ការបរិច្ចាគប៊ីតខញកំពុងហូរចូលអ៊ុយក្រែន ខណៈដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពនៅតាមព្រំដែន

ខណៈដែល​កង​ទ័ព​រុស្ស៊ី​ច្រើន​ជាង​ ១ ​សែន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​​​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ ​ទិន្នន័យ​ថ្មី​របស់​Elliptic ​ដែល​ជា​ក្រុម​ហ៊ុន​អ្នក​វិភាគ​អំពី​ប្លុកឆេន​ បង្ហាញ​ថា​ ប្រជាជន​អ៊ុយក្រែន​កំពុង​ប្រមូល​មូលនិធិ​ប៊ីតខញ​ដើម្បី​​បរិច្ចាគ​លុយ​រាប់​សែន​ដុល្លារ​​​ទៅ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​។​​

យោងតាម​របាយការណ៍​របស់​ Elliptic ​ក្រុម​សកម្ម​ជន​បាន​ដាក់​​គ្រីបតូ​ក្នុង​គោល​បំណង​ផ្សេង​ៗ​ រួម​ទាំង​ជា​ជំនួយ​ដល់​កង​ទ័ព​អ៊ុយក្រែន​ក្នុង​ការ​បំពាក់​ឧបករណ៍​យោធា ​ការ​ផ្គត់​ផ្គង់​វេជ្ជសាស្រ្ត​ និង​ដ្រូន​ ក៏​ដូច​ជា​ការ​ផ្តល់​មូលនិធិ​ដល់​ការ​បង្កើត​កម្ម​វិធី​សម្គាល់​មុខ​ដែល​អាច​កំណត់​អាច​​ទាហាន​ស៊ី​ឈ្នួល​ ឬ​ចារកម្ម​រុស្ស៊ី​បាន​។​

ថ្វី​បើ​រុស្ស៊ី​និយាយ​ថា​ ខ្លួន​មិន​មាន​ផែនការ​វាយ​លុក​អ៊ុយក្រែន​ក្ដី​ សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​ប្រទេស​​លោក​ខាង​លិច​ដទៃ​ទៀត​ នៅ​តែ​ខ្លាច​ថា​នឹង​មាន​ការ​ឈ្លាន​ពាន​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ផ្ទុះ​ឡើង​។​ លោក​ Tom Robinson ​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​ Elliptic ​​និយាយ​ថា​៖​ «​រូបិយប័ណ្ណ​គ្រីបតូ​ ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ខ្លាំង​ឡើង​ ដើម្បី​ប្រមូល​ថវិកា​ក្នុង​សង្គ្រាម​ ដោយ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​»​។​

លោក Robinson ​និយាយ​ថា​ លុយ​គ្រីបតូ​ស័ក្តិសម​ជា​ពិសេស​ចំពោះ​ការ​រៃអង្គាស​ប្រាក់​អន្តរជាតិ​ ព្រោះ​វា​មិន​គោរព​ព្រំដែន​ជាតិ​ ហើយ​វា​ធន់​នឹង​ការ​ចាប់​ពិរុទ្ធ​ ដោយ​មិន​មាន​អាជ្ញាធរ​កណ្តាល​ដែល​អាច​ទប់​ស្កាត់​ប្រតិបត្តិការ​បាន​ទេ​ ឧទាហរណ៍​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​»​។​

លោក​ Boaz Sobrado ​អ្នក​វិភាគ​ទិន្នន័យ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៅ​ទីក្រុង​ឡុងដ៍​ ដែល​ណែនាំ​ដល់​អង្គការ​សប្បុរស​ធម៌​ក្នុង​ប្រទេស​ផ្តាច់​ការ​ រួម​ទាំង​អតីត​ប្រទេស​ប្លុក​បូព៌ា​ ស្តី​ពី​ការ​រៃ​អង្គាស​ថវិកា​ និយាយ​ថា​៖​ «​អត្ថប្រយោជន៍​នៃ​ការ​រៃអង្គាស​មូល​និធិគ្រីបតូ​គឺ​ថា​ វា​ពិបាក​ក្នុង​ការ​រឹប​អូស​ពួក​គេ​»​។​

លើសពីនេះ​ទៀត នៅ​ប្រទេស​អ៊ុយក្រែនវិញ​​ លោក​ប្រធានាធិបតី​​ Volodymyr Zelenskyy ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​នៅ​ឆ្នាំ ​២០២១ ​ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ធនាគារ​កណ្តាល​របស់​ប្រទេស​ក្នុង​ការ​ចេញ​រូបិយប័ណ្ណ​ឌីជីថល​របស់​ខ្លួន​។​ លោក​ប្រធានាធិបតី​ និង​សភា​ ក៏​កំពុង​ពិភាក្សា​ចំពោះ​ភាព​ស្រប​ច្បាប់​ និង​ការ​គ្រប់​គ្រង​រូបិយប័ណ្ណ​គ្រីបតូ​។​ ​

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner