ប្រធាន CAMSOC ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលខុសត្រូវខ្ពស់បំផុត ចំពោះតួនាទីភារកិច្ច ដើម្បីឆ្ពោះទៅរកភាពជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះចាំបាច់ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្ររៀបចំលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

សម្តេចពិជ័យ បញ្ជាក់ថា សន្និបាតបូកសរុប និងសិក្ខាសាលានាពេលនេះ ពិតជាសក្ខីកម្មបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងការខ្វះខាតនូវដំណើរការយន្ដការការងាររបស់ CAMSOC សម្រាប់ពង្រឹងការអនុវត្តការងារបន្ដទៀត ។ ទិសដៅ ឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសន្និបាតថ្ងៃនេះ រួមគ្នាលើកបញ្ហាប្រឈម ការងារសេសសល់មកពិភាក្សា និងដោះស្រាយឲ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ។

សម្តេច លើកឡើងទៀតថា សន្និបាត និងសិក្ខាសាលាថ្ងៃនេះ គ្រប់ភាគីពាក់ព័ន្ធនឹងស្វែងរកគន្លឹះការងារសំខាន់ៗបន្ថែមទៀត ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការជាតិ CAMSOC ។ ដូច្នេះទិសដៅឆ្នាំ២០២២ ជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម ទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍» ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការកីឡា និងសហព័ន្ធកីឡាជាតិ ដែលចូលរួមសន្និបាត និងសិក្ខាសាលានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឲ្យបានផុសផុលបំផុត ដើម្បីប្រមូលនូវធាតុចូលសំខាន់ពីគ្រប់ជំនាញពាក់ព័ន្ធមកសម្រួចផែនការការងារ និងការអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner