អភិបាលខេត្តបាត់ដំបង និងម្ចាស់គម្រោងបានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យចូលរួម និងសហការល្អ ជាមួយនិងគម្រោង ក្នុងការបើកការដា្ឋនអនុវត្តសាងសង់នូវប្រព័ន្ធលូទឹកនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងមូលដ្ឋានខ្លួន

      ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវនិងបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក្បែរការអនុវត្តនូវគម្រោងក្នុងការសាងសង់ នូវ ប្រព័ន្ធលូទឹក និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលនៅជិតមូលដ្ឋានខ្លួន សុំឲ្យមានការយោគយល់ អធ្យាស្រ័យអត់ធ្មត់ចំពោះការរំខាន និង ផលប៉ះពាល់ដោយសារដំណើរការរបស់ការដ្ឋានសាងសង់ និងសូមចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមការងារបច្ចេកទេសនៅទីនេះដើម្បីឱ្យដំណើរការសាងសង់របស់គម្រោងប្រព្រឹត្តទៅបានដោយរលូន។

       ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលា បើកការដ្ឋានដើម្បីអនុវត្តនូវអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងបាត់ដំបង”ផ្នែកខាងលិចស្ទឹង”លើផ្ទៃដីសរុបប្រមាណ៩ហិកតាស្ថិតក្នុងភូមិព្រៃទទឹង ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាម្ចាស់នៃគម្រោង។និងមានតម្លៃសរុបទាំង ០២គម្រោង ប្រមាណជិត៣០លានដុល្លារអាមេរិក(ទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង)ដែលជាគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ក្រោមកម្ចីឥណទានរបស់ ADB, AFDនិងជាជំនួយឥតសំណងពីសហគមន៍អឺរ៉ុប(EU)អនុវត្តដោយក្រុមហ៊ុន គិរីដងរែក ខនស្ត្រាក់សិន ខូអិលធីឌី និងណាំប័រ២០៣រឺសើង អ៊ុនស្វ៊ីតធូត អូហ្វ នូក្លេអ៊ែអ៊ុនដាស្ទី។និងត្រួតពិនិត្យដោយក្រុមហ៊ុនរ៉េមបូល ដោយសហការជាមួយក្រុមហ៊ុន TANCONS ។

       ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដែលត្រូវបានបើកការដ្ឋានសាងសង់នេះត្រូវបានលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង ថ្លែងឲ្យដឹងថា៖ កន្លងមក ដោយសារតែការអភិវឌ្ឍទីក្រុងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារលំនៅស្ថាន ព្រមទាំងកំណើននៃប្រជាជនដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងមូល មានការកើនឡើងយ៉ាងឆាប់រហ័ស បង្កជាបញ្ហាប្រឈមកើតឡើងដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងនូវទឹកកខ្វក់និងកាកសំណល់ដែលជាកង្វល់ដ៏ធំ និងទាមទារត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលា និងឲ្យចំគោលដៅ។

        លោក ព្រួញ រិទ្ធថា  បានគូសបញ្ជាក់ទៀតថា៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តនិងពីការគិតគូរដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំនូវប្រព័ន្ធលូទឹកកខ្វក់ និង ប្រព័ន្ធលូទឹកភ្លៀងឲ្យដាច់ដោយឡែកពីគ្នានិងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្របដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ឲ្យបានស្អាតជាមុនសិនមុននឹងបង្ហូរចូលក្នុងប្រភពទឹកធម្មជាតិ។

      តាមរយៈគម្រោងនេះមានទំហំការងារនៃសំណង់សិល្បការសំខាន់ៗដូចជា៖ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់,បណ្តាញប្រព័ន្ធបំពង់ប្រមូលមេ,បណ្តាញបំពង់ប្រមូលមេរង,បណ្តាញបំពង់ប្រមូលតាមផ្ទះ,សាងសង់ស្ថានីយ៍បូមទឹកកខ្វក់១កន្លែង,សាងសង់បំពង់បូមបញ្ជូន,ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់រួមដែលមានសមត្ថភាពបូមបាន ១២.០០០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ, កែលម្អផ្លូវទៅកាន់ស្ថានីយ៍,បំពាក់ឧបករណ័ប្រតិបត្តិការនិងការថែទាំ។រៀបចំប្រព័ន្ធរំដោះទឹកភ្លៀង,សាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង,សំណង់ទ្វារទឹករំដោះទឹកភ្លៀងចូលស្ទឹងសង្កែ ចំនួន ៣កន្លែង និងសំណង់បង្ហូរទឹកភ្លៀងចោលទៅក្នុងប្រព័ន្អប្រឡាយចំនួន ១កន្លែង។

       ថ្លែងនូវការដឹងគុណចំពោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញជំនឿជឿជាក់ ដោយការរំពឹងទុកថា ក្រោយពីគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ត្រូវបានបញ្ចប់នោះ ទីក្រុងបាត់ដំបងនឹងលែងមានហានិភ័យពីការលិចលង់ដោយសារតែជំនន់ទឹកភ្លៀងទៀតហើយ។ហើយបញ្ហាការកកស្ទះនូវទឹកសម្អុយ ស្អុយកខ្វក់ ក៏លែងមានទៀតហើយ។ ថែមទាំងអាចប្រែក្លាយទីក្រុងបាត់ដំបងទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ និងជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្តនិងធម្មជាតិដ៏ទាក់ទាញ  ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងមួយនេះ ឱ្យស័ក្តិសមជាទីក្រុងស្អាត “រំដួល៣ទង”។

       ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ម្ចាស់នៃគម្រោង បានថ្លែងថា៖ការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗចាំបាច់សំខាន់ក្នុងខេត្តបាត់ដំបងនៅពេលនេះ គឺដើម្បីឲ្យទីក្រុងនេះ គ្មានទឹកលិច។ ឲ្យក្លាយជាទីក្រុងស្អាត ជាទីក្រុងវ័យឆ្លាត។ ក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ច នៅក្នុងផ្ទៃប្រទេស និងក្នុងតំបន់ជាដើម។ ឯកឧត្តមបានបន្តថា៖ខេត្តបាត់ដំបងមានលក្ខណៈភូមិសាស្ត្រតាមបណ្តោយផ្លូវរបៀងដ៏សំខាន់មួយ។ ហើយក៏ជារបៀង នូវ ក្នុងការដឹកជញ្ជូនទំនិញ របស់ អាស៊ានដោយតភ្ជាប់ពីទីក្រុងបាងកក ប៉ោយប៉ែត ក្រុងបាត់ដំបង និងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ(វៀតណាម)។ថែមទាំងផ្តល់ឱកាសឲ្យទីក្រុងបាត់ដំបង កាន់តែមានរចនាសម្ព័ន្ធដ៏ល្អដើម្បីធ្វើការទាក់ទាញដល់ការវិនិយោគ ការបង្កើតនូវរោងចក្រ ការបង្កើតនូវមុខរបរ និង ការទាក់ទាញដល់ភ្ញៀវទេសចរណ៍ដើម្បីស្នាក់នៅនិងមកកម្សាន្តទស្សនា ក្នុងខេត្តបាត់ដំបង កាន់តែច្រើនឡើងថែមទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner