វិស័យមីក្រូហិរញ្ញវត្ថុចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សាកលវិទ្យាល័យធនធានមនុស្ស(HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅអគារសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហា​មន្ត្រី។

នេះជាលើកទីមួយក្នុងប្រទេសកម្ពុជា ដែលគ្រឹះស្ថានឧត្តមសិក្សាមួយចាប់ដៃគូសហប្រតិបត្តិការជាផ្លូវការ ជាមួយវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលក្នុងការកសាងភាពជាដៃគូ ដែលជាយន្តការ តភ្ជាប់សម្ព័ន្ធភាពទំនាក់ទំនងទ្វេភាគី ដើម្បីជួយជំរុញនិងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ពិសេសឱកាសអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈរបស់ប្អូនៗ សិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ជប់ការសិក្សានាពេលខាងមុខ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា៖​ អនុស្សរណៈនៃការយោគយល់នេះ មានកម្មវត្ថុ ១. ស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពី​ជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ ២. ជំរុញលើកទឹកចិត្តសិស្សនិសិត្សអោយចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗ រៀបចំដោយសមាគមនិងសាកលវិទ្យាល័យដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី ៣. សម្របសម្រួលក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបំរើការងារ ក៏ដូចជា ឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០ នៅទូទាំងប្រទេសដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន  សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ​ធនធានមនុស្សបានមានប្រសាសន៍ថា៖​ «អនុស្សរណៈយោគយល់ផ្តល់យោជន៍ច្រើនសម្រាប់ស្ថាប័នទាំងពីរ ដោយជួយអោយសកលវិទ្យាល័យធនធានមនុស្សអាចពង្រីកសក្តានុពល កិត្យានុភាព ក្នុងការបណ្តុះ​​បណ្តាលនិសិត្សអោយឆ្លើយតបទៅនឹងទីផ្សារការងារ។ ក្នុងឱកាសនេះ​និស្សិត ក៏អាចចូលរួមចុះកម្មសិក្សា ហាត់ការ រកការងារធ្វើជាមួយសមាជិករបស់សមាគមទាំង១២០គ្រឹះស្ថាន ដោយនិស្សិតក៏នឹងទទួលបានឱកាសអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនផងដែរ។ »

គិតត្រឹមដំណាច់ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនបញ្ចូលទិន្នន័យពីធនាគារ) បានផ្តល់ឥណទានជាង ៨.៧២៨ លានដុល្លា ដល់អតិថិជនជិត ២ លាននាក់ ខណៈអតិថិជនដាក់ប្រាក់បញ្ញើមានចំនួនជាង ២,៩ លាននាក់ ដោយបានដាក់ប្រាក់បញ្ញើសរុបជាង ៤.៣៥០ លានដុល្លា តាមការិយាល័យតំណាងចំនួន ១.១៧៣​ កន្លែង។ វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងផ្តល់ការងារដល់បុគ្គលិកជាង ៣ម៉ឺននាក់​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលវិស័យធនាគានិងហិរញ្ញវត្ថុទាំងមូលកំពុងមានបុគ្គលិកបំរើការងារប្រមាណ ៨ម៉ឺន នាក់។​ បើទោះជាវិស័យហិរញ្ញវត្ថុត្រូវបានគេមើលឃើញថាបានផ្តល់​​អត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍខ្ពស់យ៉ាងណាក្តី ក៏វិស័យនេះហាក់នៅប្រឈមនឹងកង្វះបុគ្គលិកបំរើការ ដោយសារការរីកចម្រើនឆាប់រហ័ស ការស្រូបទាញធនធានពីវិស័យផ្សេងៗទៀត ការប្រែប្រួលនៃទំនោរសង្គម អតុល្យភាពកម្មវិធីសិក្សានឹងតម្រូវការទីផ្សារជាក់ស្តែង ព្រមទាំងកត្តាប្រឈមផ្សេងៗទៀតផងដែរ។  ធនធានមនុស្សគឺជាកត្តាដ៏ចាំបាច់ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយ​និរន្តរភាព តាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិ។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖ «ការចុះអនុស្សរណៈយោគយល់មួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសជំនាញផ្នែកហិរញ្ញវត្ថុ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាអោយកាន់តែមានសក្តានុពល និងឯកទេស ក៏ដូចជាបង្កើនឱកាសការងារក្នុងប្រព័ន្ធធនាគារ។» សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាអោយបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលា តាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិក​ចំនួន ១២០ ស្ថាប័ន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ​ចំនួន ៦ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុចំនួន ៧៣ ក្រុមហ៊ុនភតិសន្យាចំនួន ១៣ គ្រឹះស្ថានឥណទានជនបទចំនួន ២៤ និង គ្រឹះ​ស្ថាន​ធនាគារ​ចំនួន៤៕​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner