វៀតណាមនឹងដកបម្រាមកូវីដ-១៩ សម្រាប់អ្នកដំណើរពីក្រៅប្រទេស

វៀតណាម​នឹង​លុប​ចេញ​នូវ​បម្រាម​កូវីដ-១៩ សម្រាប់​ជើងហោះហើរ​អន្តរជាតិ ដោយ​មិន​កំណត់​ជើងហោះហើរ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​នេះ​ត​ទៅ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​វៀតណាម​តួយត្រេ​ (Tuoi Tre) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ប្រទេស​អាស៊ីអាគ្នេយ៍​ដី​គោក​មួយ​នេះ​បាន​ដាក់​នូវ​វិធានការ​ដ៏​តឹងតែង​មួយ​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ វៀតណាម​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប ២,៥លាន​ករណី ហើយ​មាន​អ្នក​ស្លាប់​សរុប​ក្បែរ ៤ម៉ឺន​នាក់។

នៅ​ពេល​នេះ​ដែរ ប្រមាណ ៩៨% នៃ​ប្រជាជន ៩៨លាន​នាក់​នៅ​វៀតណាម​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច ២ដូស។

កាសែត​តួយ​ចេ​បាន​ស្រង់​យក​សម្ដី​លោក ឌិញ វៀត សឺន (Dinh Viet Son) នាយក​រង​នៃ​រដ្ឋបាល​អាកាសចរណ៍ស៊ីវិល​វៀតណាម​ថា ចាប់​ពី​ថ្ងៃ​ទី១៥ ទៅ​វៀតណាម​នឹង​ដក​បម្រាម​កូវីដ-១៩ លើ​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​ទាំង​អស់​ ហើយ​រំពឹង​ថា ជើងហោះហើរ​មក​វៀតណាម​នឹង​មក​នូវ​កម្រិត​មុន​ពេល​មាន​ជំងឺ​រាតត្បាត​សកល។

លោក សឺន ក៏​បាន​លើកឡើង​ថា ខាង​វៀតណាម​បាន​ជម្រាប​ប្រទេស​ជា​ដៃគូ​រួចរាល់​អស់​ហើយ​អំពី​គោលនយោបាយ​ថ្មី​នេះ។ លោក​បាន​បន្ថែម​ថា ចំណោម​ដៃ​គូ​ទាំង​អស់​ មាន​តែ​ខាង​ចិន​ទេ ដែល​មិន​ទាន់​ព្រមព្រៀង​លើ​ការ​ស្ដារ​ជើងហោះហើរ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម។

វៀតណាម​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​ធ្វើ​ដំណើរ​ចូល​មក​ស្រុក​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០២២​នេះ ដោយ​អ្នក​ដំណើរ​បរទេស​ណា​ ដែល​ចាក់​វ៉ាក់សាំង​រួច​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន ៣ថ្ងៃតែ​ប៉ុណ្ណោះ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner