រុស្សី និងអ៊ុយក្រែន៖ ហេតុអ្វីបានជាទំនាក់ទំនងប្រែជាជូរចត់បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត?

នៅ​ម្ខាង​នៃ​ព្រំដែន​រុស្សី-អ៊ុយក្រែន​ ទាហាន​រុស្សី​ច្រើន​ជាង​ ១០០.០០០ នាក់​បាន​ប្រមូល​ផ្ដុំ​ ហើយ​នៅ​ម្ខាង​ទៀត​ជន​ស៊ីវិល​ស្ម័គ្រចិត្ត និង​ក្រុម​ទាហាន​បម្រុង​អ៊ុយក្រែន​គឺ​កំពុង​ហ្វឹកហាត់​ជា​មួយ​កង​ទ័ព​អ៊ុយក្រែន​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​។

កន្លែង​នេះ​បាន​ក្លាយ​ជា​ព្រំដែន​ដ៏​តានតឹង​បំផុត​នៅ​ក្នុង​ពិភពលោក​ ប៉ុន្តែ​កាល​ពី​៣០​ឆ្នាំ​មុន​កន្លែង​នេះ​មិន​មែន​ជា​តំបន់​ព្រំដែន​ទេ​។ ប្រទេស​រុស្សី និង​ប្រទេស​អ៊ុយក្រែន គឺ​ជា​ផ្នែក​មួយ​សហភាព​សូវៀត​ ដែល​ការ​រំលាយ​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​ ១៩៩១​បាន​កំណត់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

ក្រុង​កៀវ​បាន​ប្រកាស​ឯករាជ្យ​ពី​សហភាព​សូវៀត​នៅ​ខែ​សីហា ឆ្នាំ​១៩៩១​។ នៅ​ខែ​ធ្នូ​ឆ្នាំ​នោះ​ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​រៀប​ចំ​ការ​ស្ទង់​ប្រជាមតិ​លើ​បញ្ហា​នេះ​ ហើយ​លទ្ធផល​បង្ហាញ​ថា​ប្រជាជន​អ៊ុយក្រែន​ជាង​ ៩០ ភាគរយ​បាន​គាំទ្រ​ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​សហភាព​សូវៀត​។

អ៊ុយក្រែន​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​ពីរ​ក្នុង​សហភាព​សូវៀត និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​បំផុត​សម្រាប់​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​យោធា​ ហើយ​ការ​ដក​ខ្លួន​របស់​ប្រទេស​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ចំណុច​របត់​ចុង​ក្រោយ​ ដែល​បង្ក​ឱ្យ​ដួល​រលំ​នៃ​សហភាព​សូវៀត​។ បន្ទាប់​ការ​ប្រកាស​ឯករាជ្យ​របស់​អ៊ុយក្រែន​ សមាជិក​ដទៃ​ទៀត​បាន​ធ្វើ​តាម​គំរូ​នេះ​។

នៅ​ថ្ងៃ​ទី ១ ធ្នូ​ រុស្សី​គឺ​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាព​សូវៀត ប៉ុន្តែ​ប្រធានាធិបតី​រុស្សី​លោក​បូរីស យ៉ែលស៊ីន​ បាន​មាន​ជំនឿ​ថា​អនាគត​របស់​រុស្សី​គឺ​ការ​ប្រកាស​ឯករាជ្យ​ពី​សហភាព​ដែល​ដឹក​នាំ​ដោយ​គូប្រជែង​របស់​លោក​ គឺ​លោក​មីខែល ហ្គរបាឆូវ​។ បន្ទាប់​ពី​ចេញ​លទ្ធផល​ប្រជាមតិ​អ៊ុយក្រែន​ លោក​យ៉ែលស៊ីន​បាន​ប្រកាស​ថា​រុស្សី​ទទួល​អ៊ុយក្រែន​ ជា​រដ្ឋ​ឯករាជ្យ​មួយ​។

អ្វី​ដែល​សំខាន់​នោះ​គឺ​លោក​យែលស៊ីន​បាន​ប្រកាស​ទទួល​ស្គាល់​ព្រំដែន​របស់​អ៊ុយក្រែន រួម​ទាំង​ឧបទ្វីប​គ្រីមៀរ​ ដែល​ត្រូវ​បាន​កាត់​ពី​រុស្សី​ឱ្យ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ ១៩៥៤ ដោយ​មេដឹកនាំ​សូវៀត​លោក​នីគីតា គ្រូឆេវ ដើម្បី​ធានា​ភាព​ស្មោះត្រង់​របស់​ក្រុង​កៀវ​។

លោក​យ៉ែលស៊ីន​គិត​ថា​ការ​ប្រកាស​ទទួល​ស្គាល់​បែប​នេះ​ នឹង​ជួយ​ពន្លឿន​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ និង​ការ​លាលែង​របស់​លោក​ហ្គរបាឆូវ​។ រឿង​ទាំង​ពីរ​នេះ​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។

លោក​យ៉ែលស៊ីន​បាន​សង្ឃឹម​ថា​បញ្ហា​ឧបទ្វីប​គ្រីមៀរ​ ដែល​ជា​ចំណុច​ដ៏​តានតឹង​មួយ​រវាង​ប្រជាជន​រុស្សី​ និង​អ៊ុយក្រែន​ នឹង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ ប៉ុន្តែ​ជម្លោះ​បាន​ផ្ទុះ​ឡើង​ភ្លាមៗ​ជុំវិញ​កម្មសិទ្ធិ​នៃ​ក្រុម​នាវា​ចម្បាំង​របស់​កងទ័ព​ជើង​ទឹក​សូវៀត​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នោះ​។

ចំណុច​ដ៏​តានតឹង​មួយ​ទៀត​ក្រោយ​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​គឺ​បញ្ហា​កម្មសិទ្ធិ​អាវុធ​នុយក្លេអ៊ែរ​។ អាវុធ​នុយក្លេអ៊ែរ​របស់​សហភាព​សូវៀត​គឺ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ដែនដី​ពួកគេ​ប៉ុន្តែ​ភាគ​ច្រើន​គឺ​ដាក់​ពង្រាយ​នៅ​អ៊ុយក្រែន​ ធ្វើ​ឱ្យ​អ៊ុយក្រែន​ក្លាយ​ខ្លួន​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ធំ​ជាង​គេ​ទី​បី​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ការ​ទូត​ បាន​ឈាន​ដល់​អនុស្សរណៈ​ក្រុង​ប៊ូដាប៉េស​ឆ្នាំ​ ១៩៩៤ ដែល​ក្នុង​នោះ​ប្រទេស​អ៊ុយក្រែន​បាន​យល់ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ធ្វើ​ការ​បញ្ជូន​ទៅ​ប្រទេស​រុស្សី​ដើម្បី​ធ្វើ​ការ​កម្ទេច​។ ជា​ថ្នូរ​មក​វិញ សហរដ្ឋអាមេរិក អង់គ្លេស និង​រុស្សី​បាន​សន្យា​ថា​នឹង «គោរព​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព និង​ព្រំដែន​ដែល​មាន​ស្រាប់​របស់​អ៊ុយក្រែន» និង «ចៀស​វាង​ការ​គំរាមកំហែង ឬ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​ភាព​នយោបាយ​របស់​ពួកគេ​»។ ទីក្រុង​មូស្គូ​បាន​រំលោភ​លើ​ការ​សន្យា​នេះ នៅ​ពេល​ដែល​ខ្លួន​បាន​កាត់​យក​ឧបទ្វីប​គ្រីមៀ​។

នៅ​ឆ្នាំ​ ២០០៤ ទំនាក់ទំនង​បាន​ធ្លាក់​ដល់​ចំណុច​ទាប​មួយ​កម្រិត​ទៀត​។ ប្រជាជន​អ៊ុយក្រែន​រាប់​សែន​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​អ្វី​ដែល​ពួកគេ​គិត​ជា​ការ​ក្លែង​បន្លំ​លទ្ធផល​បោះឆ្នោត​ដើម្បី​ផ្ដល់​ជ័យជម្នះ​ឱ្យ​បេក្ខជន​គាំទ្រ​ដោយ​រុស្សី​។

កាល​នោះ​ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត​នៅ​មណ្ឌល​នានា​បាន​បង្ហាញ​ថា​បេក្ខជន​លំអៀង​ទៅ​លោក​ខាង​លិច​គឺ​លោក​វិកទ័រ យូសឆេនកូ​បាន​ទទួល​ជ័យជម្នះ​ ប៉ុន្តែ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ជ័យជម្នះ​ឱ្យ​លោក​វិកទ័រ យ៉ានូកូវិច​ដែល​ជា​អតីត​អភិបាល​តំបន់​ដូណេតស្ក៍ និង​ជា​បេក្ខជន​គាំទ្រ​ដោយ​ក្រុង​មូស្គូ​។

បាតុករ​ ដែល​ប្រើប្រាស់​ពណ៌​ទឹកក្រូច​របស់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​យូសឆេនកូ​ បាន​ធ្វើ​បាតុកម្ម​រហូត​ដល់​រដូវ​រងា​។ ក្រោម​សម្ពាធ​នៃ​ការ​បាតុកម្ម​នេះ​ ប្រទេស​អ៊ុយក្រែន​បាន​រៀប​ចំ​ការ​បោះឆ្នោត​ម្ដង​ទៀត​ ដោយ​លោក​យូសឆេនកូ​បាន​ទទួល​ជ័យ​ជម្នះ​។

ក្រុង​មូស្គូ​បាន​និយាយ​ថា​ «បដិវត្ត​ពណ៌​ទឹកក្រូច​»​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​របស់​ភ្នាក់ងារ​ចារកម្ម​បរទេស​ ហើយ​គឺ​ជា​ហាត់​សម​សម្រាប់​ការ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ​រុស្សី​។

ក្រោម​ការ​ដឹក​នាំ​នៃ​មេដឹកនាំ​ថ្មី​នេះ​ ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ការ​បង្វែរ​ទៅ​រក​លោក​ខាង​លិច​ ហើយ​នៅ​ឆ្នាំ​ ២០០៨ បាន​ព្យាយាម​ចាប់​ផ្ដើម​ដំណើរ​ការ​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​លោក​ខាង​លិច​ណាតូ (NATO)​។

នៅ​ត្រឹម​ពេល​នោះ​ប្រទេស​អតីត​សមាជិក ឬ​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​អង្គការ​ណាតូ​បន្ទាប់​ពី​ការ​ដួល​រលំ​ រួមមាន​ប្រទេស​ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី រូម៉ានី និង​ប៊ុលហ្គារី​ ហើយ​ប្រទេស​ហ្សកហ្ស៊ី​គឺ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​ដូច​អ៊ុយក្រែន​ផង​ដែរ​។ ក្រុង​មូស្គូ​បាន​មើល​ឃើញ​ការ​ពង្រីក​សមាជិកភាព​នេះ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឡោមព័ទ្ធ​ប្រទេស​រុស្សី​ ហើយ​បាន​គំរាម​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​។

ជា​លទ្ធផល​សមាជិក​ណាតូ​មួយ​ចំនួន​បាន​ព្យាយាម​ផ្អាក​ការ​ទទួល​សមាជិកភាព​ប្រទេស​អ៊ុយក្រែន​ និង​ហ្សកហ្ស៊ី​មួយ​រយៈ​សិន​ ប៉ុន្តែ​បាន​ធ្វើ​ការ​សន្យា​ថា​នៅ​ពេល​អនាគត​ប្រទេស​ទាំង​ពីរ​នឹង​ចូល​ជា​សមាជិក​បាន​។

នៅ​ខែ​សីហា​ឆ្នាំ​នោះ​រុស្សី​បាន​ធ្វើ​ការ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ ហើយ​ជួយ​ដំណើរ​ការ​ផ្ដាច់​ខ្លួន​តំបន់​ចំនួន​ពីរ​ ដែល​នេះ​បាន​បង្កើត​ជម្លោះ​មួយ​ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ហ្សកហ្ស៊ី​មិន​ក្លាយ​ជា​សមាជិក​ណាតូ​បាន​។

នៅ​ឆ្នាំ​ ២០១០​ លោក​យ៉ានូកូវិច ដែល​ចាញ់​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០០៤ បាន​ក្លាយ​ជា​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​បញ្ឈប់​ដំណើរ​ការ​សមាជិកភាព​អង្គការ​ណាតូ​។

ឈាន​មក​ដល់​ឆ្នាំ​ ២០១៣ អ៊ុយក្រែន​មាន​ឱកាស​ចូល​រួម​សហជីព​គយ​ជា​មួយ​សហភាព​អឺរ៉ុប​ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​ប្រជាជន​អ៊ុយក្រែន​នៅ​ខាង​លិច​ប្រទេស​។ ប៉ុន្តែ​ប្រជាជន​នៅ​ខាង​កើត​ប្រទេស​ពេញចិត្ត​សហជីព​គយ​ជា​មួយ​រុស្សី​វិញ​។ កាល​នោះ​រុស្សី​គឺ​កំពុង​ផ្សព្វផ្សាយ​សហជីព​របស់​ពួកគេ​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​អ៊ុយក្រែន​នឹង​ចូល​រួម​ជា​មួយ​សហភាព​អឺរ៉ុប​។

នៅ​នាទី​ចុង​ក្រោយ​លោក​យ៉ានូកូវិច​បាន​ដក​ខ្លួន​ពី​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ហើយ​មក​ចូល​រួម​ជា​មួយ​រុស្សី​វិញ​។ ការ​វិល​បក​ក្រោយ​បែប​នេះ​បាន​បង្ក​ឱ្យ​មាន​កំហឹង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែនប៉ែក​​ខាង​លិច​ ដែល​ឈាន​ដល់​បាតុកម្ម​ទម្លាក់​លោក​យ៉ានូកូវិច​ចេញ​ពី​តំណែង​កាលពី​​ឆ្នាំ​ ២០១៤នេះ​។

តិច​ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​ទម្លាក់​លោក​យ៉ានូកូវិច​ ទាហាន​ពាក់​ឯកសណ្ឋាន​ពណ៌​បៃតង​ ដែល​គ្មាន​ផ្លាក​សញ្ញា​បញ្ជាក់​អត្តសញ្ញាណ​ ឬ​សញ្ជាត​ បាន​ចូល​កាន់​កាប់​វិមាន​សភា​របស់​ឧបទ្វីប​គ្រីមៀរ​ ហើយ​បិទ​ផ្លូវ​ចេញ​ចូល​ពី​អ៊ុយក្រែន​។ ពួកគេ​បាន​រៀប​ចំ​ការ​ស្ទង់​ប្រជាមតិ​ប្រជាពលរដ្ឋ​គ្រីមៀរ​ ហើយ​លទ្ធផល​បាន​សម្រេច​ថា​ពួកគេ​នឹង​ចូល​រួម​ជា​មួយ​ប្រទេស​រុស្សី​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រុម​ផ្ដាច់​ខ្លួន​និយម​នៅ​ភាគ​ខាង​កើត​បាន​ចាប់​ផ្ដើម​រើ​បម្រាស់​ប្រឆាំង​ក្រុង​កៀវ​ ដើម្បី​ផ្ដាច់​ខ្លួន​ចូល​រួម​ជា​មួយ​នឹង​រុស្សី​។ សង្គ្រាម​ផ្ដាច់​ខ្លួន​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​ជាង​ ១៤០០០ នាក់​បាន​ស្លាប់ផង​ដែរ​​។

ការ​ប្រយុទ្ធ​គ្នា​បាន​ថយ​ចុះ​ បន្ទាប់​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ ២ នៅ​ឆ្នាំ​ ២០១៤ និង​ ២០១៥ ក្រោម​ការ​សម្រប​សម្រួល​របស់​អាល្លឺម៉ង់​ និង​បារាំង​។

កាល​ពី​ឆ្នាំ​ ២០១៩​ លោក​វ៉ុលឌីមៀរ ហ្សេលេនស្គី​បាន​ទទួល​ជ័យ​ជម្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ការ​ដោះដូរ​ឈ្លើយសឹក​បាន​កើត​ឡើង​ជា​ច្រើន​ដង​ ប៉ុន្តែ​ក្រៅ​ពី​នេះ​ទំនាក់​ទំនង​គឺ​កាន់​តែ​ជូរចត់​បន្ថែម​ទៀត​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner