លោកសូលគ្រោងព្រមានលោកពូទីនអំពីការប្ដេជ្ញាចិត្តរបស់លោកខាងលិចលើវិបត្តិអ៊ុយក្រែន
អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូលនឹងព្យាយាមរារាំងប្រទេសរុស្សីកុំឱ្យធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនក្នុងដំណើរទស្សនកិច្ចទៅក្រុងកៀវ និងក្រុងមូស្គូ ខណៈពេលសហរដ្ឋអាមេរិកព្រមានថាការឈ្លានពានអាចកើតឡើងនៅពេលឆាប់ៗនេះ។
ដំណើរទស្សនកិច្ចរបស់លោកសូល បានកើតឡើងនៅចំពេលដែលប្រទេសលោកខាងលិចមួយចំនួនបានដកមន្ត្រីការទូត និងយោធាចេញពីប្រទេសអ៊ុយក្រែន ហើយជំរុញឱ្យពលរដ្ឋពួកគេឱ្យចាកចេញឱ្យបានឆាប់បំផុត។ ប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួនក៏បានចាប់ផ្ដើមត្រៀមខ្លួនទទួលជនភៀសខ្លួន ក្នុងករណីមានការផ្ទុះជម្លោះប្រដាប់អាវុធ។
លោកសូល នឹងធ្វើដំណើរទៅដល់ក្រុងកៀវនៅថ្ងៃចន្ទ មុននឹងបន្តដំណើរទៅក្រុងមូស្គូនៅថ្ងៃអង្គារ។
នៅក្រុងមូស្គូលោកសូល និងជួបជាមួយប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀរ ពូទីន ដោយក្នុងនោះមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់និយាយថាលោកត្រូវបានគេរំពឹងថានឹងធ្វើការជំរុញឱ្យកាត់បន្ថយភាពតានតឹងនៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន ហើយនឹងធ្វើការព្រមានដូចមេដឹកនាំលោកខាងលិចដទៃទៀត អំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។
ទីប្រឹក្សារបស់លោកសូល បាននិយាយថាលោកនៅមិនទាន់បោះបង់ចោលដំណោះស្រាយការទូតទេ ប៉ុន្តែពួកគេបានព្យាយាមបន្ថយការរំពឹងទុកនៃរបកគំហើញថ្មីក្នុងការពិភាក្សា៕