សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងកាលៈទេសៈដែលកម្ពុជាមានសុខសន្តិភាព

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានមានប្រសាសន៍បញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺក្នុងកាលៈទេសៈដែលកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយកម្ពុជាអាចនឹងដណ្តើមបានជោគជ័យលើកកិត្តិយសជាតិ និងកិត្យានុភាពជាតិ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សន្និបាតរយៈពេល២ថ្ងៃ (៩-១០ កុម្ភៈ) បានធ្វើការបូកសរុបការងារដែលគណៈកម្មាធិការសម្រេចបាន និងការពិនិត្យលើការងារដែលត្រូវបំពេញបន្ត ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១០ ខែកុម្ភៈនេះថា សន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺសំខាន់ជាងគេពិនិត្យមើលវឌ្ឍនភាពនៅក្នុងឆ្នាំ២០២១កន្លងមកនេះ ប៉ុន្តែក្នុងឆ្នាំ២០២១ គឺមានវឌ្ឍនភាពល្អ និងសម្រេចបានជោគជ័យច្រើន។ ជាមួយគ្នានេះដែរ សន្និបាតក៏បានពិភាក្សាគ្នាលើទិសដៅការងារឆ្នាំ២០២២ និងចុងក្រោយនៅឆ្នាំ២០២៣ ដែលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនៅសល់៤៥០ថ្ងៃទៀត គឺបានពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ។ យើងក៏បានធ្វើសិក្ខាសាលាថែមទៀត ដើម្បីមើលកិច្ចការមួយចំនួនដែលនៅសេសសល់ចន្លោះប្រហោងកន្លែងណាខ្លះ ដើម្បីបំពេញឱ្យចប់សព្វគ្រប់ និងលើផែនការអំពីបញ្ហាដែលយើងទទួលខុសត្រូវឱ្យបានជោគជ័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា “ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺក្នុងកាលៈទេសៈដែលកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយសុខសន្តិភាពនេះ វាអំណោយផលឱ្យយើង ដែលយើងលើកពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” បានជាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយសង្ឃឹមថា យើងនឹងរៀបចំបានហេដ្ឋានរចនាសម្ព័ន្ធដែលជាទីពេញចិត្តហើយ គឺយើងអាចនឹងដណ្តើមជោគជ័យ លើកកិត្តិយសជាតិរបស់យើង និងកិត្យានុភាពរបស់យើងឱ្យកាន់តែខ្លាំងក្លាថែមទៀត”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner