ការស្ទង់មតិថ្មីបង្ហាញថា អ្នកគាំទ្រទាំងពីរបក្សបែកខ្ញែកគ្នាជុំវិញវត្តមានលោក បៃដិន និងត្រាំក្នុងការបោះឆ្នោតឆ្នាំ ២០២៤

អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ​និង​​​​សាធារណៈ​រដ្ឋ​​បែក​ខ្ញែក​គ្នា​ ជុំ​វិញ​វត្តមាន​របស់​លោក​ប្រធានាធិបតី​​ ចូ បៃដិន​ ​ឬ​លោក​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​​ឈរ​ឈ្មោះ​ជា​បេក្ខភាព​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៤​​ ខណៈ​ដែល​មាន​បេក្ខជន​តិច​តួច​ក្នុង​ចិត្ត​ដែល​អាច​ជំនួស​អ្នក​ទាំង​ពីរ​។​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​ CNN ​ដែល​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​ ១០ ​ខែ​មករា​ ដល់​ថ្ងៃ​ទី​ ០៦ ​ខែ​កុម្ភៈ​ និង​មាន​អ្នក​ចូល​រួម​ឆ្លើយ​ចំនួន​ ១ ៥២៧ ​នាក់​ ​រក​ឃើញ​ថា​ ៥១ ​ភាគ​រយ​នៃ​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ ​ចង់​បាន​អ្នក​ផ្សេង​​ក្រៅ​ពី​លោក​ Biden ​ក្នុង​ឆ្នាំ ​២០២៤ ​ខណៈ​ដែល​ ៤៥​ ​ភាគ​រយ​សង្ឃឹម​ថា​ ​លោក​នឹង​តែង​តាំង​ឱ្យ​ឈរ​ឈ្មោះ​ជា​ថ្មី​។​​

ការ​ស្ទង់​មតិ​ក៏​រក​ឃើញ​ផង​ដែរ​ថា​ ៥០ ​ភាគ​រយ​នៃ​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​​ចង់​ឱ្យ​លោក​ជា​អ្នក​ឈរ​ឈ្មោះ ​​ខណៈ​ដែល​ ៤៩ ​ភាគ​រយ​ចង់​ឱ្យ​បេក្ខជន​ផ្សេង​ទៀត​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​។​

តាម​ការ​ស្ទង់​មតិ​ដដែល​ ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​ដែល​ចូល​ចិត្ត​អ្នក​ផ្សេង​​ក្រៅ​ពី​លោក​ Biden ​មាន​ ៣១ ​​ភាគរយ​​និយាយ​ថា​ ពួក​គេ​មិន​ចង់​ឱ្យ​លោក​ជាប់​ឆ្នោត​ឡើង​វិញ​​ ខណៈ​ ៣៥ ​ភាគរយ​​និយាយ​ថា​ ពួក​គេ​មិន​ជឿ​ថា​លោក​ Biden ​អាច​យក​ឈ្នះ​បេក្ខជន​នៃ​គណបក្ស​សាធារណ​រដ្ឋ​​ ស្រប​ពេល​ដែល​ ៣៤ ​ភាគ​រយ​ផ្សេង​ទៀត​​លើក​ឡើង​ពី​ហេតុផល​ផ្សេង​គ្នា​ដោយ​ថា​​លោក​ Biden ​​មាន​អាយុ​ចាស់​ពេក​ ​​និង​ការ​ចង់​បាន​បេក្ខជន​ផ្សេង​ ឬ​ប្រសើរ​ជាង​មុន​ជាដើម​។​ 

ចំពោះ​គណបក្ស​សាធារណ​រដ្ឋ​ដែល​ប្រឆាំង​នឹង​លោក​ Trump ​​មាន​ ៣៩ ​ភាគ​រយ​​និយាយ​ថា​ ពួក​គេ​គ្រាន់​តែ​មិន​ចង់​ឱ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​ ខណៈ ​២២ ​ភាគ​រយ​គិត​ថា​ លោក​មិន​អាច​យក​ឈ្នះ​​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ ​៣៨​ ភាគ​រយ​ទៀត​ លើក​ហេតុ​ផល​ផ្សេង​ៗ​ដោយ​ថា​លោក​ចាស់​ និង​មាន​ទំនោរ​នយោបាយ​ខុស​ពី​គេ​ និង​អ្នក​ផ្សេង​ល្អ​ជាង​ជា​ដើម​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner