ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើសុំឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើសុំឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះ នេះជាខ្សែក្រវាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

ការស្នើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅ វត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីនេះ ក្នុងបរិបទកូវីដ ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺដោយសារស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស យើងមានភាពធូរស្រាល ដែលការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រប្រកបដោយ ការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ សម្រេចអារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះទៀត ក៏ដោយសារការរួមដៃគ្នាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេសក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ដោយធ្វើការស្រុះគ្នា មិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ព្រមទាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកាន់នូវសច្ចធម៌ ជាកត្តាដែលធ្វើឱ្យសម្តេចតេជោ សម្រេចសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីមាត់មច្ចុរាជតាមរយៈកិច្ចខិតខំការពារ និងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យពលរដ្ឋរស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំកំភួនជាក់ស្តែងណាមួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner