កូរ៉េខាងជើងអះអាងថា ខ្លួនជាប្រទេសតែមួយគត់ដែលអាចក្រោកឈរប្រឆាំងនឹងសហរដ្ឋអាមេរិក

កូរ៉េ​ខាង​ជើង​អះអាង​ថា ខ្លួន​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​លោក ដែល​អាច​ក្រោក​ឈរ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ប្រទេស​នេះ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​កូរ៉េ​ខាង​ជើង​មាន «មោទនភាព និង​ភាព​ជឿជាក់» ដោយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ «បោះជំហាន​ទៅ​កាន់​ជួរ​ខាង​មុខ​នៃ​អំណាច​ពិភពលោក»។

«មាន​ប្រទេស​ច្រើន​ជាង ២០០នៅ​លើ​លោក ប៉ុន្តែ​មាន​តែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​កំពុង​កាន់កាប់​គ្រាប់​បែក​អ៊ីដ្រូសែន មីស៊ីល​បាលីស្ទិក​អន្តរទ្វីប (ICBMs) និង​មីស៊ីល​អេពែរសូនិក»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ខាង​លើ។

កូរ៉េ​ខាង​ជើង​បាន​បន្ត​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា៖ «នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ប្រទេស​ជា​ច្រើន​ខ្ជះខ្ជាយ​ពេលវេលា​របស់​គេ​ក្នុង​ការ​ទាក់ទង​ជាមួយ​សហរដ្ឋអាមេរិក​ ជាមួយ​ការ​យល់ព្រម​ឱ្យ​អាមេរិក​ធ្វើ​ជា​ចៅហ្វាយ និង​តាម​អាមេរិក​យ៉ាង​ងងឹតងងល់»។

ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​បន្ថែម​ថា៖ «មាន​តែ​ប្រទេស​យើង​ នៅ​ក្នុង​ពិភពលោក​នេះ ក្រោក​ឈរ​ប្រឆាំង​នឹង​អាមេរិក ហើយ​ធ្វើ​ឱ្យ​ពិភពលោក​រង្គោះរង្គើ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​មីស៊ីល ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ទៀត​ផង»។

ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ​បាន​ឆ្លើយតប​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​ខ្លួន​ថា ខ្លួន​នៅ​តែ​ជំរុញ​ឱ្យ​កូរ៉េ​ខាង​ជើង​ចូល​តុ​ចរចា​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner