កិច្ចសន្យាឧស្ម័នក្នុងទ្វីបអាស៊ីរបស់កាតា រារាំងផែនការផ្គត់ផ្គង់អឺរ៉ុបជុំវិញវិបត្តិអ៊ុយក្រែន

ទីក្រុង​ឌូបៃ​៖ ​អ្នក​ជំនាញ​និយាយ​ថា​ពាណិជ្ជកម្ម​កាន់​តែ​ស៊ី​ជម្រៅ​របស់​ប្រទេស​កាតា​ក្នុង​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ (LNG) ​ជាមួយ​អាស៊ី​ កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជា​សកល​ដើម្បី​ការពារ​អឺរ៉ុប​ពីកា​រ​គំរាម​កំហែង​​បង្អាក់​ថាមពល​ពី​រុស្ស៊ី​។​

ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​​និយាយ​ជាមួយ​អ្នក​ផលិត​ធំៗ​រួម​ទាំង​កាតា​ អំពី​លទ្ធភាព​នៃ​ការ​បញ្ជូន​ឧស្ម័ន​បន្ថែម​ទៀត​ទៅ​កាន់​អឺរ៉ុប​ ប្រសិន​បើ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើអ៊ុ​យក្រែន​ រំខាន​ដល់​លំហូរ​ឧស្ម័ន​ទៅ​កាន់​ទ្វីប​នេះ​។​ ​

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជ​កម្ម​ និង​ទំនិញ​​និយាយ​ថា​ វា​មិន​ទំនង​ដែល​កាតា​អាច​បង្កើន​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​ទៅ​អឺរ៉ុប​ជា​ឯកតោភាគី​នោះទេ​ ​ដោយ​សារ​តែ​ទិន្នផល​ភាគ​ច្រើន​របស់​ខ្លួន​នឹង​​បំពេញ​​​កិច្ច​សន្យា​រយៈពេល​វែង​ដែលប្រ​មូល​ផ្តុំ​នៅ​ទ្វីប​អាស៊ី​រួច​ទៅ​ហើយ​។​

អ្នក​ស្រី ​Laura Page ​អ្នក​វិភាគ​ជាន់​ខ្ពស់​នៃ​អំពី​ឧស្ម័ន​ធម្មជាតិ​នៅ​ Kpler ​ដែល​ជា​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​ និយាយ​ប្រាប់​កាសែត​ Nikkei Asia ​ថា​ ​កាតា​មាន​ចំនួន​ប្រហែល​១/៥​នៃ​ការ​ផ្គត់​ផ្គង់​ LNG ​សកល​ ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ផលិត​​សម្រាប់​តែ​ការ​ផ្គត់​ផ្គង់​ពេញ​ចំណុះ​បាត់​ទៅ​ហើយ​។​

អ្នកស្រី​និយាយ​ថា​ ​ប្រហែល​ ៩០–៩៥ ​ភាគ​រយ​ នៃ​ការ​ផ្គត់​ផ្គង់​ពី​រោងចក្រ​កែច្នៃ​ និង​នាំ​ចេញ​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​ប្រទេស​កាតា​នៅ​ក្រុង​ Ras Laffan ​ក៏ត្រូ​វ​​ជាប់​កិច្ច​សន្យា​រយៈពេល​វែង​ជាមួយ​អ្នក​ទិញ​នៅ​អាស៊ី​ផង​ដែរ​។​ អ្នក​ស្រី​បន្ថែម​ថា​៖ ​«​​អាស៊ី​ស្ថិត​នៅ​ក្នុង​រដូវ​កាល​នៃត​ម្រូវ​ការ​ខ្ពស់​បំផុត​របស់​ខ្លួន​នៅពេ​ល​នេះ​ ដូច្នេះ​ជិត​ដល់​ពេល​ហើយ​ ខ្ញុំ​មិន​ឃើញ​ការ​ផ្គត់​ផ្គង់​កាតាជា​ច្រើន​អាច​ប្តូរ​ទៅ​កាន់​អឺរ៉ុប​ទេ​»​។​

លោក​ Siamak Adibi ​ប្រធាន​ក្រុម​ឧស្ម័ន​នៅ​មជ្ឈិម​បូព៌ា​នៅ​ក្រុម​ហ៊ុន​ប្រឹក្សា​ FGE ​​និយាយ​​​ថា​៖​ «​កាតា​ពិត​ជា​មិន​អាច​ដោះស្រាយ​វិបត្តិ​ថាមពល​របស់​អឺរ៉ុប​បាន​ទេ​។​ យ៉ាង​​ណា​​​ក៏​​ដោយ​ ខ្ញុំ​​មើល​​ឃើញ​​ថា​​បរិមាណ​​ផ្គត់​ផ្គង់​​មាន​​កំណត់​​សម្រាប់​​ការ​​បង្វែរ​​ពី​​អាស៊ី​​ទៅ​​អឺរ៉ុប​»​។​

វិមាន​ក្រឹមឡាំង​​បដិសេធ​ថា​ ខ្លួន​មិន​មាន​ចេតនា​ឈ្លាន​ពាន​អ៊ុយក្រែន​ទេ​ ហើយ​ក៏​​ច្រាន​ចោល​ពី​ការ​ព្រួយ​បារម្ភ​ដែល​ថា​ រុស្ស៊ី​អាច​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​របស់​អឺរ៉ុប​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ជម្លោះ ​ដោយ​ហៅ​វា​ថា​ ជា​ភាព​ច្របូក​ច្របល់​ក្លែង​ក្លាយ​។​ប៉ុន្តែ​មន្ត្រី​លោក​ខាង​លិច​កំពុង​ស្វែង​រក​ជា​បន្ទាន់​នូវ​ប្រភព​នៃ​ការ​ផ្គត់​ផ្គង់​សក្តានុពល​សម្រាប់​អឺរ៉ុប​ ដែល​នាំ​ចូល​ឧស្ម័ន​ច្រើន​ជាង​១/៣​តាម​រយៈ​បំពង់ប​ង្ហូរ​ពី​ប្រទេស​រុស្ស៊ី​​​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner