លីទុយអានីកំពុងរងទុក្ខបុកម្នេញពីចិនកាន់តែខ្លាំង ខណៈយុទ្ធសាស្ត្រពីសហភាពអឺរ៉ុបនៅស្រពេចស្រពិល

លីទុយអានី​កាន់​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​កាន់​តែ​ខ្លាំង ក្រោយ​ពេល​ដែល​ប្រទេស​ទ្វីប​អឺរ៉ុប​មួយ​នេះ​អនុញ្ញាត​ឱ្យ​ដែនដី​កោះ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​សេដ្ឋកិច្ច​ និង​វប្បធម៌​របស់​ខ្លួន​ក្រោម​ឈ្មោះ​ថា «តៃវ៉ាន់» កាល​ឆ្នាំ​២០២១​កន្លង​ទៅ។

ពាក់ព័ន្ធ​នឹង​រឿង​តំណាង​តៃវ៉ាន់​នេះ​ដែរ ​ប្រទេស​អឺរ៉ុប​នានា​ អនុញ្ញាត​ឱ្យ​បើក​ការិយាល័យ​តំណាង​ដែរ តែ​ប្រើប្រាស់​ឈ្មោះ «តៃប៉ិ»។

ចិន​បាន​ចាត់​ទុក​ថា ទង្វើ​របស់​លីទុយអានី​ដូច្នេះ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន ជាពិសេស​គឺ​ប៉ះពាល់​ដល់​ «គោលនយោបាយ​ចិន​តែ​មួយ» ដោយ​ចាត់​ទុក​ថា តៃវ៉ាន់​ជា​ខេត្ត​មួយ​ប៉ុណ្ណោះ​របស់​ចិន។

រដ្ឋាភិបាល​លីទុយអានី ដែល​ទើប​តែ​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ២០២១ បាន​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ​គឺ​ធ្វើ​ឡើង​តាម​គោលនយោបាយ​បែប​គុណ​តម្លៃ​ ដែល​គាំទ្រ​ដល់​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​លើ​សកលលោក។

លីទុយអានី​មិន​ត្រឹម​តែ​ខ្វាយខ្វល់​រឿង​តៃវ៉ាន់​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​ឈឺឆ្អាល​តាំង​ពី​រឿង​នៅ​ប្រទេស​បេឡារូស ដែល​កំពុង​តែ​មាន​វិបត្តិ​នយោបាយ​ក្នុង​ស្រុក និង​រឿង​នៅ​អ៊ុយក្រែន​ទៀត​ផង​។ លុះ​ដល់​រឿង​ជាមួយ​ចិន​វិញ សភា​លីទុយអានី​ថែម​ទាំង​ចេញ​សេចក្ដីសម្រេច​មួយ​ ដែល​ចាត់​ទុក​ទង្វើ​ដែល​ចិន​ធ្វើ​ចំពោះ​ជនជាតិ​អ៊ុយហ្គ័រ ជា​ «អំពើ​ប្រល័យ​ពូជសាសន៍»។

ជា​ការ​ឆ្លើយតប​វិញ ចិន​បាន​ទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូត​ពី​ថ្នាក់​ «ឯកអគ្គរដ្ឋទូត» មក​ត្រឹម​ថ្នាក់ «ភារធារី»។ បន្ត​បន្ទាប់​មក​ទៀត ចិន​សឹង​តែ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​លីទុយអានី​ទាំង​ស្រុង​ទៅ​ហើយ ដោយ​សូម្បី​តែ​ផលិតផល​នៅ​ប្រទេស​លីទុយអានី ដែល​នាំ​ចូល​តាម​ក្រុមហ៊ុន​ប្រទេស​នានា​ដូច​ជា ប្រទេស​អាល្លឺម៉ង់​ជា​ដើម ក៏​ចិន​មិន​ឱ្យ​នាំ​ចូល​ដែរ។

ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ធ្វើ​ឱ្យ​ភាគី​មួយ​ចំនួន​យល់​ថា ចិន​អាច​នឹង​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ដូច្នេះ​ទៅ​នឹង​ប្រទេស​ណា ដែល​មិន​យល់​ស្រប​នឹង​គោលនយោបាយ​របស់​ចិន។

អ្នកស្រី Aušrinė Armonaitė រដ្ឋមន្ត្រី​សេដ្ឋកិច្ច​លីទុយអានី​បាន​លើកឡើង​ថា៖ «ថ្ងៃ​នេះ​លីទុយអានី។ ថ្ងៃ​ស្អែក​ប្រហែល​ជា​ប្រទេស​ផ្សេង​ម្ដង»។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែលរដ្ឋាភិបាល​​ចិន​បញ្ចេញ​ការ​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច​ដូច្នេះ​មក​កាន់​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប។

កន្លង​មក​អឺរ៉ុប​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ផ្នែក​នយោបាយ​ទៅ​កាន់​ប្រទេស​លីទុយអានី ហើយ​ថែម​ទាំង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ទៀត​ផង។ កាល​ពី​ខែ​មករា​កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​ប្ដឹង​ចិន​នៅ WTO ពី​បទ «ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មាន​ការ​រើសអើង» ប្រឆាំង​នឹង​ប្រទេស​លីទុយអានី។

យ៉ាងណាមិញ មិនមែន​សមាជិក សហភាព​អ៊ឺរ៉ុប​ ទាំង​អស់​សប្បាយចិត្ត​នឹង​លីទុយអានី​ប៉ុន្មាន​នោះ​ទេ។

មន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​ថែម​ទាំង​ជម្រេញ​លីទុយអានី​ថា៖ «ពួក​គេ​មើលតែ​ខ្លួន​ឯង​ដូច​មេដឹកនាំ​លោក​សេរី​អញ្ចឹង»។ បន្ថែម​ពី​នេះ​ទៀត ស្រប​ពេល​ដែល​មាន​ស្ថានការណ៍​តានតឹង​នៅ​អ៊ុយក្រែន មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​ EU មួយ​បាន​ប្រាប់​សារព័ត៌មាន ជប៉ុន​ឌឹ​​ហ្វាយ​និន​ស្សើ​ថាមសន៍​ថា គេ​មិន​ឃើញ​ពី​ផល​ចំណេញ​ពី​ការ​ឈ្លោះ​គ្នា​ជាមួយ​ចិន លើ​បញ្ហា​ដែល​ចិន​ស្កៀបរមាស់​ខ្លាំង​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​ក្រុមហ៊ុន​អាល្លឺម៉ង់​នៅ​តំបន់​បាល់ទិក (ម្ដុំ​អឺរ៉ុប​កណ្ដាល និង​អឺរ៉ុប​ខាង​កើត) យល់​ថា សហភាព​អឺរ៉ុប​គួរ​តែ​មាន​យុទ្ធសាស្ត្រ​សមស្រប​ណា​មួយ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន តែ​ចំពោះ​រឿង​ឈ្មោះ​តៃវ៉ាន់​ដូច​ករណី​លីទុយអានី​នេះ ហាក់​ដូច​ជា​មិន​សមស្រប​ក្នុង​ការ​ប្រឈម​មុខ​នឹង​ចិន​ឡើយ​។

«យើង​មិន​គួរ​ប្រឈម​មុខ​នឹង​រឿង​តូចតាច​ដូច្នេះ​ទេ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ធំ​ជាង​នេះ​ ១០០ដង​ឯណោះ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ប្រាប់​សារព័ត៌មានជប៉ុន​ឌឹ​​ហ្វាយ​និន​ស្សើ​ថាមសន៍​។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​លីទុយអានី​មួយ​ចំនួន​កំពុង​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ចេញ​ទៅ​ប្រទេស​ផ្សេង​ហើយ ដោយ​មិន​រង់​ចាំ​ដំណោះស្រាយ​នៅ WTO នោះ​ទេ។

ស្រប​ពេល​ដែល​ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី២ នៅ​ក្នុង​ពិភពលោក គេ​រំពឹង​ថា​ក្រុមហ៊ុន​វិនិយោគ​នានា​អាច​នឹង​បញ្ចៀស​ការ​វិនិយោគ​នៅ​ប្រទេស​លីទុយអានី ដើម្បី​កុំ​ឱ្យ​មាន​ជម្លោះ​​រក​ស៊ី​ជាមួយ​ទីផ្សារ​ក្នុង​ស្រុក​ចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner