អង្គបុរេជំនុំជម្រះនៃអ.វ.ត.ក. និងបិទបញ្ចប់សវនាការស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង ០០៣ ទាក់ទងនឹងលោក មាស មុត
អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បើកសវនាការដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត រយះពេល ៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។ បើតាមឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក. ហៅកាត់ថាសាលាក្តីខ្មែរក្រហម ថ្លែងថា សវនាការនេះធ្វើឡើងដើម្បីស្តាប់នូវ អំណះអំណាងដោយផ្ទាល់មាត់របស់ភាគីពាក់ព័ន្ធនានា ក្នុងសំណុំរឿង ០០៣ ដែលមាន មាស មុត ជាជនត្រូវចោទ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សវនាការនៅពេលនេះ មិនមែនជាសវនាការលើអង្គ សេចក្តី ពិនិត្យលើភស្តុតាងឡើយ ប៉ុន្តែជាសវនាការលើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង ០០៣ ដែលភាគីពាក់ព័ន្ធនានាបានប្តឹងជំទាស់នឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានចេញនាពេលកន្លងទៅ។
ប្រធានអង្គជំនុំជម្រះប្រកាសបើកសវនាការជាសាធារណៈ បន្ទាប់មកមានការអានរបាយការណ៍នៃសំណុំរឿងនេះជាសាធារណៈ ដែលលើកឡើងនូវអង្គហេតុពាក់ព័ន្ធនានា និងប្រវត្តិនីតិវិធីនៃសំណុំរឿង ០០៣ ព្រមទាំងសេចក្តីលម្អិត នៃបណ្តឹងឧទ្ធរណ៍នានា ដែលបានដាក់នៅចំពោះមុខអង្គជំនុំជម្រះ។
របាយការណ៍នេះត្រូវបានចេញក្នុងនាមអង្គបុរេជំនុំជម្រះទាំងមូល និងបានដាក់បញ្ចូលទៅក្នុងសំណុំរឿង។ រយះពេល ៣ថ្ងៃនេះ មានសាធារណជន ដែលជាប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត មកពីបណ្តាជាធានីខេត្តនានា ប្រមាណជាជិត ១០០០ នាក់ បានចូលរួមស្តាប់សវនាការដែលបើកជាសាធារណៈដោយផ្ទាល់។ សវនាការនេះបានធ្វើឡើងជាសាធារណៈនៅពេលដែលចាប់ផ្តើមឧទ្ទេសនាមភាគីនៅក្នុងសំណុំរឿងជូនអង្គជំនុំជម្រះ នៅពេលដែលអង្គជំនុំជម្រះអានសេចក្តីរាយការណ៍អំពីសំណុំរឿងនេះ និងនៅពេល ចៅក្រមសួរសំនួរផ្សេងៗទៅកាន់ភាគី។ ក្រៅពីនេះ អង្គបុរេជំនុំជម្រះនឹងស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿងនៅក្នុងសវនាការសម្ងាត់វិញ។
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈបានលើកឡើងថា កាលដែលនាំឱ្យមានការបើកសវនាការស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿង ០០៣ នេះគឺដោយសារតែ អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក បានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីការពារក្តីឱ្យ មាស មុត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាដំណោះស្រាយដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣ ដែលបានចោទប្រកាន់ មាស មុត និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់លើមាស មុត ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣។
អង្គបុរេជំនុំជម្រះបានសម្រេចថា សវនាការនឹងត្រូវធ្វើឡើងនៅក្នុងសំណុំរឿង ០០៣ ដើម្បីស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង មុនពេលដែលអង្គបុរេជំនុំជម្រះចេញសាលដីកា លើបណ្តឹងឧទ្ធរណ៍ទាំងនោះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អង្គបុរេជំនុំជម្រះបានព្យាករថានឹងអាចចេញសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយក្នុងសំណុំរឿង ០០៣ នេះនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ ខាងមុខ ថាតើសំណុំរឿងនេះត្រូវបញ្ជូនទៅជំនុំជម្រះ ឬការទម្លាក់ចោល គឺអាស្រ័យលើការសម្រេចរបស់ចៅក្រុមនៃអង្គបុរេជំនុំជម្រះដែលមានចៅក្រមជាតិ ៣ រូប និងចៅក្រមអន្តរជាតិចំនួន ២ រូប៕ធ.ដ
លទ្ធផលយ៉ាងណាអប្សរា និងធ្វើការផ្សាយបន្តបន្ទាប់នៅពេខាងមុខទៀត