ទីប្រឹក្សា អ.ស.ប ជំរុញឱ្យមេដឹកនាំលីប៊ីឱ្យ «រក្សាភាពស្ងប់ និងស្ថិរភាព»
ទីប្រឹក្សាពិសេសកិច្ចការលីប៊ីរបស់អង្គការសហប្រជាជាតិ បានជំរុញឱ្យនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសលីប៊ី និងអ្នកស្នងតំណែងពីលោក ដែលតែងតាំងដោយសភាប្រទេសនេះឱ្យ «រក្សាភាពស្ងប់ និងស្ថិរភាព» ហើយនិយាយថាការបោះឆ្នោតគួរតែរៀបចំឱ្យឆាប់បំផុត ខណៈវិបត្តិស្នងតំណែងកើតឡើងនៅប្រទេសនេះ។
លោកអាប់ឌុល ហាមីដ ឌីប៊ីបា នាយករដ្ឋមន្ត្រីស្ដីទីនៃរដ្ឋាភិបាលរួបរួមជាតិ (GNU) ដែលទទួល UN បាននិយាយថាលោកនឹងធ្វើការផ្ទេរអំណាចលុះត្រាតែមានការបោះឆ្នោត ហើយបានច្រានចោលការសម្រេចរបស់សភាលីប៊ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តែងតាំងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកហ្វាទី បាសាហ្គាជាអ្នកស្នងតំណែងពីលោក។
ដើមឡើយប្រទេសលីប៊ីត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភាតាំងពីខែធ្នូឆ្នាំមុនម្ល៉េះ ប៉ុន្តែជម្លោះរវាង ក្រុមនយោបាយ និងស្ថាប័នរដ្ឋនានា ជុំវិញរបៀបនៃការរៀបចំការបោះឆ្នោត បានធ្វើឱ្យមានការលុបចោលប៉ុន្មានថ្ងៃមុនពេលត្រូវចាប់ផ្ដើម។
ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិលោកស្រីស្ដេហ្វានី វីលៀម បានរៀបចំប្រជុំដាច់ដោយឡែកជាមួយលោកឌីប៊ីបា និងលោកបាសាហ្គា។ លោកស្រីបានសរសេរលើបណ្ដាញសង្គម Twitter ថា៖ «ខ្ញុំបានរំលឹកឡើងវិញអំពីសារៈសំខាន់សម្រាប់តួអង្គ និងស្ថាប័នទាំងអស់ក្នុងការធ្វើការក្នុងក្របខ័ណ្ឌនយោបាយ ហើយសំខាន់ជាងនេះទៅទៀតគឺរក្សាភាពស្ងប់នៅលើមូលដ្ឋាន ដើម្បីផលប្រយោជន៍នៃឯកភាព និងស្ថិរភាពរបស់ប្រទេសលីប៊ី។
យ៉ាងណាមិញប្រទេសលីប៊ីបានឆ្លងកាត់សង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូបានទម្លាក់មេដឹកនាំមូអាម៉ា កាដាហ្វីចេញពីតំណែងកាលពីឆ្នាំ ២០១១ ដោយមានរដ្ឋាភិបាលពីរនៅខាងកើត និងខាងលិច ប្រជែងគ្នាដណ្ដើមការគ្រប់គ្រងប្រទេស ដែលរដ្ឋាភិបាលនីមួយៗមានកម្លាំងយោធារៀងៗខ្លួន និងគាំទ្រដោយអំណាចបរទេសផ្សេងៗគ្នា។ ការសម្រេចរបស់សភាលីប៊ីកាលពីសប្ដាហ៍បានធ្វើឱ្យមានការព្រួយបារម្ភថាសង្គ្រាមនឹងកើតឡើងម្ដងទៀត៕