សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួន ជនសង្ស័យ០២នាក់ បានភ្លាមៗ បន្ទាប់ពីលួចកាច់សោរកម៉ូតូបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលួចកាច់សោរកម៉ូតូបានសម្រេច កាលពីវេលាម៉ោង០៩ និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយឡែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានរួមមាន ៖ ទី០១ឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និពន្ធនាយករងសាព័ត៌មាន សម្លេងប្រជាជន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 មានលេខតួ9036891 និងលេខម៉ាស៊ីន 9037400 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រៃវែង 1V-5427 មានលេខតួ និងលេខម៉ាស៊ីន6120710 ចំនួន០១គ្រឿង ៣/តួណឺវីសដងលឿងចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន០២គ្រឿង (ពណ៌កាប់ស្ទាំងចំនួន០១គ្រឿង,ពណ៌ផ្កាឈូកចំនួន០១គ្រឿង) ៥/ប័ណ្ណសម្គាល់ខ្លួនសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌីចំនួន០២សន្លឹក, ៦/ប័ណ្ណសម្គាល់យានយន្តថតចម្លងរបស់ឈ្មោះ ហែម សុផាត ចំនួន០១សន្លឹក, ៧/នាមប័ណ្ណសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៤សន្លឹក, ៨/កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចំនួន០១ , ៩/កូនសោរម៉ូតូចំនួន០១, ១០/កូនសោររថយន្តចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា BEAT ពណ៌ក្រហម ចេញពីផ្ទះ ស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែងខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

ពេលមកដល់កន្លែងធ្វើការជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះល្វែងកំពុងសាងសង់ជាន់ខាងក្រោម ដោយបានចាក់ករត្រឹមត្រូវ តែពុំបានបិទសន្ទះទេ រួចក៏ឡើងទៅធ្វើការនៅជាន់០១ រហូតដល់វេលាម៉ោង០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះពីជាន់ទី០១មកកន្លែងទុកម៉ូតូ ក៏បានឃើញជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ កំពុងបណ្តើរម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះចេញ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ក៏បានផ្តួលម៉ូតូរបស់ជនរងគ្រោះ ស្ទុះរត់ឡើងជិះម៉ូតូរបស់បក្ខពួកម្នាក់ទៀតឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលឈប់ចាំនៅចំងាយពីកន្លែងកើតហេតុប្រវែង១០ម៉ែត្រ បម្រុងបើកគេចខ្លួន ក៏ត្រូវសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុស្រាប់ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner