កិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ដោះស្រាយសំណូមពរ ក្នុងវេទិកាសាធារណៈនៅឃុំបន្ទាយស្ទោង
ខេត្តកំពង់ធំ៖ កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ របស់ក្រុមការងារថ្នាក់ជាតិ និងមន្រ្តីមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ចុះជួយពង្រឹងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងវេទិការសាធារណៈមួយ ដែលបានធ្វើឡើងនៅវត្តពោធិ៍រោង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចប្រជុំពិភាគ្សាក្នុងវេទិការសាធារណៈ ត្រូវបានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោសោម ស៊ុនអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរភូមិឃុំ តំណាងប្រជាពលរដ្ឋ មកពីភូមិគោកគ្រួស ភូមិគោកសណ្តែក និងភូមិឈើទាល ដែលមានចំនួន១៧៦នាក់ បានចូលរួមពិភាក្សា ដើម្បីដោះស្រាយបញ្ហា ប្រឈម និងជាបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ ដូចជាបញ្ហាប្រព័ន្ធប្រឡាយទឹកសម្រាប់ធ្វើស្រែប្រាំងក្នុងការប្រើប្រាស់។
ចំនែកបញ្ហាទី២ គឺបញ្ហាផ្លូវលំក្រាលគ្រួសក្នុងភូមិ ឃុំកំពុងតែមានការខូចខាតយ៉ាងធ្ងន់ធ្ងរលំបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំមកហើយមិនទាន់បានការដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ ចំនែកទី៣បញ្ហាផ្លូវលំ ក្រាលកៅស៊ូ គឺកំពុងតែមានការខូចខាតធ្ងន់ធ្ងរ ចំណែកទី៤ គឺការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំនុច របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ។
នៅក្នុងអង្គវេទិការ បន្ទាប់ពីមាន អាជ្ញាធរ និងប្រជាពលរដ្ឋ បានលើកឡើងជាបញ្ហា និងជាសំណូមពរ ដល់ ស្ថាប័ននានាដើម្បីកែលម្អ ក្នុងនោះមន្ទីរអង្គភាព បានលើកយកចំនុចបទពិសោធន៍ ដើម្បីចែករំលែក រួមទាំង ការចូលរួមថែរទាំ ដែលជាដំណោះស្រាយមួយ ប្រកបដោយភាពជោគជ័យ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងបានរួមគ្នាថែរក្សាសុខសន្តិភាព ប្រឆាំងដាច់ខាតរាល់ចលនាញុះញង់ធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និង ផ្លាស់ប្តូររបបរាជានិយម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាល និងបានបញ្ជាក់ថា ទុក្ខកង្វល់របស់បងប្អូនគឺទុក្ខកង្វល់របស់ថ្នាក់ដឹកនាំ ដូច្នេះក្នុងនាំថ្នាក់ដឹកនាំ បានខិតខំប្រឹងប្រែង រកដំណោះស្រាយជាបន្តបន្ទាប់ជូនបងប្អូនដើម្បីការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តជូនប្រជាពលរដ្ឋយើង និងបានថ្លែង អំណរគុណចំពោះអស់លោកតាមបណ្តាស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលបានឆ្លើយតបបំភ្លឺជូនប្រជាពលរដ្ឋយើងដែលអាចទទួលយកបាន និងប្រកបដោយបរិយាកាស ស្និទ្ធស្នាល រីករាយក្រៃលែង៕ធ.ដ
ដោយប៊ុន រដ្ឋា