មេបញ្ជាការកងទ័ពជើងគោក៖ ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់ណាស់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់ណាស់សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ រំលឹកនូវអតីតកាល និងធ្វើការសិក្សាស្វែងយល់ដើម្បីអភិវឌ្ឍខ្លួន បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោកនិរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿងប្រកបដោយភាពសុខុដុមរម្យនា ជាពិសេសដូចពេលបច្ចុប្បន្នក្រោមម្លប់នៃសុខសន្តិភាព។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវ ត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែងទីអារាមវត្តគិរីអម្ពរ ហៅ វត្តអន្លង់ពោង បានកសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្រ្គាម ក្នុងនោះទីធ្លាអារាមទាំងមូលបានក្លាយទៅជាទីលានកប់សព ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ធ្វើជី និងជាកន្លែងចិញ្ចឹមសត្វផ្សេងៗ។ ប៉ុន្តែក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ការគោរពប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីក ដុះដាលដូចផ្សិត ហើយកម្ពុជាជាប្រទេសអធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner