សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី នូ ស៊ីមឿន ភរិយាសពលោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខ ជូនលោកស្រី នូ ស៊ីមឿន ភរិយាសពលោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន។

លិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា ខ្ញុំ និងភរិយា មានក្ដីរំជួលចិត្តដោយបានទទួលដំណឹងថា លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣ និង ២០នាទីរសៀល ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្ដាយស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត គឺជាការបាត់បង់មរតកមនុស្សរស់ ដែលបានលះបង់ពេលវេលា ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក្នុងការបណ្ដុះបណ្ដាលភាសាបាលី សំស្ក្រឹត។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកគ្រូព្រឹទ្ធាចារ្យវិជ្ជាធម្មគរុបណ្ឌិត ទេព ផុន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner