គណៈកម្មការរដ្ឋសភា ទទួលបន្ទុកវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំសមាជិកគណៈកម្មការអញ្ជើញទៅកាន់ខេត្តកំពង់ធំ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ គណៈកម្មការទី៣នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងមន្ទីរពាក់ព័ន្ធ បានរាយការណ៍ជូនគណ:កម្មការទី៣រដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមនិងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពង់ធំបានជួបប្រទះកន្លងមក និងកំពុងបានខិតខំជម្រុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។

ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យមួយចំនួនរួមមាន ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជូនគណៈកម្មការរដ្ឋសភាផងដែរ។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។ ចំណែកបញ្ហាប្រឈមដែលខេត្តនិងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា ឯកឧត្តម នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។

ជាមួយនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានសំណូមពរដោយផ្ទាល់ដល់ក្រសួងពាក់ព័ន្ធនិងវិស័យរបស់គណៈកម្មការទី៣ដែលអមដំណើរចុះមកកាន់ខេត្តកំពង់ធំនាពេលនេះ ជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមមួយចំនួនដើម្បីឲ្យមន្ទីរមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

តមកនៅរសៀលថ្ងៃដដែល គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តកំពង់ធំផងដែរ រួមមាន ៖ ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅភូមិគគីរ ឃុំជ្រប់ ស្រុកសន្ទុក និងចុះពិនិត្យសិក្សាពីសហគមន៍កសិកម្ម ដាំណាំបន្លែសុវត្តិភាព ស្ថិតនៅភូមិស្នោរ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner