ្លួនដល់កម្រិតនេះ?

ថ្មីៗនេះខាងក្រុមហ៊ុនខ្ញុំដែលជាសមាជិកមួយ នៅក្នុងប្រទេសនៃតំបន់អាស៊ាននេះ បានធ្វើការប្រជុំវែកញែកទាក់ទងទៅនឹងក្រុមហ៊ុននេះផងដែរ ពេលដែលយើងសួរនាំទៅលើក្រុមហ៊ុនយក្សមួយនេះ ខាងសមាជិកយើងនៅក្នុងប្រទេសហុងកុងលោក ហឹង គ្រីចាន់ គាត់បានលើកឡើងថា ក្រុមហ៊ុននេះរឿងវិស័យអចលនវត្ថុល្អធម្មតានោះទេ មិនមានអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែក្រុមហ៊ុននេះមាន Business ពាក់ព័ន្ធជាច្រើនទៀត ដែលពេលកូវីដបានកើតឡើងនៅចុងឆ្នាំ 2019 នោះធ្វើឲ្យវិស័យមួយចំនួនធំរបស់ក្រុមហ៊ុននេះ ត្រូវបានបិទអត់ដំណើរការដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រុមហ៊ុននេះទាំងស្រុង។ តាមពិតលើវិស័យអចលនវត្ថុ ក្រុមហ៊ុននេះនៅដំណើរការល្អធម្មតានោះទេ ប៉ុន្តែដោយសារតែគាត់មានមុខជំនួញជាច្រើនដូចជាឡានប្រើអគ្គីសនីក៏ជាផ្នែកមួយនៅក្នុងចំណោមទាំងនោះដែរ ទោះបីគាត់ខំបញ្ចេញលុយ២០០ ពាន់លានក៏នៅតែមិនអាចស្ដារក្រុមហ៊ុននេះបានផងដែរ។

សំនួរ៖ ដោយឡែកទាក់ទងទៅនឹងសេដ្ឋកិច្ចប្រទេសចិនវិញ ថាតើសម្រាប់លោក ឧកញ៉ា ផ្ទាល់នៅក្នុងបទពិសោធន៍ជាអ្នកអចលនទ្រព្យ ដែលលោក ឧកញ៉ា មានទំនាក់ទំនងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស និង ជាអន្តរជាតិផងដែរនោះ ថាតើសម្រាប់ប្រទេសចិនផ្ទាល់ សេដ្ឋកិច្ចពិភពលោក អាចប៉ះពាល់ ដែរឬទេ ឬក៏យ៉ាងណាដែរ?

ធម្មតាក្រុមហ៊ុននេះមានការវិនិយោគធំនៅក្នុងប្រទេសចិន ជាការបារម្ភមួយរបស់អតិថិជន មិនថាតែនៅក្នុងប្រទេសចិនទាំងមូល វាក៏ជាលំដាប់អន្តរជាតិមួយផងដែរ ពីព្រោះយើងឃើញហើយថា ប្រទេសចិនគឺជាប្រទេសមួយដែលមានការវិនិយោគទៅលើវិស័យអចលនវត្ថុនេះច្រើនជាងគេ នៅលើពិភពលោកតែម្ដងយើងមិនដឹងថាក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ធជាមួយនឹងប្រទេសណាខ្លះនោះទេ ហើយក្រុមហ៊ុន Evergrandeនេះក៏មិនដឹងថាមានការវិនិយោគនៅប្រទេសណាខ្លះនោះទេ យើងមើលឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមួយនេះលឿនមែនទែន ដែលធ្វើឲ្យមានការរីកចម្រើនលឿន ធ្វើឲ្យមានទំនុកចិត្តទៅដល់ប្រព័ន្ធហិរញ្ញវត្ថុ ឲ្យកម្ចីដ៏លើសលប់ទៅដល់ក្រុមហ៊ុននេះ ដែលធ្វើឲ្យមានបញ្ហាមកដល់សព្វថ្ងៃនេះប្រសិនបើក្រុមហ៊ុននេះ ពិតជាមានការដួលរលំមែន ខ្ញុំគិតថាអាចនឹងរង្គោះរង្គើខ្លះនោះដែរ ចំពោះវិស័យអចលនាវត្ថុនៅលើពិភពលោក ប៉ុន្តែសម្រាប់កម្ពុជាដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយស្មើនឹងខេត្តរបស់ចិនមួយ មិនជាបញ្ហានោះទេ។

សំនួរ៖ នៅក្នុងបញ្ហានេះ គេបានលើកឡើងថា កម្ចីជ្រុលហួសទៅលើការវិនិយោគលើខុនដូ ទាក់ទងទៅនឹងអចលនវត្ថុផ្សេងទៀតជាដើមនៅក្នុងប្រទេសចិន ព្រមទាំងមានការអាក់ខានដោយសារតែកូវីដទៀតនោះ ធ្វើឲ្យប្រជាជនចិនមិនមានលទ្ធភាពក្នុងការបងទៅវិញ សម្រាប់បញ្ហានេះលោកឧកញ៉ាយល់ឃើញយ៉ាងណាដែរ?

យើងឃើញហើយថា ក្រុមហ៊ុននេះមានគម្រោងជាច្រើនដែលធ្វើការសាងសង់មិនទាន់ចប់នៅឡើយទេ អញ្ចឹងហើយ ពាក់ព័ន្ធទៅនឹងការបង់រំលោះនេះក៏មានច្រើនសម្បើមដែរ ដែលធ្វើឲ្យនៅពេលដែលមានបញ្ហាកើតឡើងធ្វើឲ្យអតិថិជនមួយភាគធំ ដែលមិនមានលទ្ធភាពបង់ទៅដល់អ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុននោះ ដែលធ្វើឲ្យក្រុមហ៊ុននោះមានបញ្ហាខាងហិរញ្ញវត្ថុកើតឡើងនេះ។

សំនួរ៖ យើងក្រឡែកមកមើលទៅលើប្រទេសកម្ពុជារបស់យើងវិញ សម្រាប់លោកឧកញ៉ាផ្ទាល់ យល់ឃើញយ៉ាងណាដែរ ចំពោះវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ 2022នេះ ថាតើនៅក្នុងវិស័យអចលនទ្រព្យ មានផ្នែកជាច្រើន ផ្នែកដីធ្លី ផ្នែខុនដូ ផ្នែកផ្ទះលំនៅឋាន ដែលមានការសាងសង់ជាច្រើនផងដែរ មិនថានៅក្នុងទីក្រុង នឹងមានការកើនឡើងខ្លាំងនៅតាមបណ្ដាលជាយក្រុងផងដែរ តើលោកឧកញ៉ាយល់ឃើញយ៉ាងណានៅក្នុងវិស័យនេះនៅក្នុងឆ្នាំ 2022 ដែលមានឱកាសច្រើនជាងគេ?

ដោយសារតែប្រទេសយើងមានសន្តិភាព ហើយការរីកចម្រើនរបស់ប្រជាពលរដ្ឋយើង មានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការវិនិយោគ ក្នុងការទិញផ្ទះរបស់ខ្លួន ឬក៏ដីធ្លីដែលធ្វើឲ្យវិស័យអចលនវត្ថុរបស់យើងមានការកើនឡើងជាលំដាប់ ហើយឥឡូវនេះប្រជាពលរដ្ឋមានការងារធ្វើ ឲ្យតែពួកគាត់មានការងារធ្វើគឺគាត់អាចមានលទ្ធភាពក្នុងការបង់រំលោះទៅលើផ្ទះ ដែលមានតម្លៃសមរម្យសម្រាប់ពួកគាត់ អញ្ចឹងហើយនេះគឺជាមោទនភាពថ្មីមួយដែលអ្នកអភិវឌ្ឍន៍ ទទួលបានហើយគាត់មានប្រភេទនៃការធ្វើខុសខុសគ្នា ធ្វើឱ្យការបង់លុយទៅកាន់គម្រោងរបស់គាត់នីមួយៗមានភាពងាយស្រួលទៅដល់អ្នកដែលទិញទាំងអស់នោះផងដែរ ដែលធ្វើឲ្យឃើញមានថាការរីកចម្រើនការធ្វើបុរី មិនថាផ្ទះថោករហូតដល់ផ្ទះដែលមានតម្លៃថ្លៃ ហើយមានការលក់ដាច់ជាច្រើន ដោយសារតែការវិនិយោគរបស់ប្រជាពលរដ្ឋយើង មានភាពចាស់ទុំហើយដែលធ្វើឲ្យវិស័យមួយនេះ មានសន្ទុះទៅមុខជាប់ជានិច្ច។ ប៉ុន្តែយើងក៏ឃើញដែរថាមានផលប៉ះពាល់កន្លងមក ដោយសារតែអគារខ្ពស់ៗលក្ខណៈដូចជាខុនដូ ដែលប្រជាពលរដ្ឋយើងនៅមានការភ័យខ្លាចនៅក្នុងការរស់នៅនៅលើអគារខ្ពស់ៗនោះ។ ភាគច្រើនយើងធ្វើសម្រាប់ភ្ញៀវបរទេសដែលធ្វើឲ្យមានផលប៉ះពាល់មួយចំនួន ឥឡូវនេះចាប់ផ្ដើមយុវជនទើបពីការហើយថ្មីៗចាប់ផ្ដើមមានចំណាប់អារម្មណ៍ទៅលើការរស់នៅលើខុនដូដែលមាន Life style របៀបទំនើបក៏ចាប់ផ្ដើមធ្វើការទិញដើម្បីការស្នាក់នៅងាយស្រួល និងនៅជិតកន្លែងធ្វើការរបស់ពួកគាត់ អញ្ចឹងក៏ឃើញថាមានចំណុចពិសេស និង ល្អផងដែរ

ជាពិសេសវិស័យដីធ្លីមិនសូវជាមានផលប៉ះពាល់ប៉ុន្មាននោះទេ ដោយសារតែមានការទិញដូរជាហូរហែរ៕

***********

វាគ្មិន៖ លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner