បើកម៉ូតូកង់បីឥណ្ឌាឆ្លងផ្លូវត្រូវរថយន្តដឹកគ្រឿងសង្ហារឹមបុកពេញទំហឹងរងរបួសធ្ងន់ពីរនាក់
ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកបុរសជាភ្ញៀវម្នាក់ទៀតឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹម បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IA-1867ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ១៩៨៦ ខណះនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹម ពណ៌បៃតងចាស់ ពាក់ស្លាលេខភ្នំពេញ 3B-4831បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងចាប់ហ្វ្រាំង មិនទាន់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាភ្ញៀវខ្ទាតចេញពីកង់បីប៉ុន្មានជា១០ ម៉ែត្រ ទៅនឹងចិញ្ចើមផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែកម្ចាស់កង់បីរងរបួសធ្ងន់ផងដែរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទាំង២នាក់យកទៅសង្គ្រោះភ្លាមៗ។ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបានប្រមាណជិត ៣០០ម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់បានទាំងតែកុង និងរថយន្តរួចប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ