ក្រុមហ៊ុនផលិតរថយន្តធំៗផ្អាកផលិតកម្ម ខណៈរដ្ឋាភិបាលព្រមានផលប៉ះពាល់សេដ្ឋកិច្ចជុំវិញបាតុកម្មបិទព្រំដែនអាមេរិក-កាណាដា

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Ford ​និង​ Toyota  ​និយាយ​កាល​ពីថ្ងៃ​​ពុធ​ថា​ ពួក​គេ​កំពុង​ផ្អាក​ផលិតកម្ម​មួយ​ចំនួន​របស់​ខ្លួន​ ស្រប​ពេល​ដែល​ក្រុង​វ៉ាស៊ីតោន​ និង​អូតាវ៉ា​ ប្រមាន​ពីផ​ល​ប៉ះពាល់​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពីកា​រ​​បិទ​ច្រក​ព្រំដែន​អាមេរិក​-​កាណាដា​របស់​អ្នក​តវ៉ា​​ដែល​ប្រឆាំង​នឹង​ការ​រឹត​ត្បឹត​ និង​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​កូវីដ​។​ ​ ​

តាំង​ពី​យប់​ថ្ងៃ​ចន្ទ​មក ​អ្នក​តវ៉ា​ដែល​ជាអ្ន​កបើ​ក​ឡាន​ដឹក​ទំនិញ​ បាន​បិទ​ចរាចរណ៍​លើ​ស្ពាន​ Ambassador ​ឆ្លង​ចូល​ប្រទេស​កាណាដា​ ពី​ក្រុង​ Detroit ​នៃរ​ដ្ឋ ​Michigan ​​ដែល​បង្អាក់​ដល់​​ការ​ដឹក​ជញ្ជូន​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ និង​​កសិកម្ម​នានា​ក្នុងក្រុ​ង​។​ ច្រក​ព្រំដែន​អាមេរិក-កាណាដា​មួយ​ផ្សេង​ទៀត​នៅក្នុ​ង​ខេត្ត​ Alberta ​ក៏​ត្រូវ​បាន​បិទ​​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ​មក​។

​​ក្រុម​ហ៊ុន​ Toyota ​ដែល​ជា​អ្នក​លក់​ឡាន​កំពូល​នៅ​សហរដ្ឋ​អាមេរិក​​និយាយ​ថា​ ខ្លួន​មិន​​រំពឹង​ថា​នឹង​ផលិត​រថយន្ត​នៅ​រោង​ចក្រ​ក្នុង​ក្រុង​ Ontario ​ក្នុង​សប្តាហ៍​នេះ​ទេ​ ខណៈ​ក្រុម​ហ៊ុន​ Ford ​​ផ្អាក​ការ​ផលិត​ម៉ាស៊ីន​នៅ​ក្រុង​ Windsor ​ហើយ​រោងចក្រ​របស់​ខ្លួន​នៅ​ក្បែរ​ក្រុង​ Toronto ​​​ក៏​កាត់​បន្ថយ​ដំណើរ​ការ​ផលិត​។​

ស្រប​ពេល​ដែល​ការ​បិទ​ផ្លូវ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​រាំង​ស្ទះ​ ច្រើន​ជាង​ ២/៣​នៃ​ទំនិញ​ ៥១១ ​ប៊ីលាន​ដុល្លារ​ក្នុង​ទំនិញ​ដែល​ជួញ​ដូរ​រាល់​ថ្ងៃ​រវាង​ប្រទេស​អាមេរិក​ខាង​ជើង​ទាំង​ពីរ​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​។​ ​

អ្នក​នាំ​ពាក្យ​សេត​វិមាន​អ្នក​ស្រី​ Jen Psaki ​​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖​ «​ខ្ញុំ​គិត​ថា​ ​វា​​មាន​សារៈ​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កាណាដា​ និង​សហរដ្ឋ​អាមេរិក​​ យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ស្ទះ​នេះ​គឺ​ ផល​ប៉ះពាល់​សក្តានុពល​ លើ​កម្មករ​ ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ហើយ​នោះ​ជា​កន្លែង​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​បំផុត​»។​​ ​

​ទេសាភិបាល​ធនាគារ​កាណាដា​លោក​ Tiff Macklem ​​ក៏​អំពាវនាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស​។​ លោក​​និយាយ​​ថា​​៖​ «​​ប្រសិន​​បើ​​មាន​​ការ​​រាំង​​ស្ទះ​​អូស​​បន្លាយ​​នៅ​​ចំណុច​​ចូល​​សំខាន់​ៗ​​ក្នុង​​ប្រទេស​​កាណាដា​​ នោះ​វា​អាច​​ចាប់​​ផ្តើម​​មាន​​ឥទ្ធិពល​​​​លើ​​សកម្មភាព​​សេដ្ឋកិច្ច​។​ យើង​មាន​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សកល​ ដែលមា​ន​ភាព​តាន​តឹង​រួច​ហើយ​។​ យើង​មិន​ត្រូវ​ការ​វា​ទេ​»​។​

ការ​តវ៉ា​ដំបូង​ឡើយ​ ជា​ការ​ដើរ​ក្បួន​ដង្ហែ​ដោយ​សេរីភាព​ក្នុង​ក្រុង​អូតាវ៉ា​ ប្រឆាំង​នឹង​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ ឬ​​ការ​តម្រូវ​​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​មិន​ចាក់​ នៅពេល​ឆ្លង​ដែន​ពី​សហរដ្ឋ​អាមេរិក​ចូល​កាណាដា។​ ក្រោយ​មក​ ការ​តវ៉ា​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​​នាយក​រដ្ឋ​មន្រ្តី​ Justin Trudeau ​ដោយ​បាតុករ​សម្ដែង​ពី​ការ​ពន្ធ​កាបូន​ និង​ច្បាប់​ផ្សេង​ៗ​​​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner